អ្នក​ភូមិ​នៅ​ស្រុក​កណ្ដាលស្ទឹង​រង់ចាំ​លទ្ធផល​ពី​ការ​ចរចា​តម្លៃ​អគ្គិសនី

អ្នក​ភូមិ​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល កំពុង​រង់ចាំ​លទ្ធផល​ចរចា​ពី​អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង ដែល​ជា​អ្នក​សម្រប​សម្រួល​កោះ​ប្រជុំ​អ្នក​ភូមិ​៣​ឃុំ នៅ​ថ្ងៃ​៥ កុម្ភៈ ដែល​បាន​ចរចា​ពី​បញ្ហា​ដែល​ពួក​គេ​បាន​តវ៉ា​សុំ​ឲ្យ​បញ្ចុះ​ថ្លៃ​ភ្លើង​ដែល​ឯកជន​វិនិយោគ​ពី​រដ្ឋ ហើយ​យក​មក​លក់​បន្ត​ក្នុង​តម្លៃ​ខ្ពស់​នោះ។

បុរស​ម្នាក់​ឈ្មោះ នី ពៅ រស់​នៅ​ឃុំ​បាគូ ស្រុក​កណ្តាលស្ទឹង បាន​ឲ្យ​ដឹង​ថា សំណូមពរ​ចំនួន​២​ចំណុច​របស់​អ្នក​តវ៉ា គឺ​សុំ​ឲ្យ​បញ្ចុះ​ថ្លៃ​ភ្លើង​ដែល​ពួកគាត់​កំពុង​ប្រើ​ប្រាស់​ពី​តម្លៃ ១.៧០០​រៀល​មក​នៅ​ត្រឹម ១.១០០‌​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​និង​បញ្ហា​កុងទ័រ​ភ្លើង​ដើរ​លឿន​ខុស​ប្រក្រតី។

នៅ​ក្នុង​ការ​ជួប​ចរចា​នោះ​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​លោក ឆាយ ណេង អ្នក​គ្រប់គ្រង​អគ្គិសនី​ឯកជន​នៅ​ស្រុក​កណ្តាលស្ទឹង​ថា លោក​នឹង​ផ្លាស់​ប្តូរ​កុងទ័រ​ថ្មី​ឲ្យ​ដែល​បាន​ថ្លឹង​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា រី​ឯ​ការ​ឆ្លើយ​តប​អំពី​តម្លៃ​ភ្លើង​នឹង​ផ្តល់​ដំណឹង​នៅ​ក្រោយ​ការ​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។

លោក នី ពៅ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «គេ​ឲ្យ​ចាំ​ព័ត៌មាន​ពី​ថ្នាក់​ជាតិ​មក ខាង​អគ្គិសនី​គេ​ដាក់​តម្លៃ​ឲ្យ។ លោក ឆាយ ណេង អត់​មាន​យោបល់​អី​ទេ ប៉ុន្តែ​គ្រាន់តែ​ថា កុងទ័រ​ដែល​ត​លើស​តម្លៃ​រដ្ឋ​បាន​ដាក់​ឲ្យ​ហ្នឹង​គេ​សង​វិញ។ អ្នក​ខ្លះ​ដែល​ដាក់​ធំ​ហ្នឹង​គេ​យក​១៧០-​១៩០ ខ្លះ​២០០​ឯណោះ។ ការ​កំណត់​របស់​អគ្គិសនី​គេ​អត់​យក​ដល់​ប៉ុណ្ណឹង​ទេ ហើយ​ចំពោះ​៥២០​ហ្នឹង ក៏​អត់​យក​ដល់​៥៥​ដុល្លារ​ដែរ ត្រឹម​១០​ម៉ឺន ២៥​ដុល្លារ​អី​ទេ គាត់​យក​លើស អ៊ីចឹង​ទេ​គេ​ទាមទារ​ឲ្យ​សង​លុយ​វិញ ឲ្យ​គាត់​កត់​ឈ្មោះ​ប្រជាជន​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​កុងទ័រ​ដែល​គាត់​ដាក់​ឲ្យ​ថ្មី​ក្រោយ​ហ្នឹង ឲ្យ​ឈ្មោះ​ឲ្យ​គាត់ គាត់​សង»

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រកាន់​ជំហរ​ថា ទាល់​តម្លៃ ១.១០០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង​ទើប​ព្រម បើ​មិន​ដូច្នោះ​ទេ​ពួកគាត់​នឹង​ឡើង​តវ៉ា​ដល់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៀត៕