ប្រជាពលរដ្ឋរស់នៅភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១១ បានបដិសេធ និងតវ៉ាចំពោះការអនុវត្តដីការក្សាការពាររបស់ចៅក្រមតុលាការខេត្ត លោក អេង ចំណាប់ដោយចាត់ទុកថា មានការរំលោភបំពានសិទ្ធិប្រជាពលរដ្ឋ។
ការប្ដឹងតវ៉ានេះធ្វើឡើងតាមរយៈតំណាងសហគមន៍ភូមិ កាលពីថ្ងៃ២ ខែកញ្ញា ឆ្នាំ២០១១ បាននាំយកលិខិតមួយច្បាប់ភ្ជាប់ទៅនឹងស្នាមមេដៃប្រជាពលរដ្ឋក្នុងភូមិ ៣៤នាក់ ដាក់ចូលមកសមាគមការពារសិទ្ធិមនុស្សខេត្តរតនគិរី ឲ្យជួយរកយុត្តិធម៌ចំពោះអ្វីដែលប្រជាពលរដ្ឋទាំងនោះចោទថា លោក អេង ចំណាប់ បានដឹកនាំកងកម្លាំងប៉ូលិសប្រើអំណាចហិង្សាមកលើប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ លោក ក្វាស អឿន មានប្រសាសន៍ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១១ ប្រជាពលរដ្ឋ ២៥នាក់ បាននាំគ្នាមកចំណុចទីតាំងអនុវត្តដីការក្សាការពារដីមួយកន្លែងនៅព្រំប្រទល់ភូមិប៉ាអរ និងភូមិបរឡយ ក្នុងឃុំកិចុង ស្រុកបរកែវ ដើម្បីចង្អុលប្រាប់ពីដីប្រើប្រាស់របស់អ្នកភូមិដល់គណៈកម្មការចុះវាស់វែងដីដឹកនាំដោយលោកចៅក្រម អេង ចំណាប់ ដើម្បីចៀសវាងវាស់វែងរំលោភចូលដីប្រជាពលរដ្ឋ ក៏ប៉ុន្តែអ្នកភូមិបែរជាទទួលបានពាក្យសម្ដីគំរាមកំហែងប្រើប៉ូលិសប្រដាប់អាវុធចាប់ខ្លួនអ្នកភូមិមិនឲ្យធ្វើការតវ៉ា ខណៈដែលក្រុមសមត្ថកិច្ចបានវាស់វែងទៅលើដី ១៥ហិកតាររបស់ប្រជាពលរដ្ឋ។
លោកបន្តថា អ្នកភូមិបាននាំគ្នាចាកចេញដោយភ័យខ្លាច ក៏ប៉ុន្តែពួកគាត់មិនទទួលយកទង្វើផ្ដាច់ការរំលោភសិទ្ធិជនជាតិដើមភាគតិចបែបនេះបានឡើយ ៖ «ប្រជាពលរដ្ឋទៅឃាត់ហ្នឹង គេថា ពួកឯងហ្នឹងយកលុយយកកាក់គេហើយម៉េចបានទៅឃាត់។ខ្ញុំឃើញកាំភ្លើងហើយគេគំរាម គេថា បើសិនពួកឯងចង់តវ៉ា ទៅតវ៉ានៅតុលាការទៅ ពួកឯងហ្នឹងអត់ហួសពីគុកទេ ចាំមើលថ្ងៃក្រោយចាប់ពួកឯងទាំងអស់»។
ប្រជាពលរដ្ឋរស់នៅភូមិប៉ាអរ លោក ទីញ លៀវ មានប្រសាសន៍ថា ដីព្រៃឈើសហគមន៍ ដីចម្ការវិលជុំ និងដីចម្ការចាស់ ប្រជាពលរដ្ឋភូមិប៉ាអរ ជាច្រើនរយហិកតារត្រូវគេលក់ដូរ និងកាប់រានដោយបំពានច្បាប់តាំងពីឆ្នាំ២០០៧។
ក្នុងនោះក្រុមសហគមន៍បានទទួលប្រាក់សំណងការខូចខាត និងសំណងសម្រាប់ការសែនព្រេនតាមជំនឿប្រពៃណីចំនួនជាង ៧.០០០ដុល្លារពីឈ្មោះ សេង ពិសិដ្ឋ និងឈ្មោះ ឡេង ហុង ដែលទទួលស្គាល់ថា ពួកគេបានកាប់រានព្រៃដីសហគមន៍ការពារ។
