ដំណឹងស្ដីពីការបណ្ដេញចេញពីទីតាំងដែលប្រជាពលរដ្ឋកំពុងរស់នៅ បានក្លាយជាក្ដីកង្វល់សម្រាប់ប្រជាពលរដ្ឋក្រីក្រជិត ៤០គ្រួសារ រស់នៅក្នុងតំបន់ព្រៃលិចទឹក ឬហៅថា តំបន់៣ ត្រង់ចំណុចសាលាថ្មី ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងទឹកមុខស្រពោន ស្ត្រីអ្នកភូមិឈ្មោះ ងួន ថុន វ័យ ៦៣ឆ្នាំ បានឲ្យដឹងថា គាត់មានស្រុកកំណើតនៅឯខេត្តកំពង់ចាម។ នៅឯស្រុកកំណើតគាត់គ្មានដីបង្កបង្កើនផលទេ គ្រួសារគាត់មានមុខរបរនេសាទត្រី ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ គាត់បន្តថា ពីមួយថ្ងៃទៅមួយថ្ងៃ ផលនេសាទកាន់តែថយចុះ ធ្វើឲ្យជីវភាពគ្រួសារគាត់ជួបការលំបាកយ៉ាងខ្លាំង។ គាប់ជួនមានអ្នកជិតខាងគាត់ម្នាក់គេមានញាតិផៅនៅឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មកលេង គេឃើញជីវភាពគ្រួសារគាត់លំបាក គេក៏បបួលមករស់នៅចំណុចសាលាថ្មី ដោយគេអះអាងថា ទីនេះសម្បូរណ៍ត្រីដែលគ្រួសារគាត់អាចធ្វើនេសាទ រកត្រីដោះស្រាយជីវភាពបាន គាត់ក៏មកតាំងទីលំនៅៗទីនេះតាំងពីឆ្នាំ២០០០ មកម្ល៉េះ។
លោកស្រី ងួន ថុន៖ «ខ្ញុំអត់ចង់ទៅណាទេ។ សូមកុំឲ្យគេដេញពួកខ្ញុំអី។ … (នៅទីនេះ) ព្រោះស្រួលរកត្រីដោះស្រាយជីវភាពបាន ឬដកព្រលឹតអីយកទៅដូរអង្ករហូបបានស្រួលដែរហ្នឹង...»។
បុរសអ្នកភូមិវ័យ ៣៨ឆ្នាំ ឈ្មោះ ផុន ឈិន បានឲ្យដឹងបន្ថែមថា ជីវភាពរស់នៅរបស់អ្នកភូមិនៅតំបន់នេះក៏មិនមានអ្វីប្រសើរប៉ុន្មានដែរ តែដោយគ្រួសារគាត់គ្មានជម្រើស ព្រោះនៅឯស្រុកកំណើតគ្រួសារគាត់ពុំមានដីស្រែទេ ជីវភាពរស់នៅពឹងលើការនេសាទត្រី ហើយដោយត្រីកាន់តែខ្សត់ ពុំអាចរកបានគ្រប់គ្រាន់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ទើបគាត់សម្រេចចិត្តមករស់នៅតំបន់នេះ ព្រោះគាត់អាចរកត្រីសម្រាប់ដោះស្រាយជីវភាពបាន។
លោក ផុន ឈិន៖ «បើទៅនៅកន្លែងផ្សេងទាល់តែយើងមានលុយទិញដីនៅ បើពួកខ្ញុំក្រយ៉ាងនេះ មានលុយឯណាទិញ អ៊ីចឹងមានតែនៅទីនេះហើយដែលស្រួល។ តែបើរដ្ឋចង់បណ្ដេញពួកខ្ញុំ ខ្ញុំសុំឲ្យតែមានដីស្រែឲ្យពួកខ្ញុំមិនប្រកែកទេ...»។
ចំណុចសាលាថ្មីមានប្រជាពលរដ្ឋរស់នៅសរុបជិត ៤០គ្រួសារ ហើយរហូតមកដល់ពេលនេះ។
លោក ឡុង ឆាត ជាប្រជាពលរដ្ឋនៅស្រុកស្ទោង ខេត្តកំពង់ធំ លោកបានមករស់នៅទីនេះតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ ហើយដែលប្រជាពលរដ្ឋនៅចំណុចនេះបានចាត់ទុកលោកជាមេកើយរបស់ពួកគេ។លោកថា ពេលដែលលោកមកនៅដំបូងទើបតែមាន ៧គ្រួសារប៉ុណ្ណោះ រស់នៅតំបន់នេះ។ តែពីមួយឆ្នាំទៅមួយឆ្នាំកំណើនអ្នកមករស់នៅបានកើនឡើងជាលំដាប់ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺអាជ្ញាធរជំនាញផ្នែកជលផល។ លោកបន្តថា គម្រោងនៃការបណ្ដេញបានកើតមាននៅពេលដែលប្រជាពលរដ្ឋខ្លះចាប់ផ្ដើមសាងសង់ផ្ទះដែលមានសសររឹងមាំធ្វើពីបេតុង។
យ៉ាងនេះក្ដី លោកមានប្រសាសន៍ថា លោកនិងប្រជាពលរដ្ឋមិនបានដឹងជាមុនថា ទីនេះជាតំបន់៣ ដែលជាតំបន់ហាមឃាត់នោះទេ៖ «យើងខ្ញុំមិនប្រឆាំងនឹងការជម្លៀសចេញទេ ឲ្យតែរដ្ឋផ្ដល់ដីស្រែឲ្យពួកខ្ញុំរស់បាន គឺពួកខ្ញុំទៅភ្លាម តែបើដេញចេញហើយមិនឲ្យដីស្រែទេ តើឲ្យខ្ញុំរស់យ៉ាងម៉េចកើត?»។
មេឃុំខុនរ៉ង លោក ចាន់ អាន បានពន្យល់ចំពោះករណីប្រជាពលរដ្ឋដែលមករស់នៅខុសច្បាប់នៅចំណុចសាលាថ្មីនេះថា អាជ្ញាធរបានដឹងបញ្ហានេះហើយ។ លោកថា អាជ្ញាធរពុំបានផ្ដល់ការអនុញ្ញាតជាផ្លូវការឲ្យប្រជាពលរដ្ឋទាំងនោះរស់នៅលើតំបន់នេះទេ ព្រោះជាតំបន់ដែលទុកសម្រាប់ឲ្យត្រីពងកូនតាមច្បាប់ជលផល។
លោកបន្តថា ប្រជាពលរដ្ឋទាំងនោះសុទ្ធតែមានកិច្ចសន្យាក្នុងការរស់នៅជាលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះ៖ «អាជ្ញាធរក៏មិនមែនបណ្ដេញអីគាត់ភ្លាមៗនោះទេ។ តែអាជ្ញាធរបានឲ្យគាត់ធ្វើកិច្ចសន្យា និងហាមឃាត់មិនឲ្យគាត់កាប់ព្រៃលិចទឹក ឬជីកកាយដីតំបន់នេះទេ។ ម្យ៉ាងទៀតហាមមិនឲ្យគាត់សង់ផ្ទះដែលមានគ្រឹះរឹងមាំនោះទេ...»។
ទាក់ទិនចំពោះការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់៣ នៃភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង នេះ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង គឺលោក សេង ប៊ុនឈឿន បានឲ្យដឹងថា ជាគោលការណ៍ច្បាប់ ប្រជាពលរដ្ឋពុំអាចតាំងទីលំនៅៗតំបន់៣ ដែលជាតំបន់ច្បាប់បានហាមឃាត់នោះបានទេ។
យ៉ាងនេះក្ដីលោកថា លោកនឹងធ្វើការសិក្សាឲ្យបានល្អិតល្អន់ ដោយសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីដោះស្រាយបញ្ហានេះ៖ «ចាំមើលខ្ញុំសហការជាមួយអាជ្ញាធរស្រាវជ្រាវមើលថា តើពួកគាត់មករស់នៅពីពេលណា? តើមានប៉ុន្មានគ្រួសារមកពីជំនាន់ណា ហើយប៉ុន្មានគ្រួសារដែលទើបមកថ្មីដើម្បីយើងមានវិធានការ...»។
យ៉ាងណាក៏ដោយ អភិបាលរងស្រុកបរិបូណ៌ គឺលោក ឃួន សៅរ៉ុម មានប្រសាសន៍ថា អាជ្ញាធរស្រុកបានធ្វើរបាយការណ៍ជូនទៅអាជ្ញាធរខេត្តរួចហើយ ដើម្បីស្វែងរកដីសម្បទានសង្គមកិច្ចមុននឹងជម្លៀសប្រជាពលរដ្ឋទាំងនេះចេញពីចំណុចសាលាថ្មី ព្រោះចំណុចនេះស្ថិតក្នុងតំបន់ដីព្រៃលិចទឹក ដែលជាតំបន់ហាមឃាត់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ឃួន សៅរ៉ុម៖ «ពួកគាត់សុទ្ធតែជាអ្នកចំណាកស្រុក មិនមែនអ្នកស្រុកខ្ញុំទេ។ គោលការណ៍គឺយើងរកដីសម្បទានសង្គមកិច្ចជូនគាត់ តែយើងក៏ត្រូវពិនិត្យដែរថា តើនៅឯមូលដ្ឋានគាត់ គាត់មានដីធ្លីដែរ ឬអត់?...»។
ក្នុងច្បាប់ជលផលឆ្នាំ២០០៦ ពុំមានជំពូក ឬមាត្រាណាចែងហាមឃាត់មិនឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ព្រៃលិចទឹកនោះទេ។ ទោះយ៉ាងនេះក្ដី ច្បាប់បានហាមឃាត់ការពង្រីកផ្ទៃដីកសិកម្ម ឬការប្រើប្រាស់ដីព្រៃលិចទឹកក្នុងបំណងផ្សេង ក្រៅពីការអភិវឌ្ឍវិស័យជលផល។ ការផ្