អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ឆ្នាំង​ចោទ​តុលាការ​ថា​មិន​ស៊ើប​អង្កេត​រឿង​ទំនាស់​ដី

ចៅក្រម​សាលា​ដំបូង​ខេត្ត​បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ដី​កម្មសិទ្ធិ​សាធារណៈ​របស់​រដ្ឋ។

0:00 / 0:00

ចៅ​សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់ឆ្នាំង គឺ​អ្នក​ស្រី ភួន ឈួយ​អេង។ អ្នក​ស្រី​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ កុម្ភៈ ថា អាជ្ញាធរ​សង្កាត់​មាន​ក្ដី​កង្វល់​ចំពោះ​ដីកា​សម្រេច​រក្សា​ការ​ពារ​លេខ​០២/២០១២ របស់​សាលា​ដំបូង​ខេត្ត។ អ្នក​ស្រី​បាន​ចាត់​ទុក​ថា នេះ​ជា​ការ​សម្រេច​ខ្វះ​ភាព​យុត្តិធម៌ និង​ពុំ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ ដែល​ជា​កត្តា​នាំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​សង្គម ៖ «ខាង​តុលាការ​ហ្នឹង​មិន​ដែល​មក​ជួប​នឹង​ភូមិ​ឃុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​បាន​អស់​ចិត្ត។ឯកសារ​យើង​មាន​ទាំង​អស់ មាន​ទាំង​សាក្សី និង​អាជ្ញាធរ​ភូមិ​ដឹង​ឮ​គ្រប់​គ្រាន់​អំពី​ការ​ពិត។ ហេតុ​អី​ក៏​តុលាការ​មិន​ចុះ​មក​ស៊ើប​អង្កេត ខ្ញុំ​ឆ្ងល់​ណាស់។ បើ​ចេះ​តែ​ចេញ​ដីកា​បែប​ហ្នឹង​ងាប់​អស់​ហើយ​អ្នក​រង​គ្រោះ​មុខ​ជា​អត់​ផ្ទះ​សំបែង​នៅ​ហើយ​របៀប​នេះ...»

កាល​ពី​ថ្ងៃ​ទី​១៨ មករា ឆ្នាំ​២០១១ លោក អ៊ី ហ៊ីម ជា​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ដាក់​បណ្ដឹង​សុំ​ឲ្យ​សាលា​ដំបូង​ខេត្ត​ចេញ​ដីកា​រក្សា​ការ​ពារ​លើ​ដី​ទំហំ​ទទឹង ៧​ម៉ែត្រ និង​បណ្ដោយ​ទល់​មាត់​ទន្លេ​ដែល​កំពុង​មាន​ទំនាស់​ជា​មួយ​ឈ្មោះ ម៉ូ ស្រ៊ន និង​ឈ្មោះ ហម សុខ។

ប្រភព​បញ្ជាក់​ថា មុន​ចេញ​ដីកា​នោះ គឺ​ពុំ​បាន​ធ្វើ​ការ​អង្កេត និង​ស្រាវជ្រាវ​ឲ្យ​ច្បាស់​លាស​ពី​បញ្ហា​នោះ​ទេ។

ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ហេង ចន្ទ​ស៊ី​បូរិន បាន​ចេញ​ដីកា​រក្សា​ការ​ពារ​លេខ​០២/២០១២ ចុះ​ថ្ងៃ​១៩ កុម្ភៈ ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ឈ្មោះ អ៊ី ហ៊ីម មាន​សិទ្ធិ​គ្រប់គ្រង​លើ​ដី​ទំហំ​ទទឹង ៧​ម៉ែត្រ និង​បណ្ដោយ​ទល់​មាត់​ទន្លេ​ដែល​កំពុង​មាន​ទំនាស់​នេះ។

សាក្សី​ដែល​ជា​ប្រជា​ពល​រដ្ឋ​រស់​ក្នុង​តំបន់​នេះ​ជា​ច្រើន​នាក់ ព្រម​ទាំង​អាជ្ញាធរ​ភូមិ​ឃុំ មិន​យល់​ស្រប​ចំពោះ​ដីកា​រក្សា​ការ​ពារ​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​នោះ​ឡើយ។ ដោយ​អាជ្ញាធរ​ដែន​ដី និង​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​បាន​ដឹង​ថា ដី​ទំហំ​ទទឹង ៧​ម៉ែត្រ និង​បណ្ដោយ​ទល់​មាត់​ទន្លេ​នេះ គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​ត្រូវ​បាន​ឈ្មោះ ម៉ូ ស្រ៊ន និង ហម សុខ គ្រប់គ្រង និង​ប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ​១៩៨០ មក​ម្ល៉េះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក ហេង ចន្ទស៊ីបូរិន ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ កុម្ភៈ។

ប៉ុន្តែ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពេញ វិបុល បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ការ​ចេញ​ដីកា​រក្សា​ការ​ពារ​នេះ​ពុំ​មាន​កំហុស​ក្នុង​នីតិ​វិធី​នោះ​ទេ។ លោក​ថា ភាគី​ម្ខាង​ទៀត​អាច​ប្ដឹង​ទាស់​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ ប្រសិន​បើ​យល់​ថា ដីកា​សម្រេច​រក្សា​ការពារ​នេះ​មិន​យុត្តិធម៌​ចំពោះ​ខ្លួន ៖ «បើ​សិន​ជា​ភាគី​ម្ខាង​ទៀត​មាន​អ្វី​ដែល​ជា​សំអាង ដូច​ជា​ការ​បញ្ជាក់​របស់​អាជ្ញាធរ​នោះ យើង​ដាក់​បណ្ដឹង​ទាស់ ហើយ​ចៅក្រម​គេ​នឹង​ពិចារណា​ឡើង​វិញ ឬ​កាត់​ក្ដី​សារ​ឡើង​វិញ។ ហើយ​បើ​មិន​ចង់​ប្ដឹង​ទាស់​ទេ គឺ​អាច​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ទៀត​បាន...»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ការ​ពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង លោក សំ ចន្ទគា មាន​ប្រសាសន៍​ថា ដោយ​ដី​ទំហំ​ទទឹង ៧​ម៉ែត្រ និង​បណ្ដោយ​ទល់​មាត់​ទន្លេ​នេះ គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ដូច្នេះ​លោក អ៊ី ហ៊ីម ពុំ​មាន​សិទ្ធិ​ក្នុង​ការ​សុំ​ដីកា​សម្រេច​រក្សា​ការពារ​ដី​នេះ​បាន​ទេ។ ចំណែក​ការ​ចេញ​ដីកា​សម្រេច​រក្សា​ការ​ពារ​របស់​ចៅក្រម គឺ​ពុំ​ត្រឹម​ត្រូវ​តាម​នីតិ​វិធី​ឡើយ។

ចំណែក​ភាគី​ចុង​ចោទ គឺ​លោក ម៉ូ ស្រ៊ន និង ហម សុខ បាន​ធ្វើ​ការ​ប្ដឹង​ទាស់​ទៅ​តុលាការ​រួច​ហើយៗ ពួក​គាត់​កំពុង​រង់ចាំ​ការ​កោះ​ហៅ​របស់​តុលាការ​ដើម្បី​ធ្វើ​ការ​កាត់​ក្ដី​សារ​ជា​ថ្មី​ចំពោះ​រឿង​ក្ដី​នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។