អ្នកកាសែតទាំង ៤០នាក់នោះ បានរួមគ្នាចេញសេចក្ដីថ្លែងការណ៍រួមមួយចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ ក្រោយពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានផ្ដោតលើសេរីភាពនៃការបញ្ចេញមតិ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅនេះ នៅក្នុងខេត្តសៀមរាប។
ប្រធានផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ លោក ណុប វី ដែលបានដឹកនាំការបណ្ដុះបណ្ដាលនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែមីនាថា ការរឹតត្បិតលើសេរីភាពនៃសារព័ត៌មាន និងការបញ្ចេញមតិ គឺប៉ះពាល់ដល់ដំណើរការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងដំណើរការចេញផ្សាយផ្ដល់ព័ត៌មានដល់មហាជន។
លោក ណុប វី មានប្រសាសន៍បន្ត ៖ «សេរីភាពនៃការបញ្ចេញមតិហ្នឹង គឺជាសសរមួយយ៉ាងរឹងមាំ ដើម្បីធ្វើឲ្យមានការរីកចម្រើនផ្នែកលទ្ធិប្រជាធិបតេយ្យ ហើយសេរីភាពនៃការបញ្ចេញមតិហ្នឹង អាចរីកចម្រើនទៅបានដែរ លុះត្រាតែសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការបោះពុម្ពផ្សាយ អ្នកសារព័ត៌មានហ្នឹងគាត់មានភាពទូលំទូលាយ ហើយមិនមានការគំរាមកំហែង និងការចាប់ដាក់ក្នុងពន្ធនាគារជាដើម»។
អ្នកកាសែតដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនោះ គឺមកពីវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាសែតរស្មីកម្ពុជា កាសែតកោះសន្តិភាព វិទ្យុជាតិ និងកាសែតដើមអំពិល ព្រមទាំងកាសែតមួយចំនួនទៀត សរុប ៤០នាក់។
លោក ណុប វី បានបញ្ជាក់ថា ការរឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាន គឺចាប់តាំងពីឆ្នាំ២០០៨មក និងមានរឹតត្បិតខ្លាំងក្រោយពីមានក្រមព្រហ្មទណ្ឌថ្មី ដែលបានចូលជាធរមានតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១០។
ផ្ទុយពីការព្រួយបារម្ភខាងលើនេះ ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បានមានប្រសាសន៍ប្រតិកម្មថា កន្លងមកអ្នកសារព័ត៌មានប្រើប្រាស់សេរីភាពសារព័ត៌មានយ៉ាងអនាធិបតេយ្យ ៖ «អ៊ីចឹងហើយគប្បីអ្នកសារព័ត៌មានទាំងអស់គោរពវិជ្ជាជីវៈរបស់ខ្លួនជាជាងនាំគ្នាភ័យខ្លាចច្បាប់ ហើយមិនអនុវត្តច្បាប់»។
គេបានកត់សម្គាល់ថា តាំងពីឆ្នាំ២០០៨មក អ្នកកាសែតដែលរងការប្ដឹងក្រោមបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ មានដូចជា ចាងហ្វាងកាសែត "ខ្មែរម្ចាស់ស្រុក" លោក ហង្ស ចក្រា ចាងហ្វាងកាសែត "មនសិការខ្មែរ" លោក ដាំ សិទ្ធិ អ្នកកាសែតឈ្មោះ រស់ សុឃិត អ្នកកាសែត ឌឹ ឃេមបូឌា ដេលី និងអ្នកកាសែតមួយចំនួនទៀត។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានមកស្វែងយល់ស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា រយៈពេល ១០ថ្ងៃកន្លងទៅនេះ បានសម្ដែងការព្រួយបារម្ភនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះថា សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា កំពុងតែរួមតូចចង្អៀត រាប់ទាំងអ្នកនយោបាយដែលមាននិន្នាការខុសៗគ្នា។ លោកបានបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិ គឺជាដួងព្រលឹងនៃលទ្ធិប្រជាធិបតេយ្យ។
សេចក្ដីថ្លែងការណ៍រួមរបស់អ្នកកាសែតទាំង ២៤អង្គភាពនោះ បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ននេះ មានអ្នកកាសែតកម្ពុជា មួយចំនួនត្រូវបានសម្លាប់ និងមួយចំនួនទៀតជាប់ពន្ធនាគារ និងទទួលការគំរាមកំហែងផ្សេងៗ៕