ពលរដ្ឋ​កំពង់ចាម​២​ឃុំ​ប្រឆាំង​គម្រោង​លក់​ត្រពាំង​ប្រវត្តិសាស្ត្រ​មួយ​កន្លែង

ពលរដ្ឋ​ពីរ​ឃុំ​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​ទៅ​នឹង​គម្រោងការ​របស់​អាជ្ញាធរ ដែល​ចង់​លក់​ត្រពាំង​ប្រវត្តិសាស្ត្រ​មួយ​កន្លែង ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​អភិវឌ្ឍ​ធ្វើ​អាជីវកម្ម​ផ្សេងៗ។

លោក ប្រាក់ វ៉ាន់នី មេឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ៣០ ឧសភា​ថា ប៉ុន្មាន​ខែ​មុន​នេះ មាន​ក្រុមហ៊ុន​មិន​ស្គាល់​ឈ្មោះ​មួយ បាន​ទៅ​ចរចា​ជាមួយ​លោក​ដោយ​ចង់​ទិញ​យក​​ត្រពាំង​មួយ ឈ្មោះ​ត្រពាំង​ក្រម ដោយ​ឲ្យ​តម្លៃ ៣០០ ដុល្លារ​ក្នុង​មួយ​ហិកតារ។ ក៏ប៉ុន្តែ លោក​មិន​ទាន់​ទទួល​យល់​ព្រម​នៅ​ឡើយ ដោយ​ហេតុ​ថា ត្រពាំង​នេះ​ជា​កន្លែង​​គោរព​បូជា​របស់​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​ឃុំ ដែល​នៅ​ជាប់​គ្នា​នោះ គ្រប់គ្រង​យូរ​ឆ្នាំ​មក​ហើយ។

លោក​មេឃុំ ប្រាក់ វ៉ាន់នី ៖ «មាន​ក្រុមហ៊ុន​ខ្លះៗ គាត់​មក​ស្នើសុំ​ឃុំ​ជាំ​ហ្នឹង តាំង​ពី ២០០៧ មក។សុំ​អភិវឌ្ឍន៍​ដី​ហ្នឹង។ តែ​ខ្ញុំ​អត់​អាច​ឲ្យ​អភិវឌ្ឍន៍​បាន​ទេ​ដោយ​ផ្អែក​ទៅ​លើ​ដី​ដូន​តា ជា​តំបន់​បុរេប្រវត្តិ​ផង ខ្ញុំ​ធ្វើ​របាយការណ៍​ទៅ​អភិបាល​ស្រុក។ ថ្ងៃ​ទី ២៣ សាលាស្រុក​អញ្ជើញ​ខ្ញុំ​ទៅ​ពីរ​ឃុំ​ហ្នឹង ដោះ​ស្រាយ​គ្នា​ដោយ​លើក​ផែន​ទី​មក វា​ចូល​ទៅ​ក្នុង​ទឹក​ដី​ឃុំ​ជាំក្រវៀន​ទាំង​ស្រុង ទាំង​អស់​តែ​ម្ដង»។

ត្រពាំង​ក្រម​ស្ថិត​នៅ​ក្បែរ​ភូមិ​ទ្រមូង ជាប់​នឹង​ព្រំ​ប្រទល់​ឃុំ​ជាំ និង​ឃុំ​ជាំ​គ្រវៀន ស្រុក​មេមត់ ខេត្ត​កំពង់ចាម កើត​មាន​តាំង​តែ​ពី​ឆ្នាំ ១៩៥០ មក ដែល​អ្នក​ស្រុក​នៅ​ទីនោះ​ឲ្យ​ដឹង​ថា នៅ​ខែ​មេសា​រាល់​ឆ្នាំ ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ឃុំ​នេះ តែង​នាំ​គ្នា​ទៅ​ជួប​ជុំ​រាំ​លេង​សប្បាយ​រំសាយ​កង្វល់ និង​រក​ត្រី​នៅ​ទី​នោះ។

លោក អ៊ិន សុខុន កើត​ក្នុង​ឆ្នាំ ១៩៥៤ នៅ​ឃុំ​ជាំ​គ្រវៀន បាន​ឲ្យ​ដឹង​ថា ត្រពាំង​ក្រម​នេះ​មាន​ការ​ដណ្ដើម​គ្នា​រវាង​ឃុំ​ជាំ និង​ឃុំ​ជាំ​គ្រវៀន​នៅ​ទសវត្ស​ទី ១៩៥០ ដោយ​បែង​ចែក​មិន​ដាច់​ចៅក្រម​ជំនាន់​នោះ បាន​សម្រេច​ឲ្យ​ឃុំ​ទាំង​ពីរ​ទទួល​គ្រប់គ្រង​ទើប​ឲ្យ​ឈ្មោះ​ថា ត្រពាំង​ក្រម ហើយ​ក៏​មាន​ការ​ស្រុះស្រួល​គ្នា​រវាង​ប្រជា​ពលរដ្ឋ និង​មេឃុំ​ទាំង​សង​ខាង នៅ​ជំនាន់​នោះ និង​បាន​បង្កើត​ជា​បុណ្យ​កម្សាន្ត ដោយ​ការ​ឲ្យ​មាន​សិល្បៈ​ល្ខោន​យីកេ ទៅ​សម្ដែង​នៅ​ទីនោះ នៅ​ក្នុង​ខែ​មេសា រៀង​រាល់​ឆ្នាំ។

