ប្រជាពលរដ្ឋជាង ៨០គ្រួសារ នៅភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កំពុងតែស្វែងរកអន្តរាគមន៍ដើម្បីឲ្យក្រុមហ៊ុន សេវិន អិន.ជី ប្រគល់លុយថ្លៃទិញដីបង្គ្រប់ឲ្យពួកគាត់។ អាជ្ញាធរមូលដ្ឋានឲ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុនមិនទាន់បានទូទាត់ប្រាក់គ្រប់ចំនួនឲ្យពលរដ្ឋនៅឡើយ។
អ្នកភូមិឃ្លាំងមឿង លោក ជា សាវុធ នៅថ្ងៃទី១៧ កញ្ញា មានប្រសាសន៍ថា ឪពុករបស់លោកលក់ដីឲ្យក្រុមហ៊ុនជាងពីរហិកតារ ត្រូវបានប្រាក់ជាងពីរម៉ឺនដុល្លារ មកដល់ពេលនេះក្រុមហ៊ុនទូទាត់ឲ្យតែប្រាក់កក់ជាង ២ពាន់ដុល្លារប៉ុណ្ណោះ។ លោកបន្តថា ភាគីក្រុមហ៊ុនសន្យាជាច្រើនដងច្រើនសាថា ប្រគល់ប្រាក់ជូនពលរដ្ឋគ្រប់ចំនួន ប៉ុន្តែសុទ្ធសឹងតែជាការសន្យាខ្យល់គ្មានបានការនោះឡើយ។
លោក ជា សាវុធ បញ្ជាក់ថា ទាំងគ្រួសារលោក ទាំងអ្នកភូមិ បានប្ដឹងទៅកាន់អាជ្ញាធរមូលដ្ឋាន និងមន្ទីរអធិការកិច្ចខេត្តកណ្ដាល ដោយទាមទារឲ្យក្រុមហ៊ុនប្រគល់ប្រាក់ទិញដីគ្រប់ចំនួន បើមិនដូច្នោះទេ ពលរដ្ឋទាមទារយកដីខ្លួនមកកាន់កាប់វិញ។
លោក ជា សាវុធ៖ «គាត់អត់បានឲ្យលុយប្រជាពលរដ្ឋតាមកិច្ចសន្យាទេ គាត់ប្តឹងសុំឲ្យភាគីក្រុមហ៊ុនហ្នឹងទំលាក់លុយឲ្យគាត់ផ្ដាច់ បើមិនអ៊ីចឹងទេ បើសិនណាមិនទូទាត់លុយឲ្យគាត់គ្រប់ចំនួនទេ សុំធ្វើកិច្ចសន្យាបញ្ចប់ តែក្រុមហ៊ុនមិនព្រម និយាយថាថ្ងៃនេះថ្ងៃនោះ»។
លោក ជា សាវុធ បន្តថា ក្រុមហ៊ុនធ្លាប់បានផ្តល់ជម្រើសឲ្យអ្នកភូមិចំនួន ២។ ទី១ អ្នកភូមិសុខចិត្តឲ្យក្រុមហ៊ុនជំពាក់ និងទី២ អ្នកភូមិត្រូវយកម៉ូតូដែលក្រុមហ៊ុនទិញឲ្យដើម្បីកាត់លុយថ្លៃដី ដោយក្នុងម៉ូតូមួយគ្រឿងតម្លៃពី ២.៥០០ដុល្លារ ទៅ ៣.០០០ដុល្លារ។
ឆ្លើយតបនឹងបញ្ហានេះ តំណាងក្រុមហ៊ុន សេវិន អិន.ជី លោក សំ អាត បំភ្លឺថា ការដែលលោកមិនបានផ្តល់ប្រាក់ឲ្យពលរដ្ឋគ្រប់ចំនួន មកពីដីដែលទិញនោះនៅជាប់មានទំនាស់។ លោកពន្យល់ថា ដីកន្លែងខ្លះមានម្ចាស់ពីរនាក់ទាមទារលុយពីក្រុមហ៊ុន ដីកន្លែងខ្លះទៀតជាប់នឹងខ្ទមអ្នកតា ដែលអាជ្ញាធរមូលដ្ឋានមានគម្រោងរក្សាដីនោះទុកសម្រាប់ធ្វើកន្លែងគោរពបូជាជាដើម ចំណែកពលរដ្ឋយកម៉ូតូជំនួសលុយថ្លៃដីនោះ ជាការស្ម័គ្រចិត្តទាំងសងខាង មិនមានការបង្ខិតបង្ខំនោះទេ។
លោក សំ អាត បញ្ជាក់ថា បើសិនណាអាជ្ញាធរដោះស្រាយរួចរាល់ក្រុមហ៊ុននឹងប្រគល់លុយគ្រប់ភ្លាម៖ «ចង់បានន័យថា ដំណោះស្រាយចប់ខ្ញុំនឹងទូទាត់ បើអាជ្ញាធរដោះស្រាយមិនចប់ឲ្យខ្ញុំទូទាត់យ៉ាងម៉េច?»។
ទោះជាយ៉ាងណាក្តី មេឃុំព្រែកអំពិល លោក ម៉ោង ម៉េង ហៅការសន្យារបស់ក្រុមហ៊ុន សេវិន អិន.ជី ថាជារឿងដដែលៗ។ លោកបន្តថា តាមពិតដីដែលពាក់ព័ន្ធនឹងកន្លែងគោរពបូជាមានផ្ទៃក្រឡា ៣០ម៉ែត្រការ៉េ ហើយមិនប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។
លោក ម៉ោង ម៉េង បញ្ជាក់ថា ក្រុមហ៊ុនតែងតែព្យាយាមកេងប្រវ័ញ្ចលើប្រជាពលរដ្ឋ ដូចជាជួលដីដែលកក់រួចឲ្យពលរដ្ឋធ្វើស្រែ តែលុយជំពាក់ពលរដ្ឋរាប់ពាន់ដុល្លារ រាប់ឆ្នាំមិនដែលគិតការប្រាក់ឲ្យទេ៖ «ទី១ ត្រូវតែបង្ខំឲ្យគាត់សងលុយមកពលរដ្ឋ បើមិនអ៊ីចឹងរាប់ថា ក្រុមហ៊ុនអស់សុពលភាពកាន់កាប់ដីហ្នឹង នេះជាវិធានការរបស់ខ្ញុំ»។
ប្រជាពលរដ្ឋឲ្យដឹងថា ពួកគាត់បានលក់ដីឲ្យក្រុមហ៊ុនតាំងពីឆ្នាំ២០០៧ ក្នុងតំលៃដី ១ម៉ែត្រការ៉េ ថ្លៃ ១.១ដុល្លារ ប៉ុន្តែក្រុមហ៊ុនបានឲ្យតែថ្លៃកក់ប៉ុណ្ណោះ ចំពោះប្រាក់នៅសល់ក្រុមហ៊ុនសន្យាថា នឹងផ្ដល់ជូនឲ្យគ្រប់ចំនួននៅឆ្នាំ២០០៨។ រហូតមកដល់ពេលនេះ ពលរដ្ឋជាច្រើនដែលធ្វើស្រែនៅលើដីនោះ ត្រូវបង់ថ្លៃឈ្នួលដីឲ្យក្រុមហ៊ុន ទោះបីជាក្រុមហ៊ុននៅជំពាក់លុយពលរដ្ឋរាប់ពាន់រាប់ម៉ឺនដុល្លារក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
