ប្រធាន​ក្រុម​សាខា​គយ​ខេត្ត​កណ្ដាលរង​ការ​ចោទ​ថា​​យក​ទំនិញ​ក្រុមហ៊ុន​លក់​

តំណាង​ក្រុមហ៊ុន​ឡាក់គី ហ្វាម៉ា បាន​ថ្លែង​ឲ្យ​ដឹង​ថ្ងៃ​ទី ២៧ កញ្ញា ដោយ​ចោទ​ប្រកាន់​ប្រធាន​ក្រុម​សាខា​គយ​ខេត្ត​កណ្ដាល ថា​បាន​យក​ទំនិញ​របស់​ពួកគេ​ចំនួន ៩​ឡាន លក់​ឡាយឡុង​អស់ បន្ទាប់​ពី​ទំនិញ​ទាំង​នេះ​ពួកគេ​មិន​បាន​បង់​លុយ​សូកប៉ាន់​ឲ្យ​គយ​តាម​ចំនួន​ដែល​គេ​ចង់​បាន​ទេ​នោះ។

លោក ចាន់ ប៊ុនលាង បាន​ឲ្យ​ដឹង​ថា ទំនិញ​របស់​ពួកលោក​ត្រូវ​បាន​ប្រធាន​ក្រុម​សាខា​គយ​ខេត្ត​កណ្ដាល គឺ​លោក កូវ វិបុល បាន​ឃាត់​ទុក​ចំនួន ៩​ឡាន អស់​រយៈ​ពេល​ជាង ១០​ថ្ងៃ​កន្លង​មក ដែល​ទំនិញ​ទាំង​នោះ​ពួក​លោក​បាន​បង់​ពន្ធ​ជូន​គយ​ព្រំដែន​ខ្មែរ-​វៀតណាម ច្រក​ជ្រៃធំ ក្នុង​មួយ​ឡាន​ចំណុះ ៥​តោន ចំនួន ១៨​ម៉ឺន​រៀល​រួច​ហើយ​នោះ។

លោក ចាន់ ប៊ុនលាង មាន​ប្រសាសន៍​ថា ពេល​ឡាន​ដឹក​ទំនិញ​មក​ដល់​ទី​រួម​ខេត្ត​កណ្ដាល គយ​បាន​ជំរិត​ទារ​ប្រាក់​ពី​ពួក​លោក​ក្នុង​មួយ​ឡាន​ជាង ១០​ម៉ឺន​រៀល​ទៀត ខាង​ក្រុមហ៊ុន​មិន​យល់​ព្រម​នោះ​ទេ។ លុះ​ដល់​ថ្ងៃ​ទី ១៧ កញ្ញា លោក កូវ វិបុល បាន​យក​ទំនិញ​ទាំង​នោះ​លក់​ឡាយ​ឡុង​អស់​ដោយ​គ្មាន​ជូន​ដំណឹង​ឲ្យ​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​ទំនិញ​ដឹង​នោះ​ទេ។

លោក ចាន់ ប៊ុនលាង បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ឡាក់គី ហ្វាម៉ា ពុំ​មែន​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​ដោយ​អាជីវករ​ដូច​គ្នា ដោយ​មាន​គ្នា​ជាង ២០​នាក់ ដឹក​ទំនិញ​ផ្ទាល់​ខ្លួន ដែល​ជា​បន្លែ​គ្រប់​មុខ​ពី​វៀតណាម ថៃ និង​ទំនិញ​ក្នុង​ស្រុក​មួយ​ចំនួន យក​មក​ចែក​ចាយ​លក់​បន្ត​ឲ្យ​អាជីវករ​ផ្សារ​ដើម​គ ក្នុង​រាជធានី​ភ្នំពេញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​ក្រុម​សាខា​គយ​ខេត្ត​កណ្ដាល គឺ​លោក កូវ វិបុល ជុំវិញ​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ​បាន​ទេ នៅ​ថ្ងៃ​ទី ២៧ កញ្ញា។

អនុ​ប្រធាន​គយ​ច្រក​ព្រំដែន​ជ្រៃ​ធំ ខេត្ត​កណ្ដាល ឈ្មោះ មុនី បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គយ​ព្រំដែន​បាន​អនុគ្រោះ​ពន្ធ​ខ្លះ​ដល់​ពួក​អាជីវករ​ខាង​លើ ដូច​ជា​ក្នុង​មួយ​ឡាយ​ដឹក​ទំនិញ​ចំណុះ ៥​តោន គឺ​តម្រូវ​ឲ្យ​បង់​ពន្ធ​តែ ១​តោន​កន្លះ ស្មើ​នឹង ១៨​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ដោយ​យល់​ថា អាជីវករ​ដឹក​ទំនិញ​ផ្ទាល់​ខ្លួន​ពុំ​មែន​ជា​ក្រុមហ៊ុន​ទ្រង់ទ្រាយ​ធំ​នោះ​ទេ។

សូម​ជម្រាប​ថា តំណាង​ក្រុមហ៊ុន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា មន្រ្តី​គយ​បាន​យក​ទំនិញ​ពួក​គេ​លក់ ដូច្នេះ​គឺ​ជា​ការ​គាប​សង្កត់​មួយ​ទៅ​លើ​ពួក​គេ​ដែល​ជា​អាជីវករ​ដឹក​ទំនិញ​ផ្ទាល់​ខ្លួន ដែល​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​សរុប​ជាង ៥​ម៉ឺន​ដុល្លារ ដោយ​គិត​ក្នុង​ម្នាក់​ជាង ១​ម៉ឺន​៤​ពាន់​ដុល្លារ។ បច្ចុប្បន្ន​ក្រុម​អាជីវករ​ខាង​លើ​កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​អំពី​បញ្ហា​នេះ៕