លោក អ៊ិន សុខុន អះអាង​ថា លោក​នឹង​ចូលរួម​ប្រឆាំង​ទៅ​នឹង​ការ​លក់​ត្រពាំង​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ «ឆ្នាំ ៥០ មាន​ដល់​ចៅហ្វាយ​ស្រុក​ទៀត ចុះ​មក​គោរព​កន្លែង​កេរ្តិ៍​ដំណែល​បុរេប្រវត្តិ​នេះ។ បើ​សិន​ជា​លក់​ដូរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​អភិវឌ្ឍន៍​ប៉ះ​ពារ​ទៅ​លើ​កន្លែង​បុរេប្រវត្តិសាស្ត្រ​ហ្នឹង ខ្ញុំ​ក៏​មិន​ឯកភាព​ដែរ»។

លោក ស្មោញ សំរឹត អាយុ ៧៨ ឆ្នាំ នៅ​ឃុំ​ជាំ​បាន​ឲ្យ​ដឹង កាល​ពី​ព្រឹក​ថ្ងៃ​ទី ៣០ ឧសភា​ថា លោក​ប្រឆាំង​ទៅ​នឹង​ការ​ចង់​លក់​ត្រពាំង ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដោយ​លោក​លើក​ឡើង​ថា វា​ធ្វើ​ឲ្យ​បាត់​កេរ្តិ៍​ដំណែល​បុរេប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​តា​ជូជក​ក្នុង​រឿង​ព្រេង​ព្រះវេស្សន្ត។

លោក ស្មោញ សំរឹត ៖ «កន្លែង​ជូជក​បែក​ពោះ​ត្រង់​ហ្នឹង​នោះ មាន​រូប​សំណាក​អី​នៅ​ហ្នឹង មាន​ដារ​​មាន​ថ្ម​មាន​ឈាម​តា​ជូជក ប្រវត្តិ​ពី​ដើម​មក​នៅ​ជាប់​នឹង​ត្រពាំង​ហ្នឹង»។

វិទ្យុ​អាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់ទង​លោក ចេង ប៊ុនរ៉ា អភិបាល​ស្រុក​មេមត់ ដើម្បី​សុំ​ការ​ពន្យល់​អំពី​គម្រោង​លក់​ត្រពាំង​បុរាណ​នោះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ច័ន្ទ​ទី ៣០ ឧសភា ឆ្នាំ ២០១១។ ប៉ុន្តែ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក គឺ​លោក គង់ សំអាង បាន​បំភ្លឺ​ថា លោក​បាន​ជួប​ជាមួយ​ប្រធាន​សុរិយោដី​ស្រុក​ហើយ ដោយ​លោក​បាន​បំភ្លឺ​ថា មាន​ក្រុមហ៊ុន​មួយ​បាន​ទទួល​លិខិត​ពី​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​ហើយ តែ​លិខិត​នោះ​មិន​ទាន់​ធ្លាក់​មក​ដល់​ស្រុក​នៅ​ឡើយ​ទេ។ ហេតុនេះ បាន​ជា​មិន​ស្គាល់​ក្រុមហ៊ុន និង​មិន​ដឹង​ថា គេ​អភិវឌ្ឍន៍​អ្វី​នៅ​ឡើយ​ទេ។លោក​បន្ថែម​ថា ចំណុច​ផែន​ទី ដែល​មន្ត្រី​សូរិយោដី​បាន​បង្ហាញ ថា​ត្រពាំង​នោះ គឺ​ស្ថិត​តែ​នៅ​ក្នុង​ឃុំ​ជាំ​គ្រវៀន​មួយ​ទេ។ ដូច្នេះ លោក​បាន​សុំ​ឲ្យ​មន្ត្រី​ចុះ​ពន្យល់​ប្រជា​ពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​បញ្ហា​នេះ ចៀស​វាង​មាន​បញ្ហា​កើត​ឡើង​ជា​យថា​ហេតុ។

ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ឃុំ សុំ​ឲ្យ​គេ​បញ្ចៀស​ការ​អភិវឌ្ឍន៍​ទៅ​កន្លែង​ផ្សេង ដែល​មិន​ពាក់ព័ន្ធ​នឹង​ទី​ប្រវត្តិសាស្ត្រ។ បើ​ពុំ​ដូច្នោះ​ទេ​ពួក​គេ​នឹង​ធ្វើ​ការ​តវ៉ា​ឡើង​ទៅ​លើ​បន្ត​ទៀត៕