អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​ប្រតិកម្ម​ចំពោះ​សិប្បកម្ម​ស្ល​យក​សំណ​ពី​អាគុយ​ចាស់ៗ

សិប្បកម្ម​ស្ល​យក​សំណ​ពី​អាគុយ​ចាស់ៗ​មួយ​កន្លែង ត្រូវ​បាន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែនដី​មិន​ពេញ​ចិត្ត​ឲ្យ​ដាក់​ទីតាំង​ផលិត​នៅ​ក្នុង​ភូមិ​របស់​ពួក​គាត់ គឺ​ភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។
ដោយ មណ្ឌល កែវ
2012-08-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អាគុយ កំពង់ឆ្នាំង ៣០៥
១៥-សីហា-២០១២៖ កម្ទេច​សំបក​អាគុយ​ដែល​គេ​គរ​ទុក​នៅ​ក្នុង​សិប្បកម្ម​ស្ល​យក​សំណ​ពី​អាគុយ​ចាស់ៗ នា​ភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។
RFA/Mondulkeo

ប្រតិកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​ផ្សែង​ភាយ​ចេញ​ពី​ឡ​ដែល​គេ​ដុត​ស្ល​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ជា​ច្រើន​នាក់​មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ដែល​ពួក​គាត់​សន្និដ្ឋាន​ថា អាច​ពុល​ដោយសារ​ជាតិ​ផ្សែង​ភាយ​ចេញ​ពី​ឡ​នោះ។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ស្រះកែវ ជា​ច្រើន​នាក់​មាន​អាការៈ​ថប់​ដង្ហើម ក្អួត​ចង្អោរ ញ័រ​ដៃ​ជើង ឈឺ​ក្បាល វិល​មុខ។ អាការៈ​ទាំង​នេះ​បាន​កើត​មាន​បន្ទាប់​ពី​សិប្បកម្ម​ស្ល​យក​សំណ​ពី​អាគុយ​ចាស់ៗ​មួយ​បាន​បំភាយ​ផ្សែង​ចេញ​មក​ក្រៅ។

លោក​យាយ ង៉ែត គៀង អាយុ ៧៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ភូមិ​ស្រះកែវ ហើយ​ដែល​មាន​លំនៅឋាន​នៅ​ជិត​សិប្បកម្ម​ស្ល​យក​សំណ​ពី​អាគុយ​ចាស់។ លោក​យាយ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ថា បន្ទាប់​ពី​គាត់​ហិត​ក្លិន​ផ្សែង​ដែល​ភាយ​ចេញ​ពី​ឡ​ផលិត​សំណ​នេះ គាត់​មាន​អាការៈ​ណែន​ទ្រូង និង​ថប់​ដង្ហើម។ ដំបូង​គាត់​ស្មាន​ថា កូន​ចៅ​គាត់​ដុត​សំរាម​ដែល​មាន​ជាតិ​ប្លាស្ទិក តែ​ក្រោយ​មក​ទើប​គាត់​ដឹង​ថា គឺ​ជាតិ​ផ្សែង​ដែល​ភាយ​ចេញ​ពី​ឡ​ផលិត​សំណ​ដែល​មាន​ទីតាំង​នៅ​ជិត​លំនៅឋាន​គាត់។

លោក​យាយ ង៉ែត គៀ៖ «គ្រាន់​តែ​ងើប​ក៏​ងើប​មិន​ចង់​រួច​ផង។ ក្លិន​នោះ​ក្រពុល​ណាស់ ខ្ញុំ​ចង់​ក្អួត​បន្តិច ស្ដោះ​ទឹក​មាត់​មិន​ចេញ​បន្តិច ណែន​អស់​ហើយ​ដើម​ទ្រូង​ពាល់​មិន​បាន​ទេ។ ខ្ញុំ​ស្មាន​តែ​កូន​វា​ដុត​កៅស៊ូ តែ​ដល់​សួរ​វា វា​ថា​អត់​ទេ បន្តិច​ក្រោយ​មក​ក្លិន​នេះ​រឹតតែ​ឆួល​ខ្លាំង​ឡើង ខ្ញុំ​ទ្រាំ​លែង​បាន​ក៏​បាន​ឲ្យ​កូន​ដឹក​យក​ទៅ​ពេទ្យ...»

មេ​ភូមិ​ស្រះកែវ លោក អ៊ុក ញ៉ុន បាន​ឲ្យ​ដឹង​ថា ឡ​នេះ​ទើប​តែ​បង្កើត​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​គាត់​មិន​បាន​ស្គាល់​ឈ្មោះ​ម្ចាស់​ឡ​នេះ​ទេ។ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១២ ថៅកែ​ដែល​ជា​ម្ចាស់​សិប្បកម្ម​នេះ​ដឹក​ធុង​អាគុយ​ចាស់ៗ ដែល​គេ​ប៉ាន់​ស្មាន​ទៅ​ប្រមាណ ២០​តោន មក​ស្តុក​ទុក​ក្នុង​ទីតាំង​សិប្បកម្ម​ផលិត​សំណ​នេះ ហើយ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ម្ចាស់​ឡ​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ជា​លើក​ដំបូង ដោយ​ប្រើ​ធ្យូង​ថ្ម​ដុត​បញ្ឆេះ​ឡ​មួយ ហើយ​ផ្សែង​បាន​ភាយ​ចេញ​ពី​ឡ​នោះ​បោក​បក់​មក​លើ​អ្នក​ភូមិ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ ៤០​នាក់ បាន​ពុល​ជាតិ​ផ្សែង​នោះ។

លោក អ៊ុក ញ៉ុន៖ «ប្រជាពលរដ្ឋ​ដែល​គាត់​ចំ​ពី​មុខ​ខ្យល់ គាត់​នៅ​អត់​បាន ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​ទៅ​រក​កន្លែង​សុវត្ថិភាព។ អ្នក​ភូមិ​រង​ផល​ប៉ះពាល់​បន្តិចបន្តួច​ប្រមាណ ៤០​នាក់ អ្នក​ធ្ងន់ ៥​នាក់ ត្រូវ​បាន​ដឹក​យក​ទៅ​ពេទ្យ និង​ខ្លះ​ទៀត​ដឹក​ទៅ​ផ្ទះ​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​ពី​ទី​កើត​ហេតុ...»

យ៉ាង​នេះ​ក្ដី មេ​ភូមិ​ស្រះកែវ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​មាន​អាការៈ​មិន​ស្រួល​ដោយសារ​តែ​ពុល​ផ្សែង​ភាយ​ចេញ​ពី​ឡ​ស្ល​សំណ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ នៅ​ឯ​ស្រុក​បរិបូរណ៍ ដោយ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ។

ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ថា ម្ចាស់​សិប្បកម្ម​ស្ល​យក​សំណ​ពី​អាគុយ​ចាស់ៗ​នេះ មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត និង​មាន​វិញ្ញាបនបត្រ​អនុញ្ញាត​ដំណើរ​ការ​សិប្បកម្ម​ចុះ​បញ្ជី​ពី​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​ផង​ដែរ។

លោក អ៊ុក រស់ ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​សីហា ថា ឡ​នេះ​មាន​ច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​ដោយសារ​ការ​ដុត​ស្ល​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស បណ្ដាល​ឲ្យ​ធ្លាយ​បំពង់​ចំហាយ​ចេញ​ផ្សែង ទើប​បណ្ដាល​ឲ្យ​មាន​បញ្ហា​បែប​នេះ។

លោក អ៊ុក រស់ បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ លោក​បាន​បញ្ជា​ឲ្យ​ម្ចាស់​ឡ​ផ្អាក​ដំណើរការ ហើយ​មន្ទីរ​នឹង​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​វិញ​នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល​ឃើញ​ថា ឡ​នេះ​សាងសង់​ត្រឹមត្រូវ និង​គ្រប់​លក្ខណៈ​បច្ចេកទេស​ហើយ​នោះ៖ «គាត់​ទើប​តែ​ដំណើរ​ការ​សាកល្បង​ជា​លើក​ដំបូង តែ​ត្រូវ​ប៉ះ​ចំ​ពេល​ខ្យល់​កួច ធ្វើ​ឲ្យ​ធ្លាយ​ផ្សែង​ចេញ​មក​ក្រៅ ហើយ​ឥឡូវ​គាត់​បាន​ផ្អាក​ហើយ ព្រោះ​គាត់​យល់​ថា បើក​ដំណើរ​ការ​ដំបូង​មាន​បញ្ហា​ដូច្នេះ គាត់​ប្រហែល​អាច​បិទ​ជា​ស្ថាពរ...»

ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​សុខភាព​របស់​ពួក​គាត់​ដែល​បណ្ដាល​មក​ពី​សារធាតុ​ផ្សេងៗ និង​ផ្សែង​ដែល​ភាយ​ចេញ​ពី​ឡ និង​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​មន្ត្រី​ជំនាញ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ជួយ​ចាត់​វិធានការ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ឡ​ស្ល​យក​សំណ​ពី​អាគុយ​ចាស់ៗ​នេះ​នៅ​ក្បែរ​ភូមិ​របស់​គាត់​ត​ទៅ​ទៀត។

យ៉ាង​ណា​ក៏​ដោយ ម្ចាស់​សិប្បកម្ម​ស្ល​យក​សំណ​ពី​អាគុយ​ចាស់ៗ គឺ​លោក តាយ ឈឿង អះអាង​ថា ការ​ស្ល​យក​សំណ​ពី​អាគុយ​ចាស់ៗ​នេះ ពុំ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​ទេ។ លោក​ថា ការ​ភ្លាំងភ្លាត់​បណ្ដាល​ឲ្យ​ផ្សែង​ភាយ​ចេញ​ពី​ឡ​ទៅ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នេះ គឺ​បណ្ដាល​មក​ពី​ថ្ងៃ​ដែល​លោក​ចាប់​ផ្ដើម​ដំណើរ​ការ​ស្ល​ជា​លើក​ដំបូង​នេះ​មាន​ខ្យល់​ព្យុះ​បោក​បក់​ខ្លាំង សន្ទះ​បិទ​ឡ​ត្រូវ​របើក ទើប​ធ្វើ​ឲ្យ​ផ្សែង​ភាយ​ចេញ។

លោក​ថា កំហុស​នេះ​មិន​អាច​កើត​មាន​ទៀត​ទេ បន្ទាប់​ពី​មាន​បទពិសោធន៍​ម្ដង​នេះ​រួច​មក៖ «ខ្ញុំ​បាន​ពន្យល់​គាត់​ពី​ល្ងាច​រួច​ហើយ។ ក្រោយ​ពី​ខ្យល់​កួច​ហើយ ខ្ញុំ​បន្ត​ធ្វើ​ដោយ​ពុំ​មាន​បញ្ហា​អ្វី​កើត​ឡើង​ទៀត​ទេ។ បញ្ហា​គឺ​បណ្ដាល​មក​ពី​ពេល​បង្កាត់​ភ្លើង​មាន​ខ្យល់​កួច​ធ្វើ​ឲ្យ​កើត​មាន​រឿង​ដូច្នេះ​ទៅ...»

ប៉ុន្តែ​អតីត​ប្រធាន​ដេប៉ាតឺបង់​គីមី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​អតីត​សាស្ត្រាចារ្យ​គីមីវិទ្យា លោក ឡុង ឡាយ ចាត់​ទុក​ថា ការ​អះអាង​មិន​គ្រប់​ជ្រុងជ្រោយ​តាម​វិធាន​នៃ​ការពារ​ការ​សាយ​ភាយ​សារធាតុ​គីមី​នោះ​ទេ។ លោក​ពន្យល់​ចំពោះ​ផល​វិបាក​នៃ​ការ​ស្ល​យក​សំណ​ពី​អាគុយ​ចាស់ៗ​នោះ​ថា អាច​មាន​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព ប្រសិន​បើ​ការ​ស្ល​នេះ​មិន​បាន​ផ្អែក​លើ​វិធាន​នៃ​បច្ចេកទេស​ត្រឹម​ត្រូវ​ទេ​នោះ។ លោក​ថា សំណ​អុកស៊ីត គឺ​ជា​សារធាតុ​គីមី​ម្យ៉ាង​ដែល​បង្ក​គ្រោះ​ថ្នាក់​យូរ​អង្វែង​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារធាតុ​នេះ។

លោក ឡុង ឡាយ៖ «វា​អាច​ប៉ះពាល់ តែ​យើង​មិន​ច្បាស់លាស់ តែ​វា​អាច​ភាយ​ចេញ​នូវ​សារធាតុ​គីមី​ដែល​ជា​ធាតុផ្សំ​នៃ​សំណ​ហ្នឹង​ហើរ​ក្នុង​បរិយាកាស ហើយ​បើ​យើង​ដក​ដង្ហើម ឬ​ប៉ះពាល់​នឹង​សារធាតុ​នេះ យើង​ច្បាស់​ជា​រង​ផល​ប៉ះពាល់​ជា​មិន​ខាន។ ជាតិ​សំណ​អុកស៊ីត វា​បង្ក​បញ្ហា​ដល់​សុខភាព​រយៈពេល​យូរ​អង្វែង វា​មិន​កើត​ឡើង​ភ្លាមៗ​ឲ្យ​យើង​ដឹង​នោះ​ទេ...»។

យ៉ាង​ណា​ក៏ដោយ មេ​ឃុំ​មេលំ លោក កេត សុឃា មាន​ប្រសាសន៍​ថា សិប្បកម្ម​ស្ល​យក​សំណ​ពី​អាគុយ​ចាស់ៗ​នេះ មក​ដាក់​ទីតាំង​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ភូមិ ឃុំ​ទេ ។ លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជំនាញ​បិទ​ទីតាំង​សិប្បកម្ម​នេះ​ដើម្បី​បញ្ចប់​ក្ដី​កង្វល់​របស់​អ្នក​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Independent Source

It's a serious health issue to the public safety if the authority doesn't do enough to monitor this kind of business. It could have a permanent damage to the internal organs, such as lung cancer or respiratory infection and so forth and so on. Yet, the owner of the business should be held accountable for all the medical bills for those who had been admitted to the hospital for further treatment.

Aug 19, 2012 11:55 PM

Vuth Lee

The village's chief-Keith Sokhea is a Hero because he is bravely enough to request the Cambodian authority to stop this illegal company(the village's chief is not informed by the owner of the company when it's started)from doing its business. It will be a long term affected villagers' health if this company will continue to operate. The chemical elements could seriously cause people with a life threatening diseases-cancer etc.. and it's positively puluted the environment, too. This kind of a company should be permitted to operate only in the area that doesn't have people living around and must operate by the person who is skillful with acidic, chemical materials. I hope, this company will be permanantly shutting down as requested by this village chief-Keith Sokhea so the villagers, especially, the elderly could be enjoyed their remaining lives again.

Aug 19, 2012 02:46 PM

អ្នក​អាន​អនាមិក

អាជ្ញាធរផ្ដល់សិទ្ធិ គឺជាមនុស្សគ្មានជំនាញ។
គួររកមនុស្សដែលមានជំនាញមកជំនួសវិញ!

Aug 19, 2012 12:01 PM