ពលរដ្ឋមានលំនៅរស់នៅខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺជាច្រើនភូមិ ដែលមានព្រំប្រទល់ជាប់គ្នា បានព្រួយបារម្ភពីបញ្ហាសុខភាព ដោយសារតែក្នុងរយៈពេលប្រមាណជាងមួយសប្តាហ៍កន្លងមកនេះ ពួកគាត់បានកើតជំងឺកន្ទួលរមាស់ម្យ៉ាងពុំធ្លាប់មានពីមុនមក ឆ្លងកើតមានទៅលើពលរដ្ឋពាសពេញភូមិឃុំ។
ម៉ុន សំអាត ជាប្រជាពលរដ្ឋរស់នៅភូមិអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ប្រជាពលរដ្ឋរស់នៅមូលដ្ឋានរបស់គាត់ស្ទើរតែទាំងអស់បានឆ្លង និងកើតជំងឺកន្ទួលរមាស់ស្ទើរគ្រប់ៗគ្នាដោយមិនដឹងមូលហេតុ។ ប្រជាពលរដ្ឋរូបនេះបានសំណូមពរទៅមន្ត្រីពាក់ព័ន្ធក្រសួងសុខាភិបាលចុះជួយស្រាវជ្រាវ និងទប់ស្កាត់ករណីជំងឺចម្លែកនេះជាបន្ទាន់។
លោក ម៉ុន សំអាត បានឲ្យដឹងដូច្នេះ ៖ «វាចេះតែរមាស់អ៊ីចឹងទាំងអស់គ្នា មិនដឹងថាមូលហេតុអី។ ដំបូងយើងសង្ស័យថាអ្នកប្រើទឹកប្រើអី ក្រោយមកទៀតថាដូចអត់ទេ វារមាស់អ៊ីចឹង វារមាស់ទូទៅ ជាពិសេសកូនសិស្សសាលា»។
ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ ឈិន ឆេងលៀង រស់នៅឃុំត្រពាំងគង ខេត្តកំពង់ស្ពឺ មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងផងដែរថា ៖ «រមាស់សើស្បែកសឹងតែគ្រប់គ្នាក្នុងភូមិខ្ញុំ។ សូមសំណូមពរដល់ក្រសួងសុខាភិបាលចុះមកមើល»។
ដោយឡែកប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ ប៊ុន សំណាង រស់នៅឃុំត្រពាំងគង ខេត្តកំពង់ស្ពឺនេះដែរ បានលើកឡើងដូច្នេះ ៖ «ឃើញរមាស់គ្រប់គ្នា ទាំងអ្នកនៅអមផ្លូវ កសិដ្ឋានចិញ្ចឹមមាន់។ សូមឲ្យខាងក្រសួង ឬមន្ទីរសុខាភិបាលឲ្យចុះត្រួតពិនិត្យកុំឲ្យមានអាការៈកើតឡើងរាតត្បាតបន្តទៀត។ កើតជំងឺហ្នឹងឡើងពីមុនមកវាអត់ធ្លាប់មាន ដល់ពេលមិនធ្លាប់កើតអ៊ីចឹងចេះតែបារម្ភដែរ»។
ទាក់ទងការព្រួយបារម្ភនិងសំណូមពររបស់ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល និងកំពង់ស្ពឺនេះ លោក សុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងសុខាភិបាលនៅពុំទាន់ទទួលបានដំណឹងពីការកើតមានជំងឺរមាស់ ដែលប្រជាពលរដ្ឋបានលើកឡើងនៅឡើយទេ ប៉ុន្តែនៅពេលដែលក្រសួងបានទទួលដំណឹងនេះ ក្រសួងនឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យជាក់ស្តែងដល់ទីកន្លែង។
លោក សុខ ទូច មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំអត់ទាន់បានទទួលព័ត៌មានហ្នឹងទេ ប៉ុន្តែជំងឺរមាស់ហ្នឹងមិនមានកើតឡើងជាប្រចាំទេ ទោះយ៉ាងណាជំងឺអីដែលប្លែកយើងនឹងតាមដានបន្តទៅទៀត...»។
ប្រជាពលរដ្ឋរស់នៅឃុំលំហាច ខេត្តកណ្តាល ក៏ដូចជាប្រជាពលរដ្ឋរស់នៅឃុំត្រពាំងគង ខេត្តកំពង់ស្ពឺ បានអះអាងប្រហាក់ប្រហែលគ្នាថា ជំងឺរមាស់ដែលកើតមានមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តទាំងពីរនេះ គឺទើបតែកើតមានក្នុងរយៈពេលប្រមាណជាងមួយសប្តាហ៍កន្លងមកប៉ុណ្ណោះ ប៉ុន្តែការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមានសន្ទុះលឿន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងបានអំពាវនាវដល់មន្ត្រីសុខាភិបាលចុះជួយអន្តរាគមន៍ជាបន្ទាន់៕
មន្ត្រីសិទ្ធិមនុស្ស៖ ប៉េអឹមចាប់មនុស្សទារប្រាក់ដោយមិនបានស៊ើបអង្កេត
នាយករដ្ឋមន្ត្រីសម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៨
ក្រុមសហគមន៍ខកចិត្តដោយសារមិនបានប្រគល់ញត្តិដល់នាយករដ្ឋមន្ត្រី
ជនរងគ្រោះដោយសារអគ្គីភ័យមិនពេញចិត្តចំពោះការវាស់វែងដី
នាយករដ្ឋមន្ត្រីក្រើនរំឭកឲ្យអាជ្ញាធរបង្ក្រាបការជួញដូរគ្រឿងញៀន
សង្គមស៊ីវិលមួយចំនួនបារម្ភពីផលប៉ះពាល់លើជនជាតិដើមភាគតិច
អាជ្ញាធរគ្រោងប្រគល់ញត្តិស្ដីពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីជូននាយករដ្ឋមន្ត្រី
អ្នកភូមិនៅស្រុកត្រាំកក់តវ៉ាសុំឲ្យបើកទឹកដើម្បីស្រោចស្រពដំណាំ
ទំនប់វារីអគ្គិសនីរបស់ចិនត្រូវគេបន្ទោសថាជាមូលហេតុនៃការប្រែប្រួលទឹកទន្លេមេគង្គ
អ្នករងគ្រោះដោយអគ្គីភ័យស្ទាក់ស្ទើរក្នុងការរើទៅនៅទីតាំងថ្មី
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.