ប្រធានអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី នៅថ្ងៃទី២ ខែតុលា បានមានប្រសាសន៍ថា ការស្នើសុំរបស់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី នោះ គឺមិនមានឥទ្ធិពលធ្វើឲ្យលោក បារ៉ាក់ អូបាម៉ា លុបចោលដំណើរទស្សនកិច្ចមកកម្ពុជា នោះទេ ដោយសារតែរដ្ឋាភិបាលកម្ពុជា បានអញ្ជើញឲ្យលោកមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន (Asean) ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានអញ្ជើញជាផ្លូវការ ហើយសុំឲ្យប្រមុខរដ្ឋាភិបាល និងប្រធានាធិបតីនៃប្រទេសមហាអំណាចមួយចំនួន មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ នៅទីក្រុងភ្នំពេញ។
ប្រមុខរដ្ឋាភិបាល និងប្រធានាធិបតីនៃប្រទេសមហាអំណាចទាំងនោះ មានដូចជា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក វិន ជាបាវ (Wen Jiabao) នាយករដ្ឋមន្ត្រីចិន លោក វ្លាឌីមា ពូទីន (Vladimir Putin) ប្រធានាធិបតីប្រទេសរុស្ស៊ី (Russia) លោក ម៉ាន់ម៉ូហាន់ ហ្ស៊ីង (Manmohan Signh) នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា អ្នកស្រី ជូលា ហ្គីឡាត (Julia Gillard) នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី និងមេដឹកនាំប្រទេសមួយចំនួនទៀត ជាប្រទេសដៃគូជាមួយអាស៊ាន។
ប្រធានអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅទីស្ដីការគណៈរដ្ឋមន្ត្រីថា ការស្នើសុំរបស់តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បែបនោះ គឺជាការប្រមាថមួយដល់ប្រទេសកម្ពុជា យ៉ាងធ្ងន់ធ្ងរ៖ «ពីព្រោះកិច្ចប្រជុំនេះធំ អីចឹង យើងមានការរៀបចំការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ សន្តិសុខអីរៀបចំត្រឹមត្រូវក្នុងការទទួលបដិសណ្ឋារកិច្ច ក្នុងនាមយើងជាប្រទេសមួយដែលជាប្រធានអាស៊ាន។ អីចឹង ជាមុខមាត់របស់ប្រទេសយើង ក៏ប៉ុន្តែ ជាទម្លាប់គណបក្សប្រឆាំង គាត់ធ្វើតែអីចឹង និយាយឲ្យចំទៅ ផ្នត់គំនិតគាត់ហ្នឹង គឺជាអ្នករណបបរទេស»។
ចំណែកឯតំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា អ្នកស្រីប្រមូលបានស្នាមផ្ដិតមេដៃពីប្រជាពលរដ្ឋជាង ១ពាន់នាក់ហើយ ដើម្បីគាំទ្រសំណើរបស់អ្នកស្រីនោះ។
អ្នកស្រី មូរ សុខហួរ បានបញ្ជាក់ថា នឹងទៅសហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ដើម្បីប្រគល់ញត្តិនោះជូនក្រសួងការបរទេសសហរដ្ឋអាមេរិក៖ «តែត្រូវតែដាក់លក្ខខណ្ឌនៅក្នុងការអញ្ជើញមក។ យ៉ាងហោចណាស់ ប្រទេសកម្ពុជាយើង ត្រូវតែមានការគោរពអ្វីដែលជាសំណូមពររបស់អង្គការសហប្រជាជាតិដែរ។ អ្វីដែលយើងចង់បាន គឺសម្រាប់ជាតិទាំងមូល»។
ចំណែកឯប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានមានប្រសាសន៍ថា លោកមិនចង់ឃើញសហរដ្ឋអាមេរិក ប្រឈមមុខជាមួយកម្ពុជា នោះទេ៖ «លោកនឹងអាចអញ្ជើញមក មានឱកាសជួបជាមួយប្រមុខរដ្ឋាភិបាល ដើម្បីជជែក និងពិភាក្សា ដើម្បីរកដំណោះស្រាយណាមួយ ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ហ្នឹង កាន់តែល្អប្រសើរ ហើយស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា យើងហ្នឹង កាន់តែល្អប្រសើរ ជៀសវាងការប្រឈមមុខដាក់គ្នាបន្តទៀត»។
កន្លងមក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអាស៊ាន លោក ដេវីត ខាឌិន (David Carden) និងឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ខឺត ខែមប៊ែល (Kurt Campbell) បានជម្រាបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី អំពីដំណើរទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា មកកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១២។
រដ្ឋាភិបាលកម្ពុជា កំពុងតែរៀបចំវិធានការសន្តិសុខយ៉ាងរឹងមាំ ដើម្បីស្វាគមន៍ការមកដល់នៃមេដឹកនាំប្រទេសមហាអំណាចទាំងនោះ មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។