កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​ប្រាក់​ជំនួយ​និង​កម្ចី​ជិត​៨២​លាន​ដុល្លារ​ពី​ជប៉ុន

ក្រសួង​ការបរទេស​កម្ពុជា នៅ​ថៃ្ង​១៣ សីហា បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​ជាមួយ​នឹង​ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​ទទួល​ប្រាក់​ជំនួយ​និង​ប្រាក់​កម្ចី​ពី​ប្រទេស​ជប៉ុន​នោះ នៅ​ក្នុង​ទឹក​ប្រាក់​សរុប​ចំនួន​៨.១៧៦​លាន​យ៉េន ស្មើ​នឹង​ប្រមាណ​ជិត​៨២​លាន​ដុល្លារ​អាមេរិក សម្រាប់​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​សំខាន់​ពីរ គឺ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​និង​គម្រោង​អភិវឌ្ឍន៍​ចំណត​កំពង់ផែ​ខេត្ត​ព្រះសីហនុ។

0:00 / 0:00

ពិធី​ចុះ​ហត្ថលេខា​នោះ​បាន​ធ្វើ​ទ្បើង​នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា រវាង​លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ជាមួយ​និង​លោក Katsuhiro Shinohara ជា​ឯកអគ្គរាជ​ទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​មន្រ្តី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត។

លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ការចុះ​ហត្ថលេខា​នោះ​ថា ជំនួយ​នឹង​ប្រាក់​កម្ចី​នេះ​មាន​សារសំខាន់​សម្រាប់​គម្រោងការ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា ៖ «សម្រាប់​អភិវឌ្ឍ​កំពង់ផែ​ទី​ក្រុង​ព្រះសីហនុ ដើម្បី​កសាង​ចំណត​ទទួល​ទំនិញ​អត់​វេច​ខ្ចប់។ មាន​ន័យ​ថា ទំនិញ​ដឹក​មក​ទាំង​កប៉ាល់​មក​តែម្ដង អត់​មាន​វេច​ខ្ចប់​អី យើង​មាន​លទ្ធភាព​ទទួល​បាន​ទៅ​អនាគត ព្រមទាំង​ទីតាំង​ផ្គត់ផ្គង់​ប្រេង​នៅ​កំពង់ផែ​ទីក្រុង​ព្រះសីហនុ​នេះ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កំពង់ផែ​នេះ»

លោក Katsuhiro Shinohara ជា​ឯកអគ្គរាជ​ទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ការចុះ​ហត្ថលេខា​នោះ​ថា ជំនួយ​និង​ប្រាក់​កម្ចី​នេះ​នឹង​ជួយ​ពន្លឿន​ការអភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ប្រទេស​ជប៉ុន​នៅតែ​ជា​ប្រទេស​ផ្តល់​ជំនួយ​ធំ​ជាង​គេ​សម្រាប់​ប្រទេស​កម្ពុជា។

លោក សុន ឆ័យ តំណាង​រាស្រ្ត​ខាង​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ជំនួយ​នានា​របស់​ប្រទេស​ជប៉ុន​នេះ ប្រទេស​កម្ពុជា​គប្បី​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ៖ «ការបែងចែក​ឲ្យ​ច្បាស់ ជំនួយ​ដែល​មិន​ត្រូវ​សង ហើយ​អ្វី​ដែល​ជា​ប្រាក់​ដែល​ត្រូវ​សង​វិញ។ នៅ​ប្រទេស​កម្ពុជា​យើង ដូច​យើង​ដឹង​ហើយ​ក្នុង​ប្រាក់​ដែល​ជំពាក់​គេ​ហ្នឹង វា​ជិត​ប្រហែល​ជា​៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ហើយ អា​នេះ​មិន​ទាន់​គិត​ការជំពាក់​ពី​រុស្ស៊ី​ហើយ​និង​សហរដ្ឋ​អាមេរិក​ផង។ ដូច្នេះ​ខ្ញុំ​ថា ត្រូវ​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​ត្បិតត្បៀត​ការចាំបាច់»

ប្រភព​ពី​ប្រមុខ​ការទូត​នៃ​ប្រទេស​កម្ពុជា គឺ​លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​នោះ បាន​បញ្ជាក់​ថា ជំនួយ​និង​ប្រាក់​កម្ចី​ខាង​លើ​នេះ​ជា​លើក​ទី​១៣​ហើយ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក ដែល​មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ​២០.៥០០​លាន​យ៉េន ស្មើ​នឹង​ប្រមាណ​១៨៧​លាន​ដុល្លារ​អាមេរិក សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្កម​និង​សម្រាល​ការលំបាក​និង​បំណុល​នានា​របស់​កម្ពុជា។

មតិ​សាធារណៈ​មួយចំនួន​បាន​កត់​សម្គាល់​ឃើញ​ថា ប្រទេស​កម្ពុជា​ពឹង​ផែ្អក​សំខាន់​ទៅ​លើ​ជំនួយ​ពី​ប្រទេស​សហគមន៍​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា សម្រាប់​អភិវឌ្ឍ​សង្គម​និង​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជាមួយ​គ្នា​នោះ​ប្រទេស​ផ្តល់​ជំនួយ​បាន​ទាមទារ​ឲ្យ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ៕