ប៉ូលិស​រារាំង​កម្មករ​រោង​ចក្រ​ជូន​តិច​ថាយ​ហែ​ក្បួន

ប៉ូលិស​រាជធានី​ភ្នំពេញ​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់ បាន​រារាំង​មិន​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ឈ្មោះ ជូន តិច​ថាយ (June Textile) ប្រមាណ ២០០​នាក់ ហែ​ក្បួន​ចេញ​ពី​រោង​ចក្រ នៅ​ថ្ងៃ​ទី​២៥ ឧសភា​នេះ។

ក្រុម​កម្មករ ដែល​ដឹក​នាំ​ដោយ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា គ្រោង​ដង្ហែ​ក្បួន​ចេញ​ពី​រោងចក្រ​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ឆ្ពោះ​ទៅ​កាន់​ទីលាន​សេរីភាព ដើម្បី​សម្ដែង​ការ​តវ៉ា​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ឲ្យ​គោរព​តាម​ច្បាប់​ស្ដីពី​ការងារ​៥​ចំណុច និង​សុំ​ឲ្យ​ភាគី​រោងចក្រ​ផ្ដល់​នូវ​ប្រាក់​អត្ថប្រយោជន៍​យ៉ាង​តិច​១០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

អ្នកស្រី ឯម សុវណ្ណារី កម្មការិនី​រោងចក្រ​មិថុនា បាន​ថ្លែង​ថា ពួក​គាត់​ទាមទារ​ឲ្យ​ថៅកែ​បង់​ប្រាក់​អតីតភាព​ការងារ​មក​ដល់​កម្មករ​ដូច​ច្បាប់​ស្ដីពី​ការងារ​របស់​ប្រទេស​កម្ពុជា ៖ "សុំ​ឲ្យ​ជួយ​គិត​ប្រាំ​ចំណុច​មក​ឲ្យ​ពួក​ខ្ញុំ​បាន​លុយ​សម​រម្យ​ថា​យក​ទៅ​ប្រកប​មុខ​របរ​កន្លែង​ណា​ព្រោះ​អី​ទៅ​ធ្វើ​ការ​អី​ក៏​មាន​ផល​ពិបាក​ដែរ​សុំ​ឲ្យ​លោក​ជួយ​មើល​ដោះស្រាយ។ កុំ​ពួក​ខ្ញុំ​គ្រាន់​តែ​ពួក​ខ្ញុំ​មក​ឡើង​អត់​មាន​ទៅ​ឈ​កណ្ដាល​ថ្នល់​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​ផង​យក​ពួក​បង្ក្រាប​មក​ទាំង​ឡាន​ៗ។ ពួក​ខ្ញុំ​ខ្លាច​ណាស់​មិន​ចង់​មក​ប្រឈម​មុខ​ឲ្យ​គេ​វាយ​ដំ​ទេ​ពូ"

ក្នុង​ពេល​ដែល​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​នេះ ក្រុម​សន្តិសុខ​របស់​សង្កាត់​ទឹកថ្លា បាន​មក​វាយ​លោក រ៉ុង ឈុន ហើយ​ដណ្ដើម​យក​ឧបករណ៍​បំពង​សំឡេង​ដែល​លោក រ៉ុង ឈុន កំពុង​និយាយ​ទៅ​កាន់​ក្រុម​កម្មករ។

ក្រុម​កម្មករ​បាន​បំបែក​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ពេល​ជួប​ប្រជុំ​គ្នា​រយៈពេល​ជាង​២​ម៉ោង ដោយ​បោះបង់​ចោល​គម្រោង​ដង្ហែ​ក្បួន​ទៅ​កាន់​ទីលាន​សេរីភាព។ ស្រប​ពេល​គ្នា​នោះ​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​បន្ថែម​កម្លាំង​សរុប​ប្រមាណ​២០០​នាក់ រួម​ទាំង​សមត្ថកិច្ច​ស្លៀក​ពាក់​ឯកសណ្ឋាន និង​ស្លៀក​ពាក់​ស៊ីវិល។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ថ្លែង​ថា ថៅកែ​បាន​ព្យាយាម​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រាក់​សំណង​មក​ដល់​កម្មករ។ លោក​បន្ត​ថា ករណី​ភ្លើង​ឆេះ​រោងចក្រ​នេះ គឺ​មិន​មែន​ជា​ករណី​ប្រធានសក្ដិ​ដូច​គ្រោះ​ធម្មជាតិ ឬ​សង្គ្រាម​ទេ លោក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​រក​វិធាន​ការ​ជួយ​ដល់​ក្រុម​កម្មករ​ទាំង​នេះ ៖ "គម្រោង​ដែល​យើង​គ្រោង​ដង្ហែ​ឆ្ពោះ​ទៅ​សួន​សេរីភាព បន្ទាប់​ពី​សម្ដែង​មតិ​នៅ​សួន​សេរីភាព​ យើង​ឆ្ពោះ​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក នៅ​ស្ថានទូត​សហគមន៍​អឺរ៉ុប ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដាក់​ទៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី។ ប៉ុន្តែ​ឥឡូវ​នេះ​យើង​គិត​ថា នឹង​មាន​ការ​លំបាក​ក្នុង​ការ​ដង្ហែ​ក្បួន​អ៊ីចឹង​យើង​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាទ"

ក្រុម​កម្មករ​រោងចក្រ​ជូន​តិច​ស្ថាយ (June Textiles) ហៅ​រោងចក្រ​មិថុនា នេះ​បាន​បាត់​បង់​ការងារ​របស់​ខ្លួន​រយៈពេល​ជិត​២​ខែ ហើយ​ដោយសារ​តែ​រោងចក្រ​ត្រូវ​ភ្លើង​ឆេះ ហើយ​ថៅកែ​បាន​បញ្ឈប់​កម្មករ​ទាំង​អស់​ដោយ​យល់​ព្រម​បង់​ប្រាក់​អតីត​ភាព ២០​ដុល្លារ ក្នុង​កម្មករ​ម្នាក់​ក្នុង​មួយ​ឆ្នាំ តែ​ក្រុម​កម្មករ​មិន​យល់​ព្រម ដោយ​ទាម​ទារ​ប្រាក់​អតីតភាព​ក្នុង​ម្នាក់ ១០០​ដុល្លារ​ក្នុង​១​ឆ្នាំ។ ដោយ​សារ​ថៅកែ​មិន​ព្រម​បង់​តាម​ការ​ទាម​ទារ ទើប​បាន​កម្មករ​សម្រេច​នាំ​គ្នា​ធ្វើ​បាតុកម្ម៕