លោក កាស៊ូអុ កូដាម៉ា (Kazuo Kodama) មន្ត្រីលេខាធិការព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន បានមានប្រសាសន៍បន្ទាប់ពីជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក កាត់ស៊ូយ៉ា អូកាដា (Katsuya Okada) និងរដ្ឋមន្ត្រីការបរទេសខ្មែរ លោក ហោ ណាំហុង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី២ នៅឯខេត្តសៀមរាប កាលពីល្ងាចថ្ងៃសៅរ៍ ទី៣ ខែតុលា ថា ទោះយ៉ាងណាលោកមិនបានដឹងថា តើមានអ្វីកើតឡើងចំពោះអង្គការក្រៅរដ្ឋាភិបាលជប៉ុនដែលកំពុងធ្វើការនៅប្រទេសកម្ពុជានោះទេ។
លោក កាស៊ូអុ កូដាម៉ា បានមានប្រសាសន៍ថា ៖ "ខ្ញុំមិនដឹងទេថា វាមានអ្វីកើតឡើងចំពោះក្រុមអង្គការក្រៅរដ្ឋាភិបាលជប៉ុនដែលកំពុងធ្វើការនៅកម្ពុជា ហើយខ្ញុំយល់ថា ការសម្ដែងក្ដីព្រួយបារម្ភរបស់ពួកគេប្រហែលគ្រាន់តែចង់ផ្ដល់ព័ត៌មានឲ្យលោករដ្ឋមន្ត្រីការបរទេសជប៉ុនបានដឹងតែប៉ុណ្ណោះ"។
លោក កូដាម៉ា បានមានប្រសាសន៍ទៀតថា លោករដ្ឋមន្ត្រីការបរទេសជប៉ុន អូកាដា បានជួបជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាលជប៉ុនដែលកំពុងធ្វើការក្នុងប្រទេសកម្ពុជា ហើយសមាជិកអង្គការក្រៅរដ្ឋាភិបាលជប៉ុនខ្លះបានសម្ដែងការព្រួយបារម្ភខ្លាចក្រែងរដ្ឋាភិបាលកម្ពុជាអាចនឹងតាក់តែងច្បាប់អ្វីមួយប៉ះពាល់ដល់សេរីភាពនៃអង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុនទាំងឡាយដែលកំពុងធ្វើការនៅកម្ពុជា។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ក្នុងជំនួបទ្វេភាគីជប៉ុន-កម្ពុជា ថា លោករដ្ឋមន្ត្រីការបរទេសជប៉ុន អូកាដា បានមានប្រសាសន៍ប្រាប់លោកពីបញ្ហានោះ ហើយលោកបានឆ្លើយតបថា នៅប្រទេសកម្ពុជាបច្ចុប្បន្នមានចំនួនអង្គការក្រៅរដ្ឋាភិបាលរាប់ពាន់កំពុងធ្វើការ ហើយក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលរាប់ពាន់នេះក្រុមអង្គការក្រៅរដ្ឋាភិបាលជប៉ុនមិនដែលបង្កបញ្ហាអ្វីមួយមកកម្ពុជាទេ។
លោក ហោ ណាំហុង បានថ្លែងថា ៖ «ខ្ញុំបានជម្រាបលោកថា នៅសកលលោកនេះប្រហែលជានៅកម្ពុជាតែមួយគត់ដែលមានរាប់ពាន់ NGO (អង្គការក្រៅរដ្ឋាភិបាល) ក្នុងចំនួន NGO រាប់ពាន់នេះ NGO ជប៉ុនមិនដែលបង្កបញ្ហាអីមួយឲ្យកម្ពុជាទេ មានតែជួយកម្ពុជាយ៉ាងច្រើន»។
ការព្រួយបារម្ភរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជានេះ បានកើតឡើងទន្ទឹមគ្នានឹងក្រុមអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកជាច្រើនកំពុងមានការព្រួយបារម្ភដែលថា រដ្ឋាភិបាលខ្មែរមានបំណងធ្វើសេចក្ដីព្រាងច្បាប់មួយស្តីពីការគ្រប់គ្រងទៅលើអង្គការក្រៅរដ្ឋាភិបាល។
ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី ចរិយា បានមានប្រសាសន៍ថា ក្រុមអង្គការក្រៅរដ្ឋាភិបាលមិនទាន់ចង់បានច្បាប់ដែលបង្កើតឡើងសម្រាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាទេ ពីព្រោះតែពេលនេះវាមិនមែនជាពេលវេលាចាំបាច់នៅក្នុងការគ្រប់គ្រងមកលើអង្គការក្រៅរដ្ឋាភិបាលនៅឡើយ៕