ជប៉ុន​គ្រោង​ផ្ដល់​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ​សម្រាប់​បោស​សម្អាត​មីន​នៅ​កម្ពុជា

មន្ត្រី​ការ​បរទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា រាជ​រដ្ឋា​ភិបាល​ជប៉ុន​មាន​គម្រោង​នឹង​ផ្តល់​ប្រាក់​ចំនួន​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​សម្រាប់​យក​ទៅ​ប្រើប្រាស់​លើ​សកម្មភាព​មនុស្ស​ធម៌​បោស​សម្អាត​មីន​នៅ​ក្នុង​ប្រទេស​នេះ។

0:00 / 0:00

លោក កាស៊ូអុ កូដាម៉ា (Kazuo Kodama) ជា​លេខាធិការ​ព័ត៌មាន​របស់​មន្ត្រី​ការ​បរទេស​ជប៉ុន បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ចុង​ក្រោយ​នៃ​ការ​បញ្ចប់​កិច្ចប្រជុំ​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​-​ជប៉ុន កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣ ខែ​តុលា ថា តាម​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក កាត់ស៊ូយ៉ា អូកាដា (Katsuya Okada) បាន​ថ្លែង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​និង​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ គឺ​ជប៉ុន​មាន​គម្រោង​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​ប្រទេស​ខ្មែរ​សម្រាប់​ជួយ​ដល់​សកម្មភាព​បោស​សម្អាត​មីន។

លោក កាស៊ូអុ កូដាម៉ា បាន​មាន​ប្រសាសន៍​ថា ៖ "ប្រទេស​ជប៉ុន​មាន​គម្រោង​ផ្ដល់​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​សម្រាប់​សកម្មភាព​បោស​សម្អាត​មីន​នៅ​កម្ពុជា ប៉ុន្តែ​ពេល​វេលា​នៃ​ការ​ផ្ដល់​ជំនួយ លោក​ពុំ​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ"។

មន្រ្តី​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​នេះ ជំនួយ​ប្រទេស​ជប៉ុន​ដែល​ផ្តល់​សម្រាប់​សកម្មភាព​បោស​សម្អាត​មីន គឺ​ផ្តល់​តាម​រយៈ​ទេ្វ​ភាគី​ជួយ​ទៅ​ខាង​កង​ឯកភាព​កម្ចាត់​មីន​ទី​៤​នៅ​ឯ​ខេត្ត​សៀមរាប​មួយ​កន្លែង និង​កង​ឯកភាព​កម្ចាត់​មីន​ទី​២​នៅ​ខេត្ត​បាត់ដំបង​មួយ​កន្លែង​ទៀត ដែល​ក្នុង​មួយ​ឆ្នាំៗ​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក ហើយ​ក្រៅ​ពី​ជំនួយ​ទឹក​ប្រាក់​គឺ​នៅ​មាន​ជំនួយ​សម្ភារៈ​ដូច​ជា​ឧបករណ៍​រាវ​មីន គ្រឿង​ចក្រ រថយន្ត​និង​ឧបករណ៍​គ្រប់​មុខ គិត​ជា​ប្រាក់​ក្នុង​មួយ​ដំណាក់កាលៗ​ចាប់​ពី​៥​លាន​ដុល្លារ​ឡើង​ទៅ។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក (CMAC) លោក ខឹម សោភ័ណ បាន​មាន​ប្រសាសន៍​ថា ជំនួយ​ទឹក​ប្រាក់​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ គឺ​ស្រុក​ខ្មែរ​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​សកម្ម​ភាព​បោស​សម្អាត​មីន​បាន​ប្រហែល​២០​ឆ្នាំ​ត​ទៅ​មុខ​ទៀត ហើយ​រំពឹង​ថា អត្រា​គ្រោះថ្នាក់​នៃ​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ពេល​នោះ​អាច​នឹង​ថយ​ចុះ​ទាប។

លោក ខឹម សោភ័ណ បាន​បញ្ជាក់​ថា ៖ «១​ពាន់​លាន​ជាង យើង​អាច​នឹង​ប្រើ​បាន​ប្រហែល​ជាង​២០​ឆ្នាំ​ទៅ​មុខ​ទៀត។ អាច​គ្រប់​គ្រាន់​ហើយ ពីព្រោះ​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា ចម្ការ​មីន​ក៏​នៅតែ​ចម្ការ​តូចៗ ហើយ​និង​អត្រា​គ្រោះថ្នាក់​របស់​ប្រជាពលរដ្ឋ​យើង​ក៏​បាន​ធ្លាក់​ចុះ»

មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា ស៊ីម៉ាក បាន​មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន​នេះ​ចំនួន​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅតែ​មាន​ក្នុង​ទឹក​ដី​ខេត្ត​មួយចំនួន​នៅ​ភាគ​ពាយព្យ គឺ​ខេត្ត​បាត់ដំបង​មាន​ចំនួន​អ្នក​រង​គ្រោះ​ច្រើន​ជាង​គេ បន្ទាប់​មក​នៅ​ប៉ៃលិន ខេត្ត​ឧត្តរមាន​ជ័យ​និង​ខេត្ត​ព្រះវិហារ​នៅ​ជាប់​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ចំនួន​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​ក្នុង​៨​ខែ​ឆ្នាំ​នេះ​មាន​ចំនួន​តែ​១៨៥​នាក់​ប៉ុណ្ណោះ គឺ​មាន​ការ​ថយ​ចុះ​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០៥ យ៉ាង​ហោច​ណាស់​ចំនួន​អ្នក​រង​គ្រោះ​ដោយសារ​មីន​គឺ​រហូត​ដល់​ទៅ​៨០០​នាក់​ក្នុង​មួយ​ឆ្នាំៗ៕