លោក កឹម សុខា មាន​សង្ឃឹម​លើ​ការ​ច្របាច់​បញ្ចូល​បក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ

គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​កំណត់​ថ្ងៃ​ជួប​គ្នា​ដើម្បី​ជជែក​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ។ ជំនួប​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦-១៧ កក្កដា ឆ្នាំ​២០១២។
ដោយ វិជ័យ អានន្ទ
2012-06-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កឹម សុខា ៣០៥
៣០-កក្កដា-២០១១៖ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ការ​បើក​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​២ នៅ​ទីស្នាក់ការ​គណបក្ស នា​រាជធានី​ភ្នំពេញ។
RFA/Den Ayuthyea

បើ​ទោះ​បី​ថ្ងៃ​ជជែក​គ្នា​មិន​ទាន់​ចូល​មក​ដល់​ក៏​ដោយ ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខ បាន​សម្ដែង​ជំនឿ​យ៉ាង​មុតមាំ​នា​ថ្ងៃ​ទី​២៦ មិថុនា ថា គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​នឹង​រក​ចំណុច​រួម​គ្នា​មួយ​ឃើញ ហើយ​ឈាន​ដល់​ការ​បង្រួប​បង្រួម​គ្នា​បាន​ដោយ​ជោគជ័យ។ លោក​បាន​លើក​ឡើង​នូវ​ចំណុច​វិជ្ជមាន​មួយ​ចំនួន ដែល​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​អាច​បង្រួប​បង្រួម​គ្នា។

ម្យ៉ាង​ទៀត លោក កឹម សុខា បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​មាន​ជំនឿ​ថា គណបក្ស​ទាំង​ពីរ​អាច​រួប​រួម​គ្នា​នោះ​ថា ទិស​ដៅ​គណបក្ស​ទាំង​ពីរ​ដូច​គ្នា គឺ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​បញ្ជាក់​បន្ថែម​ថា ប្រសិន​គណបក្ស​ទាំង​ពីរ​បរាជ័យ​ក្នុង​ការ​បង្រួប​បង្រួម​ម្ដង​ទៀត លោក​នៅ​តែ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​គណបក្ស​ទាំង​ពីរ​នឹង​អាច​ច្របាច់​បញ្ចូល​គ្នា​បាន ហើយ​លោក​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​រក​ចំណុច​ត្រូវ​គ្នា​មួយ ដើម្បី​ឈាន​ដល់​ការ​ច្របាច់​បញ្ចូល​គ្នា​ឲ្យ​ខាង​តែ​បាន។ លោក​ថ្លែង​បែប​នេះ ក្នុង​ឱកាស​នៃ​ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​មេឃុំ​គណបក្ស សិទ្ធិ​មនុស្ស ដែល​មក​ពី​ឃុំ​ទាំង​១៨។

ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ដែរ លោក​ឲ្យ​ដឹង​ថា គណបក្ស សិទ្ធិ​មនុស្ស ផ្ដល់​មុខ​វិជ្ជា​សិក្សា​មួយ​ចំនួន​ដល់​មេឃុំ​ទាំង​នោះ រួម​មាន​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង ការ​កសាង​ផែនការ​អភិវឌ្ឍន៍​ឃុំ-សង្កាត់ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ក្នុង​ឃុំ-សង្កាត់ និង​កិច្ចការ​រដ្ឋបាល​ជាដើម។

ទាក់​ទង​ទៅ​នឹង​រឿង​បង្រួប​បង្រួម​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ អះអាង​ថា គណបក្ស​ទាំង​ពីរ​អាច​នឹង​បង្រួប​បង្រួម​បាន បើ​សិន​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​ឈរ​លើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។ លោក​ថ្លែង​បន្ត​ថា គណបក្ស សម រង្ស៊ី ស្វាគមន៍​ជានិច្ច​ចំពោះ​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​ដែល​ប្រាថ្នា​បំពេញ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ និង​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។

ទោះ​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​ឯករាជ្យ និង​ជា​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ខេមរៈ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ​អាច​បង្រួប​បង្រួម​គ្នា​បាន បើ​សិន​ឈរ​លើ​គោលការណ៍​បី។ ទី​មួយ អ្នក​នយោបាយ​នៃ​បក្ស​ទាំង​ពីរ​គិត​ពី​ការ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​បោះ​ជំហាន​ទៅ​មុខ។ ទី​ពីរ អ្នក​នយោបាយ​មិន​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ទី​បី បក្ស​ទាំង​ពីរ​គឺ​ជា​បក្ស​ឯករាជ្យ មាន​ន័យ​ថា មិន​មែន​ជា​បក្ស​ដែល​គេ​បង្កើត​មក​ដើម្បី​កំដរ​ឆាក​នយោបាយ។

ម្យ៉ាង​ទៀត លោក​បន្ត​ថា ប្រសិន​គណបក្ស​ទាំង​ពីរ​មិន​អាច​ច្របាច់​បញ្ចូល​គ្នា​បាន​ទេ លោក​សុំ​ឲ្យ​គណបក្ស​ទាំង​ពីរ​ឈប់​ឃោសនា​រក​សំឡេង​ឆ្នោត ដើម្បី​បោក​រាស្ត្រ​ជា​បន្ត​ទៀត។ លោក​ពន្យល់​ថា សូម្បី​អ្នក​នយោបាយ​ពីរ​បី​នាក់ យើង​មិន​អាច​បង្រួប​បង្រួម​បាន​ផង ចុះ​យើង​រំពឹង​អ្វី​ថា​នឹង​អាច​បង្រួប​បង្រួម​ជាតិ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Please, I beg you both, make an integration. Only this way, you will be able to move to power;then you can share your power. let's say, you both take turn to be PM, NAT, Senate,.... so on

Jun 28, 2012 03:17 PM

អ្នក​អាន​អនាមិក

ប្រសិនបើសមាជិកម្នាក់ៗរបស់គណបក្សទាំងពីរនេះ ពិតជាធ្វើការដើម្បីជាតិ ប្រជាជនពិតប្រាកដមែន អ្នកទាំងនោះត្រូវតែហ៊ានលះបងតួនាទីនិងផលប្រយោជន៏ផ្ទាល់ខ្លួន។

Jun 28, 2012 10:15 AM

(

សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​អោយ​អ្នក​ទាំង​ពីរ​រួប​រួម​គ្នា​បាន​ ដោយ​ជោគជ័យ ។ ពី​ពលរដ្ឋ​សៀមរាប

Jun 28, 2012 05:09 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

I believe if both parties stand on national interest they can merge together. Good luck, all the best and I will vote for you.

Jun 28, 2012 07:44 PM

ឯករាជ្យ

ពី ពី ជាយដែន

ខ្ញុំ​គិត​ថា​គណបក្ស​និមួយៗ​គួរ​តែ​ពិចារណា​អោយ​បាន​ល្អិត​ល្អន់ មុន​នឹង​រួម​បញ្ចូល​គ្នា​នោះ ដើម្បី​ជៀស​វាង​ការ​ខូច​ប្រយោជន៍​រៀងៗ​ខ្លួន

Jun 28, 2012 05:05 AM

អ្នក​អាន​អនាមិក

ពី Battambang province,Cambodia

It is on time for this two party to join,because all people need them and want to see new government that create from new party

Jun 27, 2012 09:54 PM

មើល​មតិ​ទាំង​អស់.