កឹម សុខា ត្រូវ​ទាហាន​ខ្មែរ​មិន​ឲ្យ​ឡើង​ប្រាសាទ​ព្រះវិហារ​ដើម្បី​ចែក​អំណោយ

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា បាន​ថ្លែង​បា្រប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៩​នេះ ដោយ​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​កងទ័ព​ឈរ​ជើង​ការពារ​ប្រាសាទ​ព្រះវិហារ ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​ឡើង​ទៅ​ប្រាសាទ​ព្រះវិហារ​នោះ​គឺ​ជា​ការ​រើសអើង។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​ជំនួយការ​របស់​លោក​បាន​ទៅ​សុំ​ការ​អនុញ្ញាត​ជា​មុន ប៉ុន្តែ លោក ស្រី ឌឹក មេបញ្ជាការ​កង​ពល​អន្តរាគមន៍​លេខ​១២ ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​មិន​អនុញ្ញាត​ឡើយ ដោយ​យក​លេស​ថា មិន​អាច​ធានា​សុវត្ថិភាព​បាន។

លោក កឹម សុខា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​ដែរ ដោយសារ​ខ្ញុំ​ជា​ខ្មែរ​ដែរ ហើយ​កងទ័ព​ជា​កងទ័ព​ខ្មែរ​យើង​ដែរ ហើយ​ខ្ញុំ​ក្នុង​នាម​ជា​តំណាង​រាស្ត្រ​ទៀត ហើយ​ខ្ញុំ​ទៅ​ជា​បេសកកម្ម​ស្រប​ច្បាប់​ទៀត ហើយ​មេបញ្ជាការ​កងទ័ព​យើង​ហ្នឹង​គាត់​មិន​អាច​ធានា​សុវត្ថិភាព​ដល់​ខ្ញុំ​ដែល​ជា​តំណាង​រាស្ត្រ​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​កងទ័ព​នៅ​ទីនោះ ដូច្នេះ​គាត់​បង្ហាញ​ថា គាត់​អត់​មាន​សមត្ថភាព​ដើម្បី​ធានា​សន្តិសុខ​ដល់​តំណាង​រាស្ត្រ។ ហើយ​ចំពោះ​ការ​ដែល​យើង​ខ្ញុំ​ទៅ​នេះ ក៏​មិន​មែន​ទៅ​ជា​រឿង​នយោបាយ​ដែរ គឺ​យើង​ដឹង​ហើយ​ថា ក្នុង​នាម​យើង​ខ្ញុំ​ជា​តំណាង​រាស្ត្រ ហើយ​មាន​ប្រធាន​រដ្ឋ​សភា​អនុញ្ញាត​ឲ្យ​ទៀត»

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​នៅ​ឡើយ​ពី​លោក ស្រី ឌឹក មេបញ្ជាការ​កង​ពល​អន្តរាគមន៍​លេខ​១២ ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ។

លោក កឹម សុខា មាន​ប្រសាសន៍​ទៀត​ថា គោល​បំណង​នៃ​ការ​ឡើង​ទៅ​នោះ​គឺ​ដើម្បី​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​និង​កងទ័ព​ដែល​ឈរ​ជើង​ប្រចាំការ​នៅ​ទីនោះ​ផង និង​យក​អំណោយ​មួយ​ចំនួន​ដែល​សប្បុរសជន​នៅ​សហរដ្ឋ​អាមេរិក បាន​ផ្ញើ​មក​តាមរយៈ​រូប​លោក​ទៅ​ចែក​ជូន​កងទ័ព​នៅ​ទីនោះ​ផង។

លោក​មាន​ប្រសាសន៍​ទៀត​ថា អំណោយ​ទាំង​នោះ​រួម​មាន​ថ្នាំ​ពេទ្យ​មួយ​ចំនួន ប្រេង​កូឡា និង​ម្ហូប​អាហារ មាន​ត្រី​ខ​កំប៉ុង ត្រី​ងៀត និង​ទឹក​ដោះ​គោ​កំប៉ុង ជា​ដើម ដែល​សរុប​ទឹក​ប្រាក់​ប្រមាណ​ជាង ៥.០០០​ដុល្លារ​អាមេរិក៕