លោកបន្តថា កន្លងទៅនេះពុំមានប្រជាពលរដ្ឋសហគមន៍ណាម្នាក់លក់ដីនោះទេ ពីព្រោះអតីតអភិបាលខេត្តលោក ខាំ ខឿន កាលពីឆ្នាំ២០០៤ បានចេញដីកាកំណត់ព្រំប្រទល់ដីសហគមន៍ការពារធនធានធម្មជាតិភូមិប៉ាអរ សម្រាប់សហគមន៍អភិរក្សថែរក្សា និងប្រើប្រាស់ជាលក្ខណៈប្រពៃណី ៖ «វាស់ថ្ងៃហ្នឹងខ្ញុំថា កុំវាស់ដីខ្ញុំ ចូលចម្ការខ្ញុំអ៊ីចឹង ខ្ញុំមិនឲ្យវាស់ទេដីភូមិប៉ាអរ អត់លក់ទេដីហ្នឹង អាភូមិឡយហ្នឹងលក់។គេគំរាមទៀត។ គំរាមមកខ្ញុំ គេចង់ឲ្យខ្ញុំដាក់គុក»។
លោក អេង ចំណាប់ មានប្រសាសន៍សុំមិនឲ្យថតសំឡេងថា តុលាការមានឯកសារជាច្រើនដែលបញ្ជាក់ថា ដីដែលតុលាការអនុវត្តដីការក្សាការពារនោះ គឺជាដីទំហំ ២០០ហិកតារ ដែលប្រជាពលរដ្ឋភូមិប៉ាអរ និងភូមិបរឡយ បានលក់យកប្រាក់រួចហើយ ក៏ប៉ុន្តែកាលពីខែសីហា ឆ្នាំ២០១១ ប្រជាពលរដ្ឋមានកាំបិតគ្រប់ដៃបានលើកគ្នាមករារាំងប៉ុនប៉ងប្រើអំពើហិង្សាមកលើរូបលោក និងក្រុមគណៈកម្មការចុះវាស់វែង។
លោកបានបដិសេធថា ការចោទប្រកាន់របស់ប្រជាពលរដ្ឋជាការមិនពិត និងភ័ន្តច្រឡំ ពីព្រោះលោកមិនបានគំរាមកំហែងអ្វីដល់អ្នកភូមិទេ គ្រាន់តែលោកបានពន្យល់អ្នកភូមិឲ្យដាក់ពាក្យបណ្ដឹងពីអ្នកដែលលក់ដីនោះ ប្រសិនអ្នកភូមិមិនមែនជាអ្នកលក់ដី។ តុលាការនឹងចាត់ការតាមនីតិវិធីរកយុត្តិធម៌ ហើយចាប់ខ្លួនជនដែលប្រព្រឹត្តខុសមកផ្ដន្ទាទោស។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ខេត្តរតនគិរី ឲ្យដឹងថា កាលពីឆ្នាំ២០០៧ ឈ្មោះ សេង ពិសិដ្ឋ រស់នៅក្រុងបានលុង ខេត្តរតនគិរី និងឈ្មោះ ឡេង ហុង មន្ត្រីយោធាមានទីលំនៅនៅក្រុងភ្នំពេញ បានជួលកម្មករកាប់រានព្រៃហ៊ុមព័ទ្ធដីចំនួន ៣០០ហិកតារ ដែលជាដីចម្ការចាស់ខ្លះ ដីចម្ការវិលជុំសមូហភាពខ្លះ និងដីព្រៃឈើសហគមន៍អភិរក្សនៅតំបន់ព្រំប្រទល់ភូមិបរឡយ និងភូមិប៉ាអរ ដោយសំអាងថា ដីនោះពួកគេបានទិញពីអ្នកភូមិបរឡយ។
បន្ទាប់ពីការកាប់រានព្រៃនេះ ប្រជាពលរដ្ឋរស់នៅភូមិប៉ាអរ បានប្ដឹងតវ៉ា និងចោទប្រកាន់ថា ដីព្រៃឈើតំបន់អភិរក្សធនធានធម្មជាតិរបស់សហគមន៍ភូមិប៉ាអរ ត្រូវគេកាប់រាន រួមទាំងដីចម្ការវិលជុំអ្នកភូមិរាប់រយហិកតារ ហើយអ្នកកាប់រានដីបានលក់ដីនោះបន្តទៅឲ្យឈ្មោះ ចេន យុនអន រស់នៅខេត្តស្ទឹងត្រែង។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ អំពាវនាវសុំឲ្យមានការស៊ើបអង្កេតសេចក្ដីចោទប្រកាន់របស់អ្នកភូមិទាក់ទិនទៅនឹងការរំលោភសិទ្ធិមនុស្ស ដើម្បីផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលកំពុងប្រឈមមុខបញ្ហារំលោភដីធ្លីជាច្រើនករណី។
