អ្នក​ភូមិ​៣​នាក់​ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ពេល​សាកសួរ

តុលាការ​ខេត្ត​បាត់ដំបង​បាន​អនុញ្ញាត​ឲ្យ​អ្នកភូមិ​បី​នាក់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ បន្ទាប់ពី​ធ្វើការ​សាកសួរ​អស់​រយៈពេល​៣​ម៉ោង កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ សីហា​នេះ ពី​ដំណើររឿង​បំផ្លិច​បំផ្លាញ​ដំណាំ​ស្រូវ​អ្នក​ដទៃ នៅ​ភូមិ​តានី ឃុំ​ល្វា ស្រុក​បវេល ខេត្ត​បាត់ដំបង ។

0:00 / 0:00

លោក សរ យស់ថាវរៈ ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា បុរស​ទាំង​បី​នាក់​នោះ​មាន​ឈ្មោះ ឈុត ម៉ៅ ឈ្មោះ ធិន សុផាត និង​ឈ្មោះ ចាប អឿន ត្រូវ​ជាប់​ចោទ​ជា​ជន​សង្ស័យ​ក្នុង​រឿង​យក​ថ្នាំ​បាញ់​សម្លាប់​ដំណាំ​ស្រូវ ។

លោក សរ យស់ថាវរៈ បាន​ឲ្យ​ដឹង​ថា ៖ «ហ្នឹង​គេ​ប្តឹង​ពី​គាត់​បំផ្លិច​បំផ្លាញ​ដំណាំ​ស្រូវ ។ ទាក់ទង​នឹង​ការបំផ្លិច​បំផ្លាញ​យើង​កោះហៅ​សួរ ហើយ​ឲ្យ​គាត់​ទៅ​វិញ​ហើយ»

លោក សរ យសថវារៈ បាន​បញ្ជាក់​ថា​តាម​ការសាកសួរ​ពី​ដំណើររឿង​បំផ្លិចបំផ្លាញ​ដំណាំ​ស្រូវ​នោះ គឺ​ពិត​ជា​កើត​មាន​ឡើង​ពិត​ប្រាកដ​មែន ប៉ុន្តែ​តុលាការ​នឹង​បើក​ការស៊ើបអង្កេត​ករណី​នេះ​ជា​បន្ត​ទៀត ដើម្បី​បញ្ជាក់​ថា​រវាង​ភាគី​ចុងចោទ​និង​ដើមបណ្ដឹង តើ​ភាគី​ណា​មួយ​បាន​ចូល​កាន់កាប់​ដី​នោះ​មុន ៖ «តើ​អ្នក​ណា​បាន​កាន់កាប់​យូរ​ឆ្នាំ ហើយ​អ្នក​ណា​បាន​ទៅ​ធ្វើ​តាម​ក្រោយ»

យោង​តាម​ដីកា​កោះ​របស់​តុលាការ​ខេត្ត​បាត់ដំបង ចុះ​ថ្ងៃ​ទី​១៤ ខែ​សីហា លោកស្រី ផេត ថារី បាន​ប្តឹង លោក ឈុត ម៉ៅ ឈ្មោះ ធិន សុផាត និង​ឈ្មោះ ចាប អឿន ពី​ករណី​យក​ថ្នាំ​បាញ់​សម្លាប់​ដំណាំ​ស្រូវ​នៅ​ភូមិ​តានី ឃុំ​ល្វា ស្រុក​បវេល ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០០៨ ។

លោក ឈុត ម៉ៅ និង​អ្នក​ភូមិ​២​នាក់​ផ្សេង​ទៀត​បាន​បដិសេធ​ថា ការចោទ​ប្រកាន់​ពី​ការបំផិ្លច​បំផ្លាញ​ដំណាំ​ស្រូវ​របស់​លោកស្រី ផេត ថារី នោះ ពុំ​មែន​ជា​ការ​ពិត​ឡើយ ហើយ​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​កើត​ហេតុ​នោះ លោក ធិន សុផាត គ្រាន់តែ​ស្ពាយ​ធុង​បាញ់​ថ្នាំ​ដើរ​កាត់​តាម​ភ្លឺ​ស្រែ​មិន​បាញ់​ថ្នាំ​បំផ្លាញ​ដូច​ការចោទ​ប្រកាន់​ទេ ។

លោក ឈុត ម៉ៅ បាន​ឲ្យ​ដឹង​ថា ៖ «បើសិន​ឈ្មោះ ផាតហ្នឹង គឺ​ថា​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ថ្កោលទោស​តាម​ផ្លូវ​ច្បាប់ តែ​បើ​អត់​មាន​សូម​រាជ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​រាស្ត្រ កុំ​ឲ្យ​គេ​ចោទ​ប្រកាន់​រក​លេស​ដើម្បី​បង្កាច់»

មិន​អាច​ទំនាក់​ទំនង​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោកស្រី ផេត ថារី ជា​ដើមបណ្តឹង​ជុំវិញ​ការអះអាង​ពី​រឿងរ៉ាវ​ខាងលើ​នេះ​ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ សីហា​នេះ ។

លោក យិន ម៉េងលី មន្ត្រី​អង្គការ​អាហុក​ប្រចាំ​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា​ករណី​ខាង​លើ​នេះ​វា​ជា​សិទ្ធិ​របស់​ព្រះរាជ​អាជ្ញា​ក្នុង​ការបើក​ការស៊ើបអង្កេត​រក​ការពិត​ក្នុង​ករណី​នេះ ៖ «ព្រះរាជអាជ្ញា​គាត់​អាច​មាន​សិទ្ធិ​ក្នុង​ការសម្រេច ថា​តើ​រឿងរ៉ាវ​នេះ​ព្រះរាជអាជ្ញា​គាត់​តម្កល់​រឿង​ទុក​អត់​ចាត់ការ ឬ​ក៏​សម្រេច​ការចោទប្រកាន់​ដើម្បី​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបអង្កេត​នៅ​ក្នុង​ករណី​នេះ»

ចំណែក​ក្រុម​អ្នក​ភូមិ​៥០​នាក់​ដែល​បាន​ធ្វើ​ដំណើរ​មក​ជាមួយ​អ្នក​ភូមិ​ទាំង​បី​នាក់ ក៏​បាន​បដិសេធ​ការចោទ​ប្រកាន់​ដោយ​អះអាង​ថា ប្រជាពលរដ្ឋ ១០២​គ្រួសារ បាន​ចូល​ទៅ​រស់​នៅ​លើ​ដី​ទំហំ​២១០​ហិកតារ​នៅ​ភូមិ​តានី ឃុំ​ល្វា ស្រុក​បវេល ខេត្ត​បាត់ដំបង​នោះ តាំងពី​ឆ្នាំ​២០០៤ និង ២០០៥ ហើយ​កាប់​ឆ្ការ​ព្រៃ​ឫស្សី​យក​ដី​ធ្វើ​ផ្ទះ និង​បង្កបង្កើន​ផល ហើយ​បាន​ចោទ​ប្រកាន់​វិញ​ថា ការចោទ​ប្រកាន់​ជុំវិញ​ការបំផ្លិច​បំផ្លាញ​ដំណាំ​ស្រូវ​នោះ វា​គ្រាន់តែ​ជា​លេស​ដើម្បី​បណ្តេញ​ក្រុម​អ្នកភូមិ​ចេញពី​តំបន់​នោះ​តែ​ប៉ុណ្ណោះ ៕