ក្នុងសេចក្តីរាយការណ៍បីទំព័រចុះថ្ងៃទី២៩ ខែមករា ចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៩ បានយកបញ្ហាបីចំណុចសំខាន់ៗមកពិភាក្សាក្នុងនោះមានករណី លោក កែ គឹមយ៉ាន ផងដែរ។
គណៈរដ្ឋមន្ត្រីបានបញ្ជាក់អំពីមូលហេតុពីរក្នុងការដកលោក កែ គឹមយ៉ាន ពីតំណែងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ៖ ទី១ គឺធ្វើការកែទម្រង់ក្នុងជួរកងយោធពលខេមរភូមិន្ទដោយផ្អែកលើប្រសិទ្ធភាពការងារ ទី២ ការចែកឲ្យដាច់គ្នារវាងអ្នកមានអំណាចក្នុងជួរកងទ័ពនិងការធ្វើអាជីវកម្មរកស៊ីប្រើឈ្មោះកងទ័ព។
របាយការណ៍លទ្ធផលជំនួបនេះបន្តថា គណៈរដ្ឋមន្ត្រីបានសម្រេចប្រគល់ភារកិច្ចដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រួមជាមួយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សាលាក្រុងភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ធ្វើការពិនិត្យស្រាវជ្រាវអំពីភាពស្របច្បាប់លើកម្មសិទ្ធិដីធ្លីរបស់ក្រុមហ៊ុនឯកជនដែលមានជាប់ពាក់ព័ន្ធនឹងលោក កែ គឹមយ៉ាន ហើយដែលមានទីតាំងស្ថិតនៅក្នុងក្រុងភ្នំពេញ នៅខេត្តស្ទឹងត្រែង តំបន់ប្រាសាទព្រះវិហារ និងនៅខេត្តមួយចំនួនទៀត ដើម្បីចាត់ការតាមផ្លូវតុលាការនិងចាត់វិធានការដកកងទ័ពនិងគ្រឿងចក្រឈូសឆាយដីទាំងអស់ដែលកំពុងមានសកម្មភាពនៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងលោក កែ គឹមយ៉ាន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីអតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទជុំវិញការចោទប្រកាន់ខាងលើនេះបាននៅឡើយទេ៕