លោកបន្តថា ការទិញលក់ដី និងជាពិសេសការកាប់រានព្រៃឈើយកដីនោះសុទ្ធសឹងតែជាអំពើខុសច្បាប់ ពីព្រោះច្បាប់បានហាមមិនឲ្យមានការលក់ដីធ្លីសហគមន៍ជនជាតិដើមភាគតិច និងកាប់រានព្រៃឈើជាទ្រព្យសម្បត្តិរដ្ឋ។ ករណីនេះក្រុមអាជ្ញាធរពាក់ព័ន្ធគឺជាអ្នកទទួលខុសត្រូវ ដោយសារតែអ្នកដែលបានកាប់រាន និងទិញលក់ដីរដ្ឋខុសច្បាប់នេះមិនមាននរណាម្នាក់ទទួលទោសនៅឡើយ។
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមដូច្នេះ ៖ «ប៉ុន្មានឆ្នាំតាំងពីច្បាប់ភូមិបាលថ្មីចេញមកមានភាពអនាធិបតេយ្យក្នុងការលក់ទិញ ឬមួយក៏រំលោភទន្ទ្រានយកដីព្រៃ ហើយនិងដីចម្ការវិលជុំរបស់សហគមន៍ជនជាតិដើមភាគតិច។ រហូតដល់ពេលនេះច្បាប់ក៏មិនទាន់ទទួលស្គាល់ ហើយយើងឃើញថា បើសិនបណ្ដោយទុកឲ្យសភាពការណ៍ហ្នឹងតទៅមុខទៀតមានអំពើហិង្សាកើតទូទាំងខេត្ត។បើសិនរឿងហ្នឹងវាដូចដែលអ្នកភូមិបាននិយាយមែន គឺជាការអនុវត្តមួយប្រើហិង្សា ដែលច្បាប់មិនអនុញ្ញាតឲ្យធ្វើអ៊ីចឹងចំពោះចៅក្រមហើយ យើងនឹងអន្តរាគមន៍ឲ្យស្ថាប័នថ្នាក់លើធ្វើការអង្កេតតទៅទៀត»។
កាលពីខែកញ្ញា ឆ្នាំ២០០៨ អនុគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តបានចេញដីកាដកហូតដីចំនួន ៣០០ហិកតារ ដែលឈ្មោះ ចេន យុនអន បានទិញបន្តនោះវិញ ដោយសំអាងថា ដីទាំងអស់នោះបានមកពីការកាប់រានដីព្រៃឈើ ក៏ប៉ុន្តែនៅខែតុលា ឆ្នាំ២០០៨ អតីតអភិបាលខេត្តលោក មួង ប៉យ បានចេញដីកាប្រគល់ដី ២០០ហិកតារឲ្យទៅឈ្មោះ ចេន យុនអន វិញ ដោយសំអាងថា ដី ២០០ហិកតារនោះមិនមែនជាដីព្រៃឈើ ក៏ប៉ុន្តែមិនបានបង្កើតគណៈកម្មការចុះវាស់វែងកំណត់ព្រំដី ២០០ហិកតារនោះទេ ធ្វើឲ្យទំនាស់ដណ្ដើមដីនៅតំបន់នោះកើតមានបន្តរវាងប្រជាពលរដ្ឋ និងឈ្មោះ ចេង យុនអន។ រហូតមកទល់នឹងខែសីហា ឆ្នាំ២០១១ នេះ ទើបឈ្មោះ ចេន យុនអន បានប្ដឹងសុំឲ្យតុលាការចេញដីការក្សាការពារចុះវាស់វែងដីនោះ។
យ៉ាងនេះក្ដី ប្រជាពលរដ្ឋភូមិប៉ាអរ ឲ្យដឹងថា ពួកគាត់ស្នើសុំបដិសេធដីការក្សាការពាររបស់តុលាការ ហើយដកហូតដីទាំងអស់ទុកជាសម្បត្តិរដ្ឋ សម្រាប់ក្រុមសហគមន៍ប្រើប្រាស់ថែរក្សា និងអាស្រ័យផលដូចដើមវិញ និងសុំឲ្យមានការផ្ដន្ទាទោសឈ្មោះ សេង ពិសិដ្ឋ និងឈ្មោះ ឡេង ហុង អ្នកដើមគំនិតក្នុងអំពើរំលោភច្បាប់នេះ៕