លោក សុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១ ខែកញ្ញា បានបញ្ជាក់ថា លោកបានកោះហៅប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា មកបំភ្លឺនៅតុលាការក្រុងភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា គឺពាក់ព័ន្ធទៅនឹងបណ្ដឹងអតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានប្ដឹងលោក កឹម សុខា ថាបានប្រព្រឹត្តអំពើពុករលួយនៅពេលដែលលោកនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោក សុខ រឿន មានប្រសាសន៍បន្ថែមថា លោកនៅមិនទាន់ធ្វើការចោទប្រកាន់លោក កឹម សុខា ពីបទរំលោភលើសេចក្ដីទុកចិត្ត និងក្លែងលិខិតឯកជននៅឡើយទេ ហើយលោកក៏មិនបានធ្វើការចោទប្រកាន់លោក កឹម សុខា ពីបទបរិហារកេរ្តិ៍ ដូចជាការផ្សាយរបស់សារព័ត៌មានក្នុងស្រុកនោះទេ។
សារព័ត៌មានក្នុងស្រុកជាច្រើន កាលពីដើមសប្ដាហ៍បានផ្សាយថា លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ហើយតុលាការបានស្នើសុំរដ្ឋសភាកម្ពុជា ដើម្បីដកអភ័យឯកសិទ្ធិរបស់លោក កឹម សុខា។
អគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស និងជាតំណាងរាស្ត្រ លោក យ៉ែម បុញ្ញប្ញទ្ធិ មានប្រសាសន៍នៅថ្ងៃពុធនេះដែរថា លោក កឹម សុខា នឹងសរសេរលិខិតស្នើសុំពន្យារពេលចូលបំភ្លឺនៅតុលាការ ដោយសារលោកកំពុងបំពេញភារកិច្ចនៅឯសហរដ្ឋអាមេរិក ហើយលោកគ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ នៅពាក់កណ្ដាលខែតុលា។
លោក ឈឹម ផលវរុន អតីតបុគ្គលិករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាដើមបណ្ដឹងម្នាក់ក្នុងចំណោមដើមបណ្ដឹងចំនួន ១៦នាក់ មានប្រសាសន៍នៅថ្ងៃអង្គារ ទី៣១ ខែសីហាថា លោកនិងដើមបណ្ដឹងដទៃទៀត បានប្ដឹងលោក កឹម សុខា ក្រោយពេលដែលលោក កឹម សុខា ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយនៅក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅឆ្នាំ២០០៥ និង២០០៦។ លោក ឈឹម ផលវរុន ចោទប្រកាន់លោក កឹម សុខា ថា បានបន្លំលុយប្រាក់ខែ និងលុយទូរស័ព្ទរបស់បុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
មន្ត្រីសិទ្ធិមនុស្សបានហៅការកោះហៅលោក កឹម សុខា របស់តុលាការក្រុងភ្នំពេញ បន្ទាប់ពីពាក្យបណ្តឹងត្រូវបានដាក់អស់រយៈពេល ៤ឆ្នាំមកថា ជាការគំរាមកំហែងផ្នែកនយោបាយទៅគណបក្ស សិទ្ធិមនុស្សដែលកំពុងមានប្រជាប្រិយភាព។
លោក អ៊ូ វីរៈ ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបច្ចុប្បន្ន កាលថ្ងៃទី៣១ ខែសីហា បានបដិសេធការចោទប្រកាន់របស់លោក ឈឹម ផលវរុន ដែលថា លោក កឹម សុខា បានប្រព្រឹត្តអំពើពុករលួយក្នុងពេលដែលលោក កឹម សុខា ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោក អ៊ូ វីរៈ ថា បណ្ដឹងរបស់លោក ឈឹម ផលវរុន ធ្វើឡើងក្រោយពេលដែលលោក ឈឹម ផលវរុន ត្រូវបានបញ្ចប់ការងារនៅឯមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ឆ្លើយសំណួររបស់អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីថា តើហេតុអ្វីទើបបណ្ដឹងរបស់អតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានលើកមកជម្រះ ៤ឆ្នាំក្រោយពេលដែលបណ្ដឹងនេះបានប្ដឹង? លោក សុខ រឿន បានឲ្យដឹងថា លោកមានសិទ្ធិលើកយកបណ្ដឹងនេះមកអង្កេតនៅពេលណាក៏បានដែរ៕