ការចាប់ផ្ដើមគំរោងការសិក្សានេះ ដំបូងគឺធ្វើនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ ក្រោយពីក្រុមហ៊ុននេះបានទទួលការអនុញ្ញាតពីប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជា គឺលោក សុខ អាន កាលពីឆ្នាំ២០១០ កន្លងទៅ។
ការសិក្សារាវរកធនធានប្រេងកាតក្រោមដីនៅខេត្តចំនួន ៣នោះ គឺជាការស្វែងរកទិន្នន័យស្ដីពីធនធានប្រេងកាតនៅតំបន់ដែលមានសក្ដានុពលធនធានរ៉ែ។ បើសិនណាក្រុមហ៊ុនទទួលជោគជ័យដោយរកឃើញធនធានប្រេងកាតនៅតំបន់នោះមែន រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនជប៉ុននោះ នឹងចុះហត្ថលេខាថ្មីមួយទៀត ដើម្បីឲ្យចាប់ផ្ដើមអាជីវកម្មរ៉ែប្រេងកាតនេះ ក្រៅពីតំបន់សមុទ្រកម្ពុជា។
គំរោងការសិក្សារាវរកធនធានប្រេងកាតនៅខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាបនោះ គឺស្ថិតនៅប្លុក ១៧ (Bloc 17) ដែលមានទំហំ ៦.៥០០គីឡូម៉ែត្រក្រទ្បា ស្ថិតនៅឆ្ងាយពីតំបន់អភិរក្សប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទដទៃទៀត។
នៅមុនការចាប់ផ្ដើមការសិក្សានេះ លោក សុខ អាន ប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២ បានស្នើឲ្យតំណាងក្រុមហ៊ុន ចកម៉ិក ធ្វើការសិក្សាយ៉ាងណាកុំឲ្យប៉ះពាល់ដល់តំបន់ប្រាសាទបុរាណ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែមករា ថា ការសិក្សារបស់ក្រុមហ៊ុនជប៉ុននោះ គឺប្រើប្រាស់បច្ចេកទេសទំនើប៖ «ស្វែងរកទិន្នន័យហ្នឹង គឺជាការចាប់ផ្ដើមពិតប្រាកដ ដើម្បីឲ្យរាជរដ្ឋាភិបាល ឬក្រុមហ៊ុននានា ដឹងថា តើតំបន់ហ្នឹងមានប្រេងកាតប៉ុន្មាន? ហើយពេលហ្នឹង បានយើងធ្វើការចែករំលែកផលរវាងក្រុមហ៊ុនចម្រាញ់ប្រេងកាត រុករកប្រេងកាតហ្នឹង ជាមួយរាជរដ្ឋាភិបាល»។
ការចាប់ផ្ដើមសិក្សារាវរកធនធានប្រេងកាតនៅពេលនេះ គឺនៅគ្រាដែលរដ្ឋាភិបាលបានរៀបចំសេចក្ដីព្រាងឯកសារនៃគម្រោងវិនិយោគទុនមានតំលៃជាទឹកប្រាក់សរុបចំនួនជាង ១១ពាន់លានដុល្លារអាមេរិក សំរាប់រយៈពេល ៣ឆ្នាំខាងមុខ គឺចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។
ក្រុមហ៊ុន ចកម៉ិក របស់ជប៉ុននេះ បានចុះហត្ថលេខាជាមួយអាជ្ញាធរប្រេងកាតជាតិកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១០ កន្លងទៅ ដើម្បីទទួលសិទ្ធិសិក្សារាវរកធនធានប្រេងកាតនៅតំបន់ប្លុក១៧នោះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ពន្ធភាពដើម្បីតម្លាភាពចំណូលធនធានប្រេង ឧស្ម័ន និង រ៉ែ លោក ម៉ម សម្បត្តិ បានមានប្រសាសន៍ថា ក្រុមហ៊ុន ចកម៉ិក របស់ជប៉ុននោះ បានសិក្សាចំនួន ២លើករួចហើយ អំពីផលប៉ះពាល់លើបរិស្ថាន ដោយបានឆ្លងឯកសារសិក្សានោះ ជាមួយអន្តរក្រសួង និងបានចូលរួមផ្ដល់យោបល់ដោយអង្គការបណ្ដាញផលប៉ះពាល់បរិស្ថាន៖ «ដូច្នេះការរុករកដែលចាប់ដំណើរការនេះ គួរតែមានការ គេហៅថា ធ្វើឡើងដោយប្រយ័ត្នប្រយែង»។
សកម្មជនការពារធនធានធម្មជាតិនៅកម្ពុជា ដឹកនាំដោយលោក ម៉ម សម្បត្តិ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ បានបើកសិក្ខាសាលាមួយស្ដីពីផលប៉ះពាល់លើការទាញយករ៉ែក្រោមដី និងទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា បើកចំហឲ្យសហគមន៍ជនជាតិភាគតិចនៅភាគឦសាន ចូលរួមផ្ដល់យោបល់ឲ្យបានច្រើនមុនមានការអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននានា ធ្វើអាជីវកម្មរាវរករ៉ែនៅតំបន់នោះ។
ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា រដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណចំនួន ១២៣ ឲ្យក្រុមហ៊ុនឯកជនបរទេស មកធ្វើអាជីវកម្មរាវរករ៉ែមាស រ៉ែដែក និងរ៉ែត្បូង នៅខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀត ដែលមានផ្ទៃដីសរុបចំនួន ២៤.០០០គីឡូម៉ែត្រក្រឡា។
ដោយឡែកទាក់ទងនឹងក្រុមហ៊ុនប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក ឈ្មោះ ឆេវរ៉ុន (Chevron) បានរាវរកឃើញអណ្ដូងប្រេងកាតចំនួន ៤កន្លែងនៅប្លុក អេ (Bloc A) នៅបាតសមុទ្រ នៅខេត្តព្រះសីហនុ តាំងពីឆ្នាំ២០០៥ កន្លងមក។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា បើសិនណាគ្មានឧបសគ្គអ្វីទេនោះ កម្ពុជានឹងទទួលបានតំណក់ប្រេងដំបូងនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ នៅវេលាម៉ោង ១២ថ្ងៃត្រង់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
