ក្រុមគ្រូបង្រៀនបានស្នើឲ្យប្រមុខដឹកនាំរដ្ឋាភិបាល ជួយមានវិធានការទៅថ្នាក់ដឹកនាំស្ថាប័នអប់រំ ឲ្យពន្លឿនបើកបៀវត្សជូនគ្រូបង្រៀនឲ្យបានឆាប់ ដើម្បីជួយសម្រាលកង្វះខាតក្នុងជីវភាពរស់នៅ។
គ្រូបង្រៀននៅតាមសាលាមួយចំនួនក្នុងខេត្តកំពង់ចាម បានរអ៊ូរទាំថា ប្រាក់បៀវត្ស និងប្រាក់ផ្សេងៗទៀត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មិនបានបើកជូនច្រើនខែមកហើយ។
លោក ឱម ងួន ជាតំណាងឲ្យគ្រូបង្រៀននៅអនុវិទ្យាល័យព្រីងជ្រំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកបានឲ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ថា ប្រាក់បៀវត្សគ្រូបង្រៀនសម្រាប់ខែវិច្ឆិកា មន្ទីរអប់រំមិនទាន់បើកជូនទេ។ រីឯប្រាក់បង្រៀនបន្ថែមម៉ោងចំនួន ៣ខែ ក៏មិនទាន់បើក និងប្រាក់តំបន់រយៈពេល ១ឆ្នាំ ក៏មិនទាន់បើក។
លោកស្នើឲ្យប្រមុខរដ្ឋាភិបាលជួយស៊ើបអង្កេត និងជំរុញឲ្យផ្នែកពាក់ព័ន្ធបើកប្រាក់បៀវត្សទាំងនេះជូនគ្រូបង្រៀនឲ្យបានទៀតទាត់ និងត្រូវលុបបំបាត់អំពើពុករលួយ ក្នុងការកាត់ប្រាក់បំណាច់ផ្សេងៗពីគ្រូបង្រៀនរបស់មន្ត្រីដឹកនាំស្ថាប័នអប់រំឲ្យបានជាស្ថាពរ៖ «ប្រាក់បៀវត្សខែវិច្ឆិកា និងប្រាក់បន្ថែមម៉ោង ១ត្រីមាសចុងខែធ្នូ ឆ្នាំ២០១២ បីខែហ្នឹង អត់ទាន់ឃើញទេ។ គ្រូៗសព្វថ្ងៃខ្លោចផ្សា ទៅសាលាឆ្ងាយ គ្មានអីចាក់សាំង អត់ឃើញប្រាក់ខែមកសោះ ហើយប្រាក់ម៉ោង បើបើកមកហើយកាត់ ២០% ទៀត។ នាយកគេថាលុយហ្នឹងគេកាត់ពីលើៗមក»។
លោក ស៊្រុន សីហា គ្រូបង្រៀននៅអនុវិទ្យាល័យព្រីងជ្រំ បានស្នើឲ្យមន្ត្រីក្រសួងអប់រំ និងមន្ទីរអប់រំ ជួយផ្តល់ប្រាក់បៀវត្សខែវិច្ឆិកា និងប្រាក់បង្រៀនបន្ថែមម៉ោងចំនួន ៣ខែ ដែលមិនទាន់បើក ត្រូវបើកជូនគ្រូបង្រៀនឲ្យបានឆាប់៖ «ប្រាក់ម៉ោងបន្ថែមនៅ ៣ខែទៀត ត្រីមាសចុងក្រោយក៏នៅកកអត់ទាន់ឃើញដែរ។ ប្រាក់តំបន់ឆ្នាំ២០១១ និង២០១២ ហ្នឹង សាលាជាប់គ្នាសាលាបឋម គេបើក តែចំពោះសាលាអនុវិទ្យាល័យ ខ្ញុំអត់បានទាំងអស់គ្នាទៅវិញ»។
គ្រូបង្រៀនរូបនេះ បានស្នើឲ្យប្រមុខដឹកនាំរដ្ឋាភិបាលជួយជំរុញទៅស្ថាប័នអប់រំឲ្យបើកប្រាក់បៀវត្ស ប្រាក់បន្ថែមម៉ោង និងប្រាក់តំបន់ ជូនគ្រូបង្រៀនខេត្តកំពង់ចាម ឲ្យបានឆាប់ ដើម្បីជួយសម្រួលការខ្វះខាតគ្រូបង្រៀន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ស្វាយ ផល្លា ប្រធានមន្ទីរអប់រំខេត្តកំពង់ចាម បានទេ តាមទូរស័ព្ទនៅថ្ងៃទី១៨ ខែធ្នូ ព្រោះមិនមានអ្នកលើកទទួល។
