នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​ជា​ថ្មី​ទៀត​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហាតូយ៉ាម៉ា យូក្យូ (Yukio Hatoyama) បាន​ប្រកាស​ជា​ថ្មី​ម្តង​ទៀត​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​អភិវឌ្ឍ​កំពង់ផែ​ក្រុង​ព្រះសីហនុ និង​កសាង​ស្ពាន​អ្នកលឿង​នៃ​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ លោក ហោ ណាំហុង មាន​ប្រសាសន៍​នា​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា បន្ទាប់​ពី​វិល​ត្រឡប់​ពី​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន នា​ថ្ងៃ​៦-៧ វិច្ឆិកា​ថ្មីៗ​កន្លង​ទៅ​នេះ​ថា ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ទេ្វ​ភាគី​រវាង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សូម​បញ្ជាក់​ថា វេទិកា​មេគង្គ​ជប៉ុន​នេះ​ជា​វេទិកា​ថ្មី ហើយ​មាន​សារសំខាន់​បំផុត។ អស់​លោក​ឃើញ​ស្រាប់​ហើយ​ជាង​៥​ពាន់​លាន​ដុល្លារ​ឲ្យ​ប្រទេស​តាម​តំបន់​មេគង្គ​នេះ ក្នុង​៥​ប្រទេស​នេះ គឺ​កម្ពុជា លាវ មីយ៉ាន់ម៉ា ថៃ​និង​វៀតណាម​នេះ ប្រហែល​ជា​កម្ពុជា លាវ វៀតណាម បាន​ទទួល​ច្រើន​ជាង​គេ តាម​ព័ត៌មាន​យើង​បាន​មក។ ដូច្នេះ​យើង​មាន​វិសាលភាព​ដូច​ខ្ញុំ​បាន​និយាយ​កន្លង​មក​ហើយ វា​មាន​វិសាលភាព​ធំធេង​ណាស់​ក្នុង​ការ​កសាង​ប្រទេស​យើង​ទៅ​ថ្ងៃ​មុខ​ទៀត»

ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ប្រទេស​ជប៉ុន​បាន​សន្យា​ផ្តល់​ជំនួយ​៥០០​ពាន់​លាន​យេន ដែល​គិត​ជា​ដុល្លារ​អាមេរិក​គឺ​ជាង​៥​ពាន់​លាន​ដុល្លារ ចំពោះ​បណ្តា​ប្រទេស​ដែល​នៅ​ជាប់​អាង​ទន្លេ​មេគង្គ​ក្នុង​គោលដៅ​ដើម្បី​អភិវឌ្ឍ​ដោយ​ប្តេជ្ញា​បង្កើត​ទសវត្សរ៍​មេគង្គ​បៃតង​មួយ​នៅ​តំបន់​នេះ​ចាប់​ពី​ឆ្នាំ​២០១០​នេះ​ទៅ។

ជាមួយ​សេចក្តី​ប្រកាស​រួម​ដែល​មាន​ចំណងជើង​ថា “ភាព​ជា​ដៃគូ​ថ្មី​ដើម្បី​អនាគត​រួម​គ្នា​ដ៏​រុងរឿង” ប្រទេស​ជប៉ុន​ក៏​បាន​សន្យា​ទទួល​និស្សិត​និង​សិក្ខាកាម​នៃ​ប្រទេស​ទាំង​៥​នៃ​តំបន់​ទន្លេ​មេគង្គ គឺ​កម្ពុជា វៀតណាម លាវ មីយ៉ាន់ម៉ា​និង​ថៃ ក្នុង​មួយ​ឆ្នាំ ២០០០​នាក់ ឲ្យ​មក​សិក្សា​និង​ស្វែងយល់​ពី​បច្ចេកវិទ្យា​និង​ចំណេះ​ដឹង​ផ្សេងៗ​ក្រោម​ជំនួយ​របស់​ជប៉ុន។

ក្នុង​ជំនួប​ទេ្វ​ភាគី​នេះ​ដែរ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហាតូយ៉ាម៉ា យូក្យូ ក៏​បាន​សុំ​យាង​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឱកាស​ខួប​លើក​ទី​៥៥​ស្តីពី​សន្ធិសញ្ញា​មិត្តភាព​កម្ពុជា​-​ជប៉ុន​ផងដែរ៕