លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសកម្ពុជា បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៣ ខែតុលា បន្ទាប់ពីកិច្ចជួបប្រជុំរវាងរដ្ឋមន្ត្រីការបរទេសមកពីប្រទេសតំបន់ទន្លេមេគង្គចំនួន៥ មានកម្ពុជា លាវ ថៃ វៀតណាម ភូមា និងជប៉ុន ថា កម្ពុជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយជាច្រើន។
លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានមានប្រសាសន៍ទៀតថា មន្ត្រីជប៉ុនបានសន្យានឹងបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ចំនួន៤០%មកឲ្យប្រទេសកម្ពុជា។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «ជប៉ុនបានប្រាប់យើងថា បង្កើនជំនួយ ODA ដល់កម្ពុជា៤០%។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលបានជួយកម្ពុជាយ៉ាងច្រើន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្រៅពីនេះក៏មានការជួយខាងវិស័យទឹកស្អាត កសិកម្ម ហើយឆ្នាំទៅមុខនេះជប៉ុននឹងសាងសង់ស្ពានអ្នកលឿងដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គទី២នៅកម្ពុជា»។
ទោះយ៉ាងណាមន្ត្រីការបរទេសជប៉ុនមិនបានបញ្ជាក់ច្បាស់លាស់ពីជំនួយ៤០%សម្រាប់ប្រទេសកម្ពុជានោះថាមានចំនួនជាទឹកប្រាក់ប៉ុន្មាននោះឡើយ។
លោក កាស៊ូអុ កូដាម៉ា (Kazuo Kodama) ជាលេខាទទួលបន្ទុកព័ត៌មានរបស់ការបរទេសជប៉ុន បានមានប្រសាសន៍ក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃសៅរ៍ថា ចាប់តាំងពីឆ្នាំ២០០៧រហូតដល់ឆ្នាំ២០០៩ រយៈពេល៣ឆ្នាំរាជរដ្ឋាភិបាលជប៉ុនតាមរយៈការធ្វើសមាហរណកម្មអាស៊ាន-ជប៉ុនបានផ្តល់ជំនួយប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិកទៅឲ្យប្រទេសកម្ពុជា លាវ វៀតណាម ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍តំបន់ត្រីកោណនិងជួយលើកស្ទួយជីវភាពប្រជាជនរស់នៅតំបន់នោះ ហើយឆ្នាំខាងមុខនេះជប៉ុននឹងជួយធ្វើស្ពានមួយទៀតនៅតំបន់អ្នកលឿងដែលជាស្ពានទី២សម្រាប់ឆ្លងកាត់ទន្លេមេគង្គរបស់កម្ពុជានិងឆ្លងទៅវៀតណាមផង។
លោក កាស៊ូអុ កូដាម៉ា បានមានប្រសាសន៍ថា ៖ "តាមរយៈការធ្វើសមាហរណកម្មអាស៊ាន-ជប៉ុន ប្រទេសជប៉ុនបានផ្ដល់គម្រោងទឹកប្រាក់ប្រមាណ២០លានដុល្លារគាំទ្រតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា វៀតណាម លាវ ដើម្បីលើកតម្កើងជីវភាពប្រជាពលរដ្ឋរស់នៅតំបន់នោះ និងទឹកប្រាក់ប្រមាណ២០លានដុល្លារទៀតសម្រាប់ការពង្រីកប្រព័ន្ធសេវាឲ្យមានប្រសិទ្ធភាព"។
មន្ត្រីក្រសួងការបរទេសខ្មែរបានឲ្យដឹងទៀតថា ក្រៅពីផ្តល់ជំនួយមកឲ្យកម្ពុជា ប្រទេសជប៉ុនបានបង្កើនជំនួយផ្លូវការ ODA ដល់ប្រទេសតំបន់ទន្លេមេគង្គខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ការវិនិយោគធនធានមនុស្ស, ខាងទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងការផ្លាស់ប្តូរយុវជនដែលប្រទេសជប៉ុនបានសន្យាទទួលយកយុវជននៃប្រទេសតំបន់ទន្លេមេគង្គទៅសិក្សា១ម៉ឺននាក់ក្នុងរវាង៥ឆ្នាំទៅមុខ៕