លោក វណ្ណា រិន នាយកវិទ្យាល័យព្រីងជ្រំ មានទីតាំងក្នុងស្រុកជើងព្រៃ ទទួលស្គាល់ថា ប្រាក់បៀវត្សគ្រូបង្រៀនខែវិច្ឆិកា និងប្រាក់បង្រៀនបន្ថែមម៉ោងចំនួន ៣ខែ មន្ទីរអប់រំមិនទាន់បើកជូនគ្រូបង្រៀនពិតមែន។ លោកបន្តថា ប្រាក់តំបន់ចំនួន ៤ម៉ឺនរៀលក្នុង១ខែ ជាប្រាក់ឧបត្ថម្ភជូនគ្រូបង្រៀននៅតំបន់ឆ្ងាយសម្រាប់ឆ្នាំសិក្សា២០១១ និង២០១២ ក៏ត្រូវក្រសួងកាត់ផ្តាច់មិនផ្តល់ជូនគ្រូបង្រៀនទេ៖ «ប្រាក់តំបន់ហ្នឹងគេអត់ឲ្យទេមួយឆ្នាំទៅមិញហ្នឹង គឺគេមានសារាចរចេញមកអ៊ីចឹង។ ព្រោះសារាចររបស់ក្រសួងគេចេញឲ្យតែលុយគ្រូបឋម ឬសាលាបឋមដល់គ្រូអនុវិទ្យាល័យ អ៊ីចឹងគេអត់មានសារាចរទេ ប៉ុន្តែឆ្នាំថ្មីហ្នឹងគេនឹងសើរើឲ្យវិញ ឆ្នាំសិក្សា២០១៣ ហ្នឹង»។
បញ្ហានេះនាំឲ្យគ្រូបង្រៀនតាមសាលាមួយចំនួននៅខេត្តកំពង់ចាម កើតមន្ទិលសង្ស័យ និងបានស្នើឲ្យប្រមុខដឹកនាំជួយមានវិធានការផ្តល់ប្រាក់តំបន់សម្រាប់ឆ្នាំសិក្សាឆ្នាំ២០១១-២០១២ រយៈពេល១ឆ្នាំដែលស្ថាប័នអប់រំមិនទាន់បើកជូនគ្រូបង្រៀនឲ្យបានឆាប់។
ទាក់ទិនបញ្ហានេះ លោក យូ គឹមអាន ប្រធានការិយាល័យអប់រំស្រុកជើងព្រៃ បញ្ជាក់ថា ប្រាក់បៀវត្សខែវិច្ឆិកា និងប្រាក់បង្រៀនបន្ថែមម៉ោងពិតជាមិនទាន់បើកជូនគ្រូបង្រៀនពិតមែន។ ប៉ុន្តែលោកថា សម្រាប់ប្រាក់តំបន់នឹងផ្តល់ជូនគ្រូបង្រៀនក្នុងប៉ុន្មានថ្ងៃទៀតនេះ ព្រោះថវិកាបានធ្លាក់ដល់ដៃការិយាល័យអប់រំស្រុកជើងព្រៃ រួចហើយ៖ «ប្រាក់តំបន់ទើបបើកពីមន្ទីរមកពីម្សិលមិញទេ។ អ៊ីចឹងប្រហែលជាថ្ងៃហ្នឹង ឬថ្ងៃស្អែក ប្រហែលជាបើកជូនគាត់ហើយៗប្រាក់បន្ថែមម៉ោង ឬប្រាក់ខែវិច្ឆិកា បានបញ្ជូនឯកសារទៅដល់ដៃមន្ទីរអប់រំរួចហើយ ហើយទំនងជាត្រូវបើកនៅចុងខែធ្នូ នេះ»។
ទោះយ៉ាងណា ក្រុមគ្រូបង្រៀនខេត្តកំពង់ចាម បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវជួយជំរុញឲ្យក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ ពន្លឿនបើកប្រាក់បៀវត្ស ឬប្រាក់បំណាច់ផ្សេងៗជូនគ្រូបង្រៀននៅទូទាំងប្រទេសឲ្យបានទៀតទាត់តាមខែនិមួយៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
