អាជ្ញាធរនិងប្រជាពលរដ្ឋរស់នៅក្នុងស្រុកជលគិរី ខែត្រកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីទឹកជន់លិចភូមិកោះធំ ដែលអូសបន្លាយពេលជិត៣ខែមកនេះ អ្នកភូមិជាង៣០គ្រួសារកំពុងតែប្រឈមនឹងបញ្ហាដាច់ស្បៀង។
១១-តុលា-០៩: ផ្ទះប្រជាពលរដ្ឋដែលលិចទឹកជាច្រើនខែស្ថិតក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
នៅពេលដែលយើងធ្វើដំណើរឆ្ពោះទៅឃុំព្រៃគ្រី ស្រុកជលគិរី នៃខែត្រកំពង់ឆ្នាំង យើងឃើញ កូនខ្ទមតូចៗរបស់អ្នកស្រុក ដែលមានដំបូលប្រក់ស្លឹកត្នោត មើលពីចម្ងាយហាក់បីដូចជាកំពុងអណ្តែតនៅលើផ្ទៃទឹកទន្លេ ប៉ុន្តែពេលអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានជិះទូកទៅដល់ ទើបដឹងថា ផ្ទះខ្ទមរបស់អ្នកស្រុកបានលិចលង់រហូតដល់ដំបូលផ្ទះ អស់រយៈពេលជាច្រើនខែកន្លងមក។
ម្ចាស់ផ្ទះទាំងនោះបានជម្លៀសទៅសុំជ្រកជាមួយផ្ទះអ្នកភូមិដែលខ្ពស់ផុតពីផ្ទៃទឹក។
ភូមិកោះធំជាភូមិមួយនៅដាច់ស្រយាលពីគេនៃខែត្រកំពង់ឆ្នាំង ចម្ងាយប្រហែលជាង១០០គីឡូម៉ែត្រពីភ្នំពេញ ដោយចុះពីថ្នល់ជាតិប្រហែល៥០គីឡូម៉ែត្របន្ថែមទៀត ដែលមានព្រំប្រទល់ជាប់នឹងស្រុកបាធាយនៃខែត្រកំពង់ចាម។
បើតាមការអះអាងពីអ្នកភូមិក៏ដូចជាអាជ្ញាធរឃុំថា មានអ្នកភូមិជាង៣០គ្រួសារកំពុងតែដាច់ស្បៀង ដែលត្រូវការជំនួយជាចាំបាច់ តែពួកគេថា មិនទាន់មានថ្នាក់ដឹកនាំណាយកជំនួយទៅជួយ នៅគ្រាដែលពួកគេកំពុងប្រឈមនឹងគ្រោះមហន្តរាយនេះនៅឡើយទេ។
មនុស្សចាស់ៗមិនមានការងារអ្វីធ្វើឡើយក្នុងខណៈនេះ រីឯក្មេងៗវិញនាំគ្នាទៅសាលារៀនដោយប្រើទូកឈ្នួល។
ស្ត្រីម្នាក់មានវ័យចំណាស់ជាង៥០ឆ្នាំ ឈ្មោះ នោ ផន បានឲ្យដឹងថា អ្នកស្រីជាស្ត្រីមេម៉ាយមានកូនបីនាក់ក្នុងបន្ទុក បន្ទាប់ពីទឹកបានលិចផ្ទះមក អ្នកស្រីរកអ្វីមិនបានទេ ពីមួយថ្ងៃទៅមួយថ្ងៃជីវភាពកាន់តែយ៉ាប់យឺនៗទៅ សព្វថ្ងៃមានស្បៀងគឺអាស្រ័យលើមានចំណូលពីការចម្លងអ្នកភូមិ ឬភ្ញៀវតែប៉ុណ្ណោះ។ ថ្ងៃខ្លះរកបាន៥០០រៀល ឯថ្ងៃខ្លះទៀតបាន២.០០០រៀលសម្រាប់ទិញអង្ករច្រកឆ្នាំង។
ស្រ្ដីមេម៉ាយ នោ ផន បានឲ្យដឹងដូច្នេះ ៖ «ស៊ីអង្ករគីឡូសព្វថ្ងៃហ្នឹង រកបានទៅទិញអង្ករស៊ី មួយថ្ងៃមួយគីឡូ មួយគីឡូព្រឹកមួយគីឡូល្ងាច។ ពេលថ្ងៃអត់ខ្ចីគេស៊ី ថ្ងៃណារកបានទិញសងគេវិញទៅ»។
ស្ត្រីអ្នកនេសាទម្នាក់អង្គុយលើក្បាលទូកទាំងអស់សង្ឈឹម ឈ្មោះ នង សុខឃី មានប្រសាសន៍ថា អ្នកស្រីសព្វថ្ងៃគ្មានផ្ទះនៅនោះទេ ផ្ទះខ្ទមប្រក់ស្លឹកត្នោតនោះទឹកលិចអស់ទៅហើយ។ អ្នកស្រីនិងក្រុមគ្រួសារបានទៅនៅផ្ទះម្តាយដែលខ្ពស់ផុតពីទឹកប្រមាណ៣តឹក។ សុខឃី បានត្អូញត្អែរថា ដោយមុខរបរនេសាទរកត្រីមិនសូវបាន ហើយទឹកលិចភូមិទៀតនោះ សព្វថ្ងៃគ្មានអង្ករហូបនោះទេ កុំថាឡើយចំណីអាហារដែលឆ្ងាញ់ៗនោះ។
ស្រ្តីអ្នកនេសាទ នង សុខឃី មានប្រសាសន៍ដូច្នេះ ៖ «ខ្ទមតូចៗលិចអស់ហើយ រួចទៅមកនៅជាមួយម្ដាយ ផ្ទះលិចដល់ដំបូល។ ក្រៅពីនេសាទអត់មានធ្វើអីផង ថ្ងៃខ្លះអត់ទៅបានរកម៉ែឪហូបទៅ»។
រីឯស្ត្រីវ័យចំណាស់ជិត៧០ឆ្នាំមួយរូបទៀត ឈ្មោះ ឡេង ហូ បានរៀបរាប់អំពីការលំបាកនៃការរស់នៅប្រចាំថ្ងៃក្នុងទឹកមុខស្លេកស្លាំងថា រូបអ្នកស្រីមានវ័យចំណាស់គ្មានផ្ទះសម្បែងនោះទេ គឺសុំផ្ទះអ្នកភូមិនៅជាមួយ ហើយផ្ទះនោះប្រក់ស្លឹក ជញ្ជាំងក៏បាំងស្លឹកត្នោតដែរ។ កុំថាឡើយមានអង្ករច្រកឆ្នាំងសម្រាប់បរិភោគ តែការស្នាក់នៅក៏មានការលំបាកដែរ នៅពេលមានខ្យល់ព្យុះខ្លាំង គឺផ្ទះជិតរលំម្តងៗ ហើយបើពេលភ្លៀងក៏លិចទឹកគ្មានកន្លែងគេងនោះទេ។ ជីដូនចាស់រួបនេះបានបញ្ជាក់ថា ការរស់នៅបច្ចុប្បន្នអាស្រ័យលើអ្នកភូមិផ្តល់ចំណីអាហារឲ្យ។
ស្រ្ដីវ័យចំណាស់ ឡេង ហូ ប្រាប់ឲ្យដឹងដូច្នេះ ៖ «ជួនណាដាច់ពេលទៅ ខ្ញុំអត់មាត់អត់កអីទ្រាំអត់ ឃ្លានចេះតែទ្រាំទៅ។ ដើរទៅណេះទៅណោះទៅ គេជូនមកពីរបីកំប៉ុង បួនប្រាំកំប៉ុង»។
យុវសិស្សឈ្មោះ អមរ៉ា សិក្សាថ្នាក់ទី១០ បានថ្លែងថា កញ្ញាប្រហែលជាបញ្ចប់សិក្សានៅថ្នាក់ទី១០នេះ ព្រោះថា ទឹកលិចមានរយៈពេលយូរ ឪពុកម្តាយរកអ្វីមិនបាន សព្វថ្ងៃកញ្ញាលក់បាយនៅជិតសាលាស្រុកដើម្បីរកចំណូលទៅរៀន ព្រោះការទៅសិក្សាត្រូវចំណាយថវិកាច្រើន ដូចជារៀនគួរ និងថ្លៃជិះទូក ក្នុងមួយថ្ងៃអស់ពី៣ពាន់ទៅ៥ពាន់រៀល។ អមរ៉ា បានបន្តថា ទឹកលិចភូមិនេះបានជះឥទ្ឋិពលយ៉ាងខ្លាំងដល់អ្នកភូមិរបស់នាងដែលរកចំណូលមិនបាន ហើយក៏មានក្មេងៗមួយចំនួនក៏បានលះបង់ការសិក្សាផងដែរ។
កញ្ញា អមរ៉ា បានឲ្យដឹងដូច្នេះថា ៖ «វាពិបាកទៅរៀន ជួនកាលទៅដល់គ្រូចូលរៀនចោល អត់បានចូលរៀន។ សំណូមពរឲ្យជួយឧបត្ថម្ភស្បៀងអាហារ និងជួយឧបត្ថម្ភលុយកាក់បន្តិចបន្តួចដើម្បីរៀនបន្ត បើមិនអ៊ីចឹងទេរៀនអត់បានតទៅមុខ»។
ប្រធានភូមិកោះធំ លោក ហុង ហេង បានបញ្ជាក់ថា ប្រជាពលរដ្ឋរបស់លោកជាង៣០គ្រួសារដែលដាច់បាយ ក្នុងចំណោមប្រជាពលរដ្ឋចំនួន២១៩គ្រួសារ លើសពីនេះទៀត អ្វីដែលពិបាកជាងនេះ មានអ្នកភូមិប្រមាណ៧០ភាគរយដែលខ្ចីបុលពីធនាគារដើម្បីយកមកប្រកបរបររកស៊ី ផ្ទុយទៅវិញពួកគេទាំងនោះគ្មានមុខរបរច្បាស់លាស់ ថវិកាក៏អស់ ពួកគេត្រូវប្រឈមនឹងបញ្ហាពីរ ទី១ត្រូវរកប្រាក់សងរំលោះធនាគារវិញ និងទី២រកប្រាក់ដើម្បីក្រពះ។
លោក ហុង ហេង មានប្រសាសន៍ដូច្នេះ ៖ «កូនរៀនផង សម្រាប់គ្រួសារគាត់ផង។ ចំពោះគ្រួសារណាដែលអត់មែនទែន ហើយគាត់មានឈឺថ្កាត់ទៀតផងហ្នឹង វាខ្វះទាំងស្រុងតែម្ដង»។
មេឃុំព្រៃគ្រី លោក វ៉ាន យឿន លើកឡើងថា ក្នុងឃុំរបស់លោកមានតែ៣ភូមិប៉ុណ្ណោះ ដែលមានប្រជាពលរដ្ឋសរុបជាង១.៧០០គ្រួសារ ប៉ុន្តែក្នុងចំណោមបីភូមិនេះ មានតែភូមិកោះធំ ដែលប្រជាពលរដ្ឋមានជីវភាពយ៉ាប់យ៉ឺនជាងគេ ហើយទឹកលិចទៀត បញ្ហានេះលោកគ្មានសមត្ថភាពជួយនោះទេ ប៉ុន្តែលោកបានដាក់លិខិតស្នើសុំដល់ថ្នាក់លើ ក៏ដូចជាកាកបាទក្រហមកម្ពុជាដែរ តែរហូតមកទល់ពេលនេះមិនទាន់មានលទ្ធផលនៅឡើយទេ។
ការលិចលង់នៅភូមិកោះធំ គឺជាការលិចលង់ជារៀងរាល់ឆ្នាំ ដោយសារតែទឹកជំនន់ទន្លេសាបនារដូវវស្សា ប៉ុន្តែក្នុងឆ្នាំនេះ ការលិចលង់បានអូសបន្លាយជាយូរខែ ដែលគេមិនទាន់ដឹងមូលហេតុ ហើយក៏បានធ្វើឲ្យអ្នកស្រុកជួបនូវភាពក្រីក្រតាមនោះដែរ។
បើតាមការឲ្យដឹងពីប្រធានភូមិកោះធំដដែលថា ភូមិរបស់លោកទឹកបានលិចជិត៣ខែមកហើយ គឺតាំងពីដើមខែកក្កដាមក ដែលបច្ចុប្បន្នកម្ពស់ទឹកកន្លែងខ្លះមានជម្រៅ២ម៉ែត្រ និងកន្លែងខ្លះទៀតមានជម្រៅ៤ម៉ែត្រ។ លោកថា នៅក្នុងឆ្នាំក្រោយ ប្រជាពលរដ្ឋពួកលោកប្រឈមនឹងបញ្ហាដាច់ស្បៀងកាន់តែច្រើនថែមទៀត។
មន្ត្រីផ្នែកទំនាក់ទំនងប្រចាំតំបន់នៃអង្គការ Oxfam ឈ្មោះ ស៊ាង សុខល័ក្ខ បានឲ្យដឹងថា មានប្រជាពលរដ្ឋជាង៩ម៉ឺននាក់ ដែលជួបប្រទះនូវគ្រោះមហន្តរាយនេះ មានដូចជានៅខែត្ររតនគិរី ស្ទឹងត្រែង និងខែត្រកំពង់ធំ។ ពួកគេទាំងនេះប្រឈមនឹងបញ្ហាពីរ គឺបញ្ហាដាច់ស្បៀង និងបញ្ហាសុខភាព។
លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ស្បៀងអាហារចំពោះមុខដែលកាកបាទក្រហមកំពុងតែត្រៀមក្នុងការសង្គ្រោះបន្ទាន់នោះ មានអង្ករចំនួនប្រមាណ៣០០តោន និងសម្ភារៈមួយចំនួនទៀត នៅគ្រាចាំបាច់នេះ៕
ផ្ទះប្រហែល៣០០ខ្នងត្រូវបំផ្លាញដោយអគ្គិភ័យនៅឫស្សីកែវ
មនុស្ស២នាក់ស្លាប់នៅខែត្រមណ្ឌលគិរីដោយសារខ្យល់ព្យុះ
ជនរងគ្រោះដោយទឹកជំនន់ប្រមាណ១៥ពាន់គ្រួសារកំពុងដាច់ស្បៀង
អាជ្ញាធរខែត្រសៀមរាបចែកអង្ករជូនអ្នកភូមិជាង៧០០គ្រួសារ
អ្នកភូមិដងរ៉ែកក្នុងខែត្របន្ទាយមានជ័យជួបប្រទះនឹងកង្វះស្បៀង
ព្យុះកេតសាណាធ្វើឲ្យសាលាចំនួន១ពាន់ត្រូវទឹកលិច
អាជ្ញាធរគ្រោងជួបប្រជុំរៀបចំផែនការជួសជុលក្រុងសៀមរាប
គ្រោះទឹកជំនន់បំផ្លាញស្រូវប្រមាណ២០ម៉ឺនហិកតារនៅកម្ពុជា
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Friend indeed is friend in need. Should appeal for international aids. It is time for NGO & Local NGO, Cambodian Red Cross, The Govt and aslo rich people start doing the soial humanitarian. As Samdech Hun Sen speech, he doesnt allow anyone of Khmer people dying of starvation. I hope He will take action on this serious case.
2009-10-16 00:17
Now I am livin and studying in Japan, I alway read the newspaper by Internet (RFA'radio)and I was born in Kamppong Chhnang provine too.When I knew the news abouve, I was shock because it is my hometown. I have some ideas to Major of there to request to top Major of Kamppong Chhnang provine or prime minister Hun Sen to supply some material, foods ect quickly. Specially, have to be support or provoke the student to study contiue. In this case, some students perhas stop studying, because the family have the problem for life, I think. The Major of Kamppong Chhnang please think about this in advance. <br> <br>Finally, I want to prime minster Hun Sen who have elected by the people you have to take care the people and the students who are studying there. <br> <br>Sorry, My English is poor. But this is a short ideas for me.
2009-10-14 07:14
មើលមតិទាំងអស់.