អ្នកស្រី រស់ សោភា អតិថិជនម្នាក់ដែលប្រើប្រាស់ថាមពលជាលក្ខណៈគ្រួសារបានប្រតិកម្មថា ក្រុមហ៊ុនបានដំឡើងថ្លៃប្រើប្រាស់ថាមពលស្រេចតែការនឹកឃើញដោយសំអាងមានខ្នងបង្អែកជាមន្ត្រីជាន់ខ្ពស់ក្នុងខេត្ត។
អ្នកស្រី រស់ សោភា មានប្រសាសន៍ថា ៖ «ចាប់ពីខែ១ មកដល់ខែ៨ហ្នឹង គឺឡើងរហូតដល់ ៥ដង ហើយ ២ដងមុននោះ មានជម្រាបអតិថិជន ប៉ុន្តែក្រោយបោះឆ្នោតនេះ គឺឡើងដោយអត់មានប្រាប់ប្រជាពលរដ្ឋទេ គឺឡើងដល់រហូតមួយគីឡូវ៉ាត់ម៉ោង ០,៥០ដុល្លារ អ៊ីចឹងវាស្មើជាង ២ពាន់រៀលហើយ។ សំណូមពរដល់រដ្ឋាភិបាល ក៏ដូចជាលោកអភិបាលខេត្តកំពង់ឆ្នាំង សូមមេត្តាជួយធ្វើម៉េច ឲ្យតម្លៃភ្លើងហ្នឹងចុះបន្តិចមក ហើយម្យ៉ាងទៀត កុំឲ្យភ្លើងហ្នឹង ដាក់កុងទ័រដំឡើងឲ្យហួសពីការប្រើ»។
អតិថិជនប្រើប្រាស់ចរន្តជាលក្ខណៈអាជីវកម្មម្នាក់ដែលសុំមិនបញ្ចេញឈ្មោះព្រោះខ្លាចក្រុមហ៊ុនផ្តាច់ចរន្តមិនឲ្យប្រើប្រាស់បានសម្ដែងការមន្ទិលចំពោះកុងទ័រភ្លើងរបស់គាត់ដែលដើរខុសប្រក្រតី បន្ទាប់ពីក្រុមហ៊ុនបានយកទៅពិនិត្យរួចយកមកដាក់ឲ្យគាត់វិញនោះ ៖ «ជាធម្មតា យើងឃើញថា អតិថិជនចូលមករត់មកអី វាមានតាមខែតាមអី ប៉ុន្តែយើងគ្រាន់តែកត់សម្គាល់ឃើញថា ភ្លើងទោះបីជាខែដែលអត់សូវមានអតិថិជន ក៏នៅតែឡើងរហូត អត់មានពេលចុះទេ។ ហើយបើខែមុនចូលឆ្នាំអី គាត់ដូចជាដំឡើងស្វ័យប្រវត្តិ ទោះបីជាយើងអត់បានសូវប្រើក៏ដោយ»។
ពុំអាចទាក់ទងសុំការពន្យល់ពីប្រធានក្រុមហ៊ុនសុវណ្ណនី អភិវឌ្ឍន៍អគ្គិសនី លីមីតធីត លោក ហោ សុវណ្ណរៈ បានទេ នៅល្ងាចថ្ងៃ១៩ សីហានេះ។ ប៉ុន្តែ មន្ត្រីទទួលបន្ទុកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុនដែលសុំមិនបញ្ចេញឈ្មោះ បានពន្យល់ចំពោះបញ្ហាខាងលើនេះ ថា ការដំឡើងថ្លៃប្រើប្រាស់ថាមពលគឺមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរអគ្គិសនីកម្ពុជាតាមលិខិតលេខ៤១៧ ស.ណ. ០៨អអក ចុះថ្ងៃ២៩ កក្កដា ២០០៨។
ចំពោះការចោទប្រកាន់ថា ក្រុមហ៊ុនបានប្រើបច្ចេកទេសឲ្យកុងទ័រដើរលឿននោះ លោកពន្យល់ថា ៖ «ពេលខ្លះខ្សែវារមួលអីអ៊ីចឹង វារលាក។ សម្ភារៈអត់បានប្រើខ្សែភ្លើង វាចេះតែចោល មានផ្ទះខ្លះ រហូតដល់ឆក់ហើយ បានមកប្រាប់ខាងអគ្គិសនី ដល់យើងទៅរកទៅ វាឃើញមូលហេតុ។ អាហ្នឹង វាពាក់ព័ន្ធនឹងការដែលឡើងគីឡូវ៉ាត់ វាច្រើនមុខ ច្រើនបែប ច្រើនបទណាស់»។
យ៉ាងណាក៏ដោយ អភិបាលខេត្តកំពង់ឆ្នាំង លោក ទូច ម៉ារីម មានប្រសាសន៍ថា សាលាខេត្តបានធ្វើការពិនិត្យនិងស្រាវជ្រាវរួចហើយ ក្រោយពីទទួលព័ត៌មានខាងលើ ហើយលទ្ធផលបានបង្ហាញថា ពុំមានការកែសម្រួលកុងទ័រនោះទេ។ ចំពោះបញ្ហាតម្លៃ លោកនឹងពិភាក្សាជាមួយក្រុមហ៊ុនជាថ្មីម្តងទៀតដើម្បីសម្រួលជូនប្រជាពលរដ្ឋនៅពេលប្រេងឥន្ធនៈចុះថ្លៃ៕
