ទោះជាយ៉ាងណា លោក កឹម សុខា ពុំទាន់ប្រាកដថា នឹងទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ ដោយអះអាងថា ដំណើរការបោះឆ្នោតនេះកើតមានភាពមិនប្រក្រតីជាច្រើនករណី។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍ក្នុងសន្និសីទកាសែតនាទីស្នាក់ការកណ្ដាលក្រុងភ្នំពេញ ព្រឹកថ្ងៃទី៤ ខែមិថុនា ថា លទ្ធផលបឋមនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៣ បានបង្ហាញថា បក្សសិទ្ធិមនុស្សដណ្ដើមឈ្នះតំណែងមេឃុំជិត ២០ឃុំ ក្នុងចំណោមឃុំសង្កាត់ដែលខ្លួនបានដាក់បេក្ខជនឈរឈ្មោះចំនួន ១.០៧០ឃុំ-សង្កាត់ នៅទូទាំងប្រទេស។
លោកថា ខេត្តដែលគណបក្សសិទ្ធិមនុស្សឈ្នះតួនាទីមេឃុំមានចំនួន ៣ខេត្ត គឺខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកំពត។ លទ្ធផលបឋមបានបង្ហាញថា ខេត្តព្រៃវែង ទទួលបានតំណែងមេឃុំបានចំនួន ១០ឃុំ ខេត្តកំពង់ចាម ទទួលបាន ៧ឃុំ និងខេត្តកំពត ទទួលបានចំនួន ១ឃុំ។
លោក កឹម សុខា មានប្រសាសន៍បន្ថែមថា លទ្ធផលឈ្នះតួនាទីមេឃុំរបស់គណបក្សសិទ្ធិមនុស្ស អាចនឹងកើនចំនួនថែមទៀត បើការបោះឆ្នោតនេះរៀបចំបានល្អ ហើយស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មិនបំរើឲ្យបក្សកាន់អំណាចនោះ។
ទោះយ៉ាងណាលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. បានវាយតម្លៃជាបឋមថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ មានដំណើរការល្អ បើប្រៀបធៀបអាណត្តិបោះឆ្នោតកន្លងទៅ ប៉ុន្តែលោកទទួលស្គាល់ថា ចំនួនពលរដ្ឋទៅចូលរួមបោះឆ្នោតបានថយចុះ។
យ៉ាងណាក៏ដោយលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានសង្កត់ធ្ងន់ថា លោកនឹងតស៊ូមតិដើម្បីឲ្យមានការផ្លាស់ប្ដូរសមភាពដឹកនាំនៃស្ថាប័ន គ.ជ.ប. ដើម្បីប្រែក្លាយឲ្យស្ថាប័ននេះធ្វើសកម្មភាពឲ្យបានស្មើភាព ឯករាជ្យភាព និងមានតម្លាភាព។
ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៣ បានចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ឆ្នាំ២០១២។ ការបោះឆ្នោតនេះមានគណបក្សចំនួន ១០ចូលរួមប្រកួតប្រជែង ប៉ុន្តែគណបក្សដែលឈ្នះក្នុងតំណែងជាមេឃុំ-ចៅសង្កាត់លេចធ្លោជាងគេ មានគណបក្សប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
លទ្ធផលបឋមក្រៅផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះបានតំណែងមេឃុំ ឬចៅសង្កាត់ចំនួន ១.៥៩១ឃុំ-សង្កាត់។ គណបក្ស សម រង្ស៊ី ឈ្នះតួនាទីមេឃុំបានចំនួន ២២តំណែង និងគណបក្សសិទ្ធិមនុស្ស ឈ្នះតួនាទីមេឃុំចំនួន ១៨ឃុំ ក្នុងចំណោមឃុំ-សង្កាត់សរុបមានចំនួន ១.៦៣៣ឃុំ-សង្កាត់នៅទូទាំងប្រទេស សម្រាប់អាណត្តិទី៣ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១២នេះ។
លោក កឹម សុខា ត្រៀមជួបលោក សម រង្ស៊ី និយាយពីបង្រួបបង្រួមបក្ស
នៅក្នុងសន្និសីទកាសែតនៅថ្ងៃ៤ មិថុនា នេះដែរ លោក កឹម សុខា មានប្រសាសន៍ថា រូបលោកនឹងត្រៀមជួបជាមួយលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង ដើម្បីចរចាលើផែនការបង្រួបបង្រួមគណបក្សឲ្យទៅជាបក្សតែ១។
លោក កឹម សុខា ថ្លែងថា រូបលោកនឹងផ្ដើមចរចាទៅគណបក្ស សម រង្ស៊ី ដើម្បីបើកច្រកឲ្យបក្សប្រជាធិបតេយ្យទាំងពីរ គឺគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួបរួមទៅជាបក្សតែ១ ដើម្បីឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នៅឆ្នាំ២០១៣ ខាងមុខ។
ទាក់ទងនឹងបញ្ហាមិនទាន់មានការឆ្លើយតបពីមេដឹកនាំគណបក្ស សម រង្ស៊ី ចំពោះគម្រោងជួបចរចារបស់មេដឹកនាំគណបក្សសិទ្ធិមនុស្សនេះទេ ប៉ុន្តែកន្លងមកលោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានថ្លែងថា ទ្វារចរចាបង្រួបបង្រួមបក្សប្រជាធិបតេយ្យមិនទាន់បិទទេ។
ទាក់ទងនឹងគម្រោងរបស់មេដឹកនាំគណបក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្ស ដែលចង់បង្រួបបង្រួមគ្នានោះ ធ្លាប់បានចងសម្ពន្ធភាពជាមួយគ្នាម្ដងរួចមកហើយ ដើម្បីបើកច្រកច្របាប់បញ្ចូលគ្នាទៅជាបក្សតែ១ ប៉ុន្តែសម្ពន្ធភាពត្រូវបរាជ័យ ដោយសារតែមេដឹកនាំបក្សទាំង២ មិនទុកចិត្តគ្នាទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។