ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅឃុំសេដា ស្រុកតំបែរ ខែត្រកំពង់ចាម បានថ្លែងឲ្យដឹងនៅថ្ងៃ៥ កញ្ញា ថា ពួកគេខ្លាចតម្លៃដំឡូងម៉ីនិងសណ្តែកក្នុងឆ្នាំនេះធ្លាក់ថ្លៃចុះថោកដូចឆ្នាំ២០០៨ទៀត ដែលផ្ទុយពីតម្លៃទំនិញដទៃទៀតនៅលើទីផ្សារ ដែលរួមមានទាំងប្រេងឥន្ទៈផងបែរជាកាន់តែឡើងថ្លៃ ហើយបញ្ហានេះនាំឲ្យពួកគាត់ព្រួយបារម្ភអំពីផលប៉ះពាល់ដល់ជីវភាពការរស់នៅប្រចាំថ្ងៃ ជាពិសេសគឺគ្មានថវិកាគ្រប់គ្រាន់សម្រាប់ឲ្យកូនទៅសិក្សារៀនសូត្រ។
ប្រជាពលរដ្ឋមួយរូបឈ្មោះ សហ្វីយ៉ះ មានប្រសាសន៍ថា បន្ទាប់ពីតម្លៃកសិផលរបស់ពួកគេចុះថ្លៃ ដូចជាដំឡូងម៉ីនិងសណ្តែកសៀងនោះ គឺប្រជាពលរដ្ឋរស់នៅទីនោះភាគច្រើនប្រឈមនឹងការលំបាកកាន់តែខ្លាំងឡើង។ ទោះបីជាពួកគេកំពុងប្រឈមមុខនឹងការលំបាកហើយនោះ អ្នកស្រីបន្តថា សូម្បីតំណាងរាស្រ្តខែត្រកំពង់ចាមក៏មិនដែលចុះសួរសុខទុក្ខប្រជាពលរដ្ឋដូចនឹងអ្វីដែលខ្លួនបានសន្យាមុនពេលបោះឆ្នោតនោះទេ។
អ្នកស្រី សហ្វីយ៉ះ បានឲ្យដឹងថា ៖ «ឥឡូវហ្នឹងស្អីៗក៏ថ្លៃដែរ ផ្ទះចិន សូម្បីតែស្ករសហ្នឹង ១គីឡូ ៣ពាន់រៀល ហើយរបស់យើងហ្នឹងថោក ថោកមែនទែន ដំឡូងម៉ី សណ្ដែកសៀង។ ឆ្នាំហ្នឹងឮសូរថាថោកទៀត អ៊ីចឹងសូមឲ្យរាជរដ្ឋាភិបាលជួយឲ្យទំនិញកសិករហ្នឹងឲ្យបានឡើងថ្លៃបន្តិចទៅ ព្រោះអីធ្វើមួយឆ្នាំចាយអត់គ្រាន់ទេ អ៊ីចឹងងាប់អស់ហើយប្រជាជន»។
ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ ហាប់សោះ មានប្រសាសន៍ថា បញ្ហាដែលនៅចំពោះមុខមួយទៀតគឺខណៈដែលផលដំណាំកសិកម្មរបស់ពួកគេគ្មានទីផ្សារនិងធ្លាក់ថ្លៃនោះ ទឹកភ្លៀងបានជន់លិចចម្ការរបស់កសិករមួយចំនួនធ្វើឲ្យខូចផលដំណាំ ៖ «ព្រឹក ខ្វះល្ងាច ល្ងាច ខ្វះព្រឹកទៅ យើងនៅធ្វើចម្ការអ៊ីចឹង ពិបាកអ៊ីចឹងណា៎!»។
មេឃុំសេដា ឈ្មោះ សែម ណែម មានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងឃុំលោកមានចំនួន៣.៦៨០គ្រួសារ ក្នុងនោះមានកសិករមួយចំនួនបានខ្ចីបុលប្រាក់ពីធនាគារអេស៊ីលីដា ប៉ុន្តែដោយសារលក់ផលិតផលកសិកម្មរបស់ពួកគេមិនបានថ្លៃ កសិករខ្លះបានសម្រេចចិត្តលក់ដីនិងផ្ទះដើម្បីសងប្រាក់បំណុលធនាគារ។
លោក សែម ណែម បានបញ្ជាក់ថា ៖ «ដល់ឥឡូវនេះដំឡូងវាចុះថោកអត់មានលុយសងគេ អាខ្លះរត់ចោលស្រុកក៏មានដែរ»។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកំពង់ចាម លោក ទ្រេស សារុំ មានប្រសាសន៍ថា បញ្ហាផលិតផលកសិកម្មដែលគ្មានតម្លៃនេះគឺមកពីវិបត្តិសេដ្ឋកិច្ចពិភពលោក។ លោកបានបញ្ជាក់ថា លោកក៏បានព្យាយាមទាក់ទងជាមួយឈ្មួញឲ្យជួយទិញដំឡូងម៉ីពីប្រជាពលរដ្ឋផងដែរនាពេលកន្លងមក។
លោក ទ្រេស សារុំ បានមានប្រសាសន៍ថា ៖ «ខ្ញុំនឹងស្វះស្វែងសួរគេសួរឯងដើម្បីទៅជម្រាបបងប្អូនយើងនៅជនបទហ្នឹងដែរ ពិសេសនៅស្រុកតំបែរដែលគេបានដាំដំឡូងច្រើន»។
លោកមេឃុំ សែម ណែម បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋសរុបនៅក្នុងឃុំសេដាមានជាង១ម៉ឺននាក់រស់នៅក្នុង២៥ភូមិ ក្នុងនោះប្រជាពលរដ្ឋខ្មែរអ៊ិស្លាមចំនួន១៥ភូមិ។ ទាំងប្រជាពលរដ្ឋក៏ដូចជាមេឃុំបានសំណូមពរដល់រដ្ឋាភិបាលនិងស្ថាប័នដែលពាក់ព័ន្ធជួយរកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់ពួកគេ៕
