ពលរដ្ឋ​ចោទ​មន្រ្តី​តុលាការ​ខេត្ត​កណ្ដាល​ថា​ជំរិត​ទារ​ប្រាក់​ដើម្បី​បញ្ចប់​រឿង​ក្ដី

ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល បាន​ចោទ​ប្រកាន់​ថា មន្រ្តី​តុលាការ​ខេត្ត​កណ្តាល​មួយ​រូប​បាន​ជំរិត​ទារ​ប្រាក់​១.៥០០​ដុល្លារ​ជា​ការ​បញ្ចប់​រឿង​ក្តី​ប្តឹង​ផ្តល់​គ្នា​ដែល​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៥​មក​នោះ។

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​លើកដែក លោក យិន ផៃ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មករា​ថា ក្រុម​គ្រួសារ​លោក​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​នៅ​ពេល​ដែល​លោក​មិន​មាន​ប្រាក់​បង់​ឲ្យ​តាម​ការ​ជំរិត​ទារ​ចំនួន​១.៥០០​ដុល្លារ​ពី​មន្រ្តី​តុលាការ​ខេត្ត​កណ្តាល​មួយ​រូប កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ ខណៈ​ដែល​លោក​និង​កូន​ប្រសា​ឈ្មោះ ឱ អឿន ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​របស់​ចៅក្រម ហួត ហៀង នៅ​បន្ទប់​លេខ​៣ នៃ​សាលា​ដំបូង​ខេត្ត​កណ្តាល ពី​បទ​ចោទ​ថា បាន​បង្ក​របួស​ស្នាម ប៉ុន្តែ​មន្រ្តី​នោះ​ពុំ​ព្រម​ប្រាប់​ឈ្មោះ​និង​តួនាទី​នៅ​ក្នុង​តុលាការ​នោះ​ទេ។ លោក​បន្ត​ថា ក្រោយ​ពី​លោក​ប្រកែក​ពុំ​មាន​លុយ​បង់​ឲ្យ ពេល​នោះ​គេ​បាន​គំរាម​ចាប់​ឃុំ​ខ្លួន​កូន​ប្រសា​លោក​ឈ្មោះ ឱ អឿន ជា​ចុង​ចោទ​តែម្តង។

លោក យិន ផៃ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «តុលាការ​ហៅ​ចូល​បន្ទប់​ទៅ​ស្រាប់​តែ​ទារ​១.៥០០​(ដុល្លារ) ហើយ​ថា បើ​មិន​ឲ្យ​លុយ​ទេ​គាត់​ឲ្យ​ខាង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​មក​ឃាត់​ខ្លួន ដល់​នេះ​គាត់​លើក​ទូរស័ព្ទ​ចុច​ចុះ​ចុច​ឡើងៗ គាត់​ក៏​ទារ​លុយ​ទៀត។ នៅ​ថ្ងៃ​ទី​១១ ខែ​១ ២០១០ គាត់​ទូរស័ព្ទ​មក​សួរ​ថា ម៉េច​ទៅ​រឿង​លុយ? ខ្ញុំ​ថា ខ្ញុំ​អត់​មាន​លុយ។ គាត់​ថា បើ​អត់​លុយ​ចេញ​ដីកា​ចាប់​ខ្លួន»

លោក យិន ផៃ មាន​ប្រសាសន៍​ទៀត​ថា រឿង​ក្តី​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៥ ជុំវិញ​ការ​ប្រកែក​គ្នា​បន្តិច​បន្តួច​ជាមួយ​អ្នក​ជិត​ខាង​ដែល​ជាប់​ជា​សាច់​ញាតិ​ផង ប៉ុន្តែ​បែរ​ជា​មាន​ពាក្យ​បណ្តឹង​ថា ឈ្មោះ ឱ អឿន ជា​កូន​ប្រសា​លោក​បាន​បង្ក​របួស​ស្នាម​ទៅ​វិញ។

លោក យិន ផៃ ឲ្យ​ដឹង​បន្ត​ថា ៖ «កូន​ក្មួយ​យើង​សោះ ហើយ​រឿង​បេះ​ស្លឹក​ងប់​បន្តិច​បន្តួច​ហ្នឹង វា​កើត​ជា​រឿង​បង់​១.៥០០​ឲ្យ​វា (តុលាការ) ខ្ញុំ​តូច​ចិត្ត​ណាស់ ព្រោះ​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​អី​ផង។ ខ្ញុំ​ទាមទារ​ឲ្យ​រក​ហេតុ​ផល​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​អត់​វ៉ៃ​សោះ វា​អត់​មាន​ហេតុផល​អី ហើយ​កំណត់​ហេតុ​ប្រធាន​ភូមិ​បាន​ធ្វើ​កំណត់​ហេតុ​ជាមួយ​ភាគី​ដែល​ខ្ញុំ​ដឹក​ដៃ​យក​មក​សួរ​ហ្នឹង»

វិទ្យុ​អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្រ្តី​សាលា​ដំបូង​ខេត្ត​កណ្តាល ជុំ​វិញ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​២៣ មករា​នេះ។

ប្រធាន​អង្គការ CNRO លោក ហៀង ឫទ្ធី ជា​បណ្ឌិត​ផ្នែក​ច្បាប់ បាន​មាន​ប្រសាសន៍​ថា បញ្ហា​នេះ​នៅ​កម្ពុជា​វា​ក្លាយ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ។ លោក​បន្ត​ថា ប៉ុន្តែ​បើ​តាម​ផ្លូវ​ច្បាប់ ប្រជាពលរដ្ឋ​គួរ​តែ​ដាក់​ពាក្យ​បណ្តឹង​ចំពោះ​ជន​ខិលខូច​នោះ​ក្នុង​បទ​ឧក្រិដ្ឋ​ជំរិត​ទារ​ប្រាក់។

លោក ហៀង ឫទ្ធី មាន​ប្រសាសន៍​ដូច្នេះ ៖ «អា​នេះ​ទៅ​ក្នុង​អត្ថន័យ​មួយ​ទៀត​គេ​ហៅ​ថា បទ​ជំរិត។ ហ្នឹង​ជា​រឿង​បទ​ល្មើស​មួយ​មាន​ទោស​ពី​បទ​អំពើ​ល្មើស​ស្ដីពី​ចាប់​ជំរិត»

ទោះ​យ៉ាង​ណា​ក្តី​ក្រុម​គ្រួសារ​លោក យិន ផៃ កំពុង​មាន​ការ​ភ័យ​បារម្ភ​ពី​ការ​គំរាម​ចេញ​ដីកា​ចាប់​ខ្លួន​ស្រប​ពេល​ជាមួយ​គ្នា​នេះ។ លោក​កំពុង​តែ​ដើរ​ស្វែង​រក​អ្នក​ច្បាប់​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជុំវិញ​ករណី​នេះ៕