សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃអង្គារ ទី៧ ខែមិថុនា បានបដិសេធមិនទទួលយកសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ដែលបានស្នើសុំឲ្យតុលាការពន្យារពេលសម្រាប់ដើមបណ្ដឹងរដ្ឋប្បវេណីទាក់ទងនឹងសំណុំរឿងដ៏ចម្រូងចម្រាសករណី ០០៣។ សហចៅក្រមស៊ើបអង្កេតក៏បានបដិសេធមិនបន្តកិច្ចស៊ើបសួរករណី ០០៣ ផងដែរ។
សហចៅក្រមស៊ើបអង្កេតសាលាក្ដីខ្មែរក្រហមលើកឡើងថា ការបដិសេធនេះដោយសំអាងថា សហព្រះរាជអាជ្ញាខកខានមិនបានផ្ដល់ឯកសារត្រឹមត្រូវតាមទម្រង់ច្បាប់។
សាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី២៩ មេសា បានឲ្យដឹងថា សហចៅក្រមបានពិនិត្យ និងបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿង ០០៣ ដែលមានភស្តុតាងជាង ២ពាន់ឯកសារ មានចំនួន ៤៨.០០០ទំព័រ (បួនម៉ឺនប្រាំបីពាន់ទំព័រ)។
សេចក្ដីប្រកាសនេះមិនបានបញ្ជាក់ពីទីតាំងឧក្រិដ្ឋកម្ម និងឈ្មោះជនសង្ស័យនោះទេ ប៉ុន្តែមន្ត្រីតាមដានករណី ០០៣ និងជនរងគ្រោះ ធ្លាប់បានប្រកាសថា យ៉ាងហោចណាស់ក៏មានជនសង្ស័យពីររូបក្នុងករណី ០០៣ ត្រូវបានគេស្គាល់អត្តសញ្ញាណ។
ជនសង្ស័យរួមមាន អតីតមេបញ្ជាការទ័ពជើងទឹក លោក មាស មុត និងអតីតមេបញ្ជាការទ័ពជើងអាកាស លោក ស៊ូ ម៉េត ថាមានការពាក់ព័ន្ធនឹងការសម្លាប់ពលរដ្ឋខ្មែរក្នុងអំឡុងពេលដែលខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជា ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
សេចក្ដីប្រកាសព័ត៌មានរបស់សហចៅក្រមស៊ើបអង្កេតផ្សាយនៅថ្ងៃអង្គារ ទី៧ មិថុនា បញ្ជាក់ថា វិធានផ្ទៃក្នុងសាលាក្ដីមិនមានទុកចន្លោះណាមួយសម្រាប់ឲ្យសហព្រះរាជអាជ្ញាណាមួយអាចធ្វើការជាលក្ខណៈបុគ្គលបានឡើយ ហើយការដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងបានផុតកំណត់តាំងពីថ្ងៃទី១៨ ឧសភា មកម្ល៉េះ។
មន្ត្រីឃ្លាំមើលដំណើរការតុលាការខ្មែរក្រហម កាលពីខែឧសភា ធ្លាប់បានសម្ដែងក្ដីបារម្ភបន្ថែមទៀត អំពីការខកខានមិនបានលើកយកជនសង្ស័យក្នុងករណី ០០៣ ទៅកាត់ទោស ដោយសារតែវិបត្តិផ្ទៃក្នុងតុលាការខ្មែរក្រហម។ សេចក្ដីបារម្ភនេះកើតឡើងក្រោយពេលដែលសហចៅក្រមស៊ើបអង្កេតបានទាមទារឲ្យសហព្រះរាជអាជ្ញាអន្តរជាតិលុបចោលការទាមទារឲ្យមានការស៊ើបអង្កេតបន្ថែមក្នុងករណី ០០៣។
សហចៅក្រមស៊ើបអង្កេតកាលពីខែឧសភា បានចោទប្រកាន់សហព្រះរាជអាជ្ញាអន្តរជាតិថា ការបញ្ចេញព័ត៌មានពិស្ដារស្ដីពីឧក្រិដ្ឋកម្មក្នុងករណី ០០៣ អំពីទីតាំងឧក្រិដ្ឋ និងផែនការឧក្រិដ្ឋនានារបស់សហព្រះរាជអាជ្ញាអន្តរជាតិ លោក អេនឌ្រូ ខេលី (Andrew Cayley) ជាការរំលោភលើវិធានរក្សាភាពសម្ងាត់តុលាការ។
មន្ត្រីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈសាលាក្ដីខ្មែរក្រហម លោក ឌឹម សុវណ្ណារុំ នៅថ្ងៃអង្គារ ទី៧ មិថុនា បដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទងការចោទប្រកាន់ក្នុងសំណុំរឿង ០០៣ នោះទេ ប៉ុន្តែលោកបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមធ្វើការដោយគ្មានការជ្រៀតជ្រែកពីមជ្ឈដ្ឋានខាងក្រៅទេ។
លោកបន្តថា ៖ «នេះជានីតិវិធីច្បាប់។ យើងឃើញថា សហចៅក្រមស៊ើបអង្កេតបានជូនដំណឹងជាសាធារណៈថ្ងៃនេះ ការងារបន្តសហព្រះរាជអាជ្ញាលោកនឹងពិនិត្យ ថាតើការបដិសេធបែបនេះសហព្រះរាជអាជ្ញាបន្តប្ដឹងឧទ្ធរណ៍ទៅអង្គបុរេជំនុំជម្រះ ឬយ៉ាងណា? អ៊ីចឹងត្រូវទុកលទ្ធភាពនេះទៅខាងសហព្រះរាជអាជ្ញាពិចារណា បន្ទាប់ពីសហចៅក្រមស៊ើបអង្កេតចេញសេចក្ដីប្រកាសថ្ងៃនេះ»។
រដ្ឋាភិបាលខ្មែរធ្លាប់បានព្រមានសាលាក្ដីខ្មែរក្រហមមិនឲ្យបន្តការកាត់ទោសជនសង្ស័យបន្ថែមទៀតក្រៅតែពីករណី ០០១ និង ០០២៕