សមាគមម្រេចកំពតនឹងដំឡើងថ្លៃម្រេចខ្មៅរបស់ខ្លួននៅឆ្នាំ២០១២ ពីតម្លៃ ៨ដុល្លារ ដល់១០ដុល្លារ ក្នុងមួយគីឡូក្រាម។
ប្រធានសមាគមម្រេចកំពត លោក ងួន ឡាយ បានអះអាងនៅថ្ងៃពុធ ទី១ ខែកុម្ភៈ ថាការដំឡើងថ្លៃនេះ ក្រោយពីមានកិច្ចប្រជុំកាលពីចុងខែមករា ស្ដីពីការបូកសរុបការប្រមូលផលម្រេច ឆ្នាំ២០១១។ រីឯម្រេចក្រហម និងម្រេចស សមាគមនៅរក្សាតម្លៃដដែល គឺ១៥ដុល្លារ ក្នុង១គីឡូក្រាម ដូចឆ្នាំ២០១១។
ប្រធានសមាគមម្រេចកំពតរូបនេះ បានបន្ថែមថា សមាគមអាចដំឡើងថ្លៃម្រេចបានតម្លៃខ្ពស់ ពី១ឆ្នាំ ទៅមួយឆ្នាំនេះ ក៏ដោយសារតែកសិករបានចងក្រងគ្នាជាសមាគម ដើម្បីគ្រប់គ្រងតម្លៃ។ ទី២ ទំនិញទីផ្សារចេះតែឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ។ ទី៣ ម្រេចកំពតរក្សាបាននូវគុណភាព និងរស់ជាតិ។ ទី៤ អ្នកបញ្ជាទិញមានកាន់តែច្រើន ដែលអ្នកដាំម្រេចកំពតមិនអាចផ្គត់ផ្គង់តាមការកំណត់ទិញពីក្រៅប្រទេស ៖ "ឈ្មោះម្រេចកំពតបានយើងដាំបានតែនៅក្នុងខេត្តកែប មាន២ស្រុក ខេត្តកំពត បាន៤ស្រុក តែប៉ុណ្ណឹង។ តែតំបន់ក្រៅពីនោះ យើងមិនអាចយកមកចែកជាមួយម្រេចកំពតបានទេ។ ផលិតផលម្រេចកំពត គឺជាផលិតផលឆ្លងកាត់ការត្រួតពិនិត្យអ៊ីចឹង"។
អ្នកដាំម្រេចនៅស្រុកកំពត់ត្រាច លោក ហឹម យ៉ន ថ្លែងថា ដោយសារតែម្រេចកំពតបានឡើងថ្លៃក្នុងឆ្នាំ២០១២ នេះ គាត់បានពង្រីកជន្លង់ដាំម្រេចថែមជាង ១ពាន់ជន្លង់។ បច្ចុប្បន្នលោកមានជន្លង់ម្រេច ដែលកំពុងប្រមូលផលអាចលក់បានតែចំនួន ៧០០ជន្លង់ ហើយកាលពីឆ្នាំ២០១១ កន្លងមក លោកប្រមូលផលម្រេចបានជាង ៣តោនទេ ក្នុង៧០០ជន្លង់នោះ។ ហេតុនេះគាត់ត្រូវបង្កើនការដាំម្រេចឲ្យបានជិត ២០០ជន្លង់ទៀត ដើម្បីលក់ក្នុងតម្លៃតាមសមាគមកំណត់។
លោកអះអាងដែរ ថាបានជាម្រេចកំពតមានតម្លៃខ្ពស់ជាងម្រេចដាំនៅខេត្តដទៃ ពីព្រោះភូមិសាស្ត្រខេត្តកំពតនៅជាប់សមុទ្ទ ធ្វើឲ្យរស់ជាតិម្រេចឈ្ងុយ និងហិលខ្លាំង ហើយម្រេចខេត្តកំពតមានក្រុមជំនាញមកពីប្រទេសបារាំងចុះត្រួតពិនិត្យគុណភាពម្រេច តម្រូវតាមស្តង់ដារផ្សារពិភពលោកកំណត់ ៖ "ព្រោះយើងផលិតផលភូមិមួយ យើងមិនអាចប្រើជាតិគីមី ដល់ពេលគេពិនិត្យទៅតាមស្តង់ដារអន្តរជាតិ យើងប៉ះពាល់នូវសុខភាព អ៊ីចឹងម្រេចយើងអាចថោកទៅវិញ"។
លោក ងួន ព្រឿង កសិករដាំម្រេចខេត្តកែប ស្រុកដំណាក់ចង្អើរឲ្យដឹងថា ម្រេចរបស់គាត់ដែលអាចប្រមូលផលបានក្នុងឆ្នាំ២០១១ មានចំនួន៤០០ជន្លង់ ក្នុងនោះគាត់អាចប្រមូលគ្រាប់ម្រេចលក់បានចំនួន ៨០០គីឡូ។ នៅឆ្នាំ២០១២ សមាគមម្រេចដំឡើងថ្លៃម្រេចពី ៨ដុល្លារ ទៅ១០ដុល្លារ។ ហេតុនេះគាត់កំពុងពង្រីកការដាំពូជម្រេចទុកសម្រាប់លក់ឲ្យបាន ៧០០ជន្លង់បន្ថែមលើជន្លង់ដែលមានស្រាប់ ចំនួន៤០០ជន្លង់។ ឥឡូវនេះគាត់កំពុងផ្សាំទងម្រេចបាន ២០០ជន្លង់ហើយ ៖ "ឆ្នាំនេះសមាគមនេះផលិតបានជុំវិញ ២០តោនជាង។ ប៉ុណ្ណឹងក៏មិនអាចតម្រូវទីផ្សារបានទេ ព្រោះទីផ្សារវាត្រូវការរាប់ពាន់តោននោះ"។
ស្របពេលដែលសមាគមម្រេចកំពតមិនអាចរកផលម្រេចលក់គ្រប់តាមការបញ្ជាទិញពីបរទេសបាន កសិករនៅភូមិដា និងភូមិបង្គៅ ក្នុងឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម បានត្អូញថា ម្រេចបានចុះថោកជាងឆ្នាំមុន ពី៣ម៉ឺន ១ពាន់រៀល មកនៅត្រឹ ២ម៉ឺន ៦ពាន់រៀល ក្នុង១គីឡូ។
លោក សុផុន នៅភូមិបង្គៅ ថ្លែងថា គាត់ដាំម្រេចប្រើជីធម្មជាតិលាយជាមួយនិងថ្នាំកសិកម្ម បាញ់សម្លាប់សត្វល្អិតរោមផ្កាម្រេច ទើបតម្លៃម្រេចកំពង់ចាមមិនបានថ្លៃដូចនៅខេត្តកំពត ៖ "ប៉ុន្តែរាល់ថ្ងៃនឹង វាទិញ ២ម៉ឺន ៥ពាន់រៀល ក្នុង១គីឡូ អាយើងទើបដល់ ១គីឡូ ២គីឡូនឹង"។
លោក ខែម ហេង នៅភូមិដា ខេត្តកំពង់ចាម ឲ្យដឹងថា ទោះបីម្រេចក្នុងឃុំដាកំពុងចុះថ្លៃជាង ១ដុល្លារ ក្នុង១គីឡូ នៅដើមឆ្នាំ២០១២ គាត់នៅតែបង្កើនការដាំម្រេចពី ៣០០០ជន្លង់ ហិកតារ ទៅ ៤០០០ជន្លង់ ពីព្រោះតម្រូវការម្រេចកើនឡើងក្នុងពិភពលោក៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។