បច្ចុប្បន្នរមណីយដ្ឋាននេះត្រូវពលរដ្ឋរស់នៅក្បែរនោះកកាយយកដីភ្នំដែលដុះជាថ្មកញ្ចក់លក់ចិញ្ចឹមជីវិត។ ការកាយភ្នំនោះត្រូវពលរដ្ឋច្រើនគ្រួសារទៀតក្នុងឃុំ បានផ្ដិតមេដៃសុំឲ្យអាជ្ញាធរស្រុក ខេត្ត និងរដ្ឋាភិបាលទប់ស្កាត់សកម្មភាពនោះ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពត លោក គង់ ផល្លា បានបដិសេធនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ថា ពលរដ្ឋបំផ្ទុះថ្មកញ្ចក់ក្នុងរមណីយដ្ឋានអភិរក្សប្រាសាទភ្នំខ្យងយកទៅលក់រាល់ថ្ងៃ មិនប៉ះពាល់ដល់តំបន់បុព្វបុរសបានសង់ប្រាសាទលើភ្នំខ្យងទេ។
លោក គង់ ផល្លា បន្តថា តំបន់ដែលពលរដ្ឋបានបំផ្ទុះភ្នំយកថ្មកញ្ចក់លក់នោះ នៅឯភ្នំសង្កែ ឆ្ងាយពីទីតាំងអភិរក្សប្រសាទ។ ប៉ុន្តែកន្លែងបំផ្ទុះថ្មភ្នំនោះ ពិតជានៅក្នុងរមណីយដ្ឋានរបស់ប្រាសាទភ្នំខ្យងមែន៖ «លើកមុនខ្ញុំអត់ទាន់បានចុះពិនិត្យ។ ឥឡូវខ្ញុំបានចុះដល់ទីតាំងរួចហើយ ខ្ញុំបានរាយការណ៍ទៅខេត្តរួចហើយ ពីព្រោះខ្ញុំចុច ជីភីអេស (GPS) ខ្ញុំមក គឺខ្ញុំការពារបានតែ ១,៥០០ម៉ែត្រទេ។ នេះវាឋិតក្រៅដែនរបស់ខ្ញុំហើយ គឺវាឆ្ងាយជាង ១,៥០០ម៉ែត្រពីអ័ក្សប្រាសាទ»។
ការបដិសេធនេះ បានធ្វើឡើងក្រោយពីមន្ត្រីមន្ទីរវប្បធម៌ បានចុះទៅពិនិត្យដល់ទីតាំងបំផ្ទុះថ្មនោះ នៅក្នុងភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។
កាលពីថ្ងៃទី៦ ខែកក្កដា លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា ពលរដ្ឋដែលកំពុងកាយភ្នំយកថ្មលក់ គឺស្ថិតក្នុងតំបន់លេខ២ ដែលរដ្ឋាភិបាលបានកំណត់ជាតំបន់អភិរក្សសំរាប់អ្នកទេសចរណ៍ ហើយការបំផ្ទុះភ្នំយកថ្មនេះ អាចប៉ះពាល់ដល់ការបាក់ស្រុតប្រាសាទដែលរដ្ឋាភិបាលបានអភិរក្ស។
អភិបាលស្រុកកំពង់ត្រាច លោក អ៊ុម សីណាត ថ្លែងថា ទោះបីកន្លែងបំផ្ទុះភ្នំយកថ្មរបស់ពលរដ្ឋនោះ មិននៅក្នុងភ្នំសង់ប្រាសាទ ប៉ុន្តែវានៅក្នុងរមណីយដ្ឋានដែលរដ្ឋាភិបាលអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិ។ ទោះបីបច្ចុប្បន្នពលរដ្ឋកំពុងប្រកបរបរនេះមានតិចគ្រួសារ ប៉ុន្តែនៅថ្ងៃក្រោយសកម្មភាពជួញដូរអាចរីកទ្រង់ទ្រាយធំ វាអាចនឹងបង្កបញ្ហាកកាយភ្នំយករ៉ែថ្មកញ្ចក់នោះកើនឡើង នាំឲ្យបាក់ភ្នំ ឬអាចមានមនុស្សស្លាប់ដោយថ្មភ្នំបាក់លើជាដើម។
លោក អ៊ុម សីណាត៖ «ព្រោះខ្ញុំសហការជាមួយជំនាញ ខ្ញុំថានឹងបិទមិនឲ្យពួកគាត់បន្តធ្វើតទៅទៀត ព្រោះថាទី១ វាអាចនឹងប៉ះពាល់ គ្រោះថ្នាក់អាយុជីវិតគាត់អ៊ីចឹង។ ទី២ កន្លែងអស់នេះវាមិនគួរថា យើងទៅធ្វើអី បង្កឲ្យវាមានបញ្ហាទេ យើងអភិរក្សទុកនៅក្នុងតំបន់»។
ជំទប់ទី២ ឃុំប្រាសាទភ្នំខ្យង លោក មាស សារ៉េត អះអាងថា សកម្មភាពបាញ់បំបែកភ្នំសង្កែយកថ្មកញ្ចក់លក់ នៅតែមានសកម្មភាពដដែល។ ការដឹកជញ្ជូនថ្មតាមរថយន្តយកទៅលក់បានកើនឡើង។
ពលរដ្ឋជាង ១០គ្រួសារ រស់នៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត នៅតែបន្តជីករូងដីភ្នំសង្កែក្បែរភ្នំប្រាសាទភ្នំខ្យង កើបយកថ្មពណ៌សថ្លាដូចកញ្ចក់ លក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ពួកគេអះអាងថា មុខរបរបំផ្ទុះភ្នំយកថ្មលក់នេះ ជារបរបន្ទាប់បន្សំ បន្ទាប់ពីមេឃមិនបានធ្លាក់ភ្លៀងសំរាប់បង្កបង្កើនផលស្រូវ។ ពួកគាត់អះអាងថា នឹងបញ្ឈប់ការបាញ់ភ្នំយកថ្មកញ្ចក់លក់នៅពេលដែលទឹកភ្លៀងធ្លាក់មកល្មមអាចធ្វើស្រែបាន។ ពួកគាត់ក៏បានឲ្យដឹងថា តម្លៃជួញថ្មនេះក្នុងមួយបាវស៊ីម៉ងត៍ តម្លៃបានតែ ២ពាន់រៀលទេ។ ក្នុង១ថ្ងៃពួកគាត់ប្រមូលបានក្នុងម្នាក់ តែ ២ ទៅ ៣បាវសំរាប់លក់។
មេឃុំប្រាសាទភ្នំខ្យង លោក ហ៊ុន តេង ថ្លែងកន្លងមកថា ពីមុនពលរដ្ឋមិនបានដឹងថា ក្រោមភ្នំសង្កែមានរ៉ែថ្មដែលមានតម្លៃនោះទេ ទើបតែក្រុមកាយដីភ្នំយកទៅចាក់ធ្វើផ្លូវអភិវឌ្ឍន៍ក្នុងឃុំ កាយយកអាចម៍ដីភ្នំសង្កែ ប្រទះដីខាងក្រោមមានថ្មកញ្ចក់ជារ៉ែថ្មមានតម្លៃ។
លោកបន្តថា សកម្មភាពកាយលក់ថ្មភ្នំនេះ មន្ត្រីគ្រប់ស្ថាប័នចុះហាមកាយថ្មភ្នំលក់នោះ ប៉ុន្តែដោយឃើញសកម្មភាពលក់ដូរថ្មតិចតួច ក៏មិនបានហាមឃាត់ដាច់ខាតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
