ជប៉ុន​សន្យា​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​មក​ឲ្យ​កម្ពុជា

2009-10-03

មន្ត្រី​រដ្ឋា​ភិបាល​ខ្មែរ​បាន​ថ្លែង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​តំបន់​ទន្លេ​មេគង្គ​-​ជប៉ុន​លើក​ទី​២ ដែល​កំពុង​ប្រព្រឹត្ត​​ទៅ​នៅ​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា ប្រទេស​ជប៉ុន​បាន​សន្យា​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជា​ផ្លូវការ​មក​ឲ្យ​ប្រទេស​កម្ពុជា​​ប្រមាណ​៤០%​បន្ថែម​លើ​ជំនួយ​ដែល​ប្រើប្រាស់​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​វិស័យ​ទឹក​ស្អាត​ជាដើម។

AFP/TANG CHHIN SOTHY

ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​តំបន់​ទន្លេ​មេគង្គ​-​ជប៉ុន​លើក​ទី​២ នៅ​ឯ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​សៀមរាប នា​ថ្ងៃ​៣ តុលា ២០០៩។

លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៣ ខែ​តុលា បន្ទាប់​ពី​កិច្ច​ជួប​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​មក​ពី​ប្រទេស​តំបន់​ទន្លេ​មេគង្គ​ចំនួន​៥ មាន​កម្ពុជា លាវ ថៃ វៀតណាម ភូមា និង​ជប៉ុន ថា កម្ពុជា​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ផ្តល់​ជំនួយ​ជា​ច្រើន។

លោក​រដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង បាន​មាន​ប្រសាសន៍​ទៀត​ថា មន្ត្រី​ជប៉ុន​បាន​សន្យា​នឹង​បង្កើន​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ចំនួន​៤០%​មក​ឲ្យ​ប្រទេស​កម្ពុជា។

លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា ៖ «ជប៉ុន​បាន​ប្រាប់​យើង​ថា បង្កើន​ជំនួយ ODA ដល់​កម្ពុជា​៤០%។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ដែល​បាន​ជួយ​កម្ពុជា​យ៉ាង​ច្រើន ជា​ពិសេស​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ក្រៅ​ពី​នេះ​ក៏​មាន​ការ​ជួយ​ខាង​វិស័យ​ទឹក​ស្អាត កសិកម្ម ហើយ​ឆ្នាំ​ទៅ​មុខ​នេះ​ជប៉ុន​នឹង​សាងសង់​ស្ពាន​អ្នកលឿង​ដែល​ជា​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ទី​២​នៅ​កម្ពុជា»

ទោះ​យ៉ាង​ណា​មន្ត្រី​ការ​បរទេស​ជប៉ុន​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ពី​ជំនួយ​៤០%​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ថា​មាន​ចំនួន​ជា​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ឡើយ។

លោក កាស៊ូអុ កូដាម៉ា (Kazuo Kodama) ជា​លេខា​ទទួល​បន្ទុក​ព័ត៌មាន​​របស់​ការ​បរទេស​ជប៉ុន បាន​មាន​ប្រ​សាសន៍​ក្នុង​សន្និសីទ​កាសែត​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៧​រហូត​ដល់​ឆ្នាំ​២០០៩ រយៈ​ពេល​៣​ឆ្នាំ​រាជ​រដ្ឋា​ភិបាល​ជប៉ុន​តាម​រយៈ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​-​ជប៉ុន​បាន​ផ្តល់​ជំនួយ​ប្រមាណ​២០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​ប្រទេស​កម្ពុជា លាវ វៀតណាម ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​និង​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជាជន​រស់​នៅ​តំបន់​នោះ ហើយ​ឆ្នាំ​ខាង​មុខ​នេះ​ជប៉ុន​នឹង​ជួយ​ធ្វើ​ស្ពាន​មួយ​ទៀត​នៅ​តំបន់​អ្នកលឿង​ដែល​ជា​ស្ពាន​ទី​២​សម្រាប់​ឆ្លង​កាត់​ទន្លេ​មេគង្គ​របស់​កម្ពុជា​និង​ឆ្លង​ទៅ​វៀតណាម​ផង។

លោក កាស៊ូអុ កូដាម៉ា បាន​មាន​ប្រសាសន៍​ថា ៖ "តាម​រយៈ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​-​ជប៉ុន ប្រទេស​ជប៉ុន​បាន​ផ្ដល់​គម្រោង​ទឹក​ប្រាក់​ប្រមាណ​២០​លាន​ដុល្លារ​គាំទ្រ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា វៀតណាម លាវ ដើម្បី​លើក​តម្កើង​ជីវភាព​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ និង​ទឹក​ប្រាក់​ប្រមាណ​២០​លាន​ដុល្លារ​ទៀត​សម្រាប់​ការ​ពង្រីក​ប្រព័ន្ធ​សេវា​ឲ្យ​មាន​ប្រសិទ្ធភាព"។

មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ផ្តល់​ជំនួយ​មក​ឲ្យ​កម្ពុជា ប្រទេស​ជប៉ុន​បាន​បង្កើន​ជំនួយ​ផ្លូវការ ODA ដល់​ប្រទេស​តំបន់​ទន្លេ​មេគង្គ​ខាង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ, ការ​វិនិយោគ​ធនធាន​មនុស្ស, ខាង​ទេសចរណ៍ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌ ព្រម​ទាំង​ការ​ផ្លាស់​ប្តូរ​យុវជន​ដែល​ប្រទេស​ជប៉ុន​បាន​សន្យា​ទទួល​យក​យុវជន​នៃ​ប្រទេស​តំបន់​ទន្លេ​មេគង្គ​ទៅ​សិក្សា​១​ម៉ឺន​នាក់​ក្នុង​រវាង​៥ឆ្នាំ​ទៅ​មុខ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​រតនគិរី

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

បញ្ហា​ធូលី​ហុយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ប៉ះពាល់​ដល់​សុខភាព​អ្នក​ស្រុក

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​និង​វៀតណាម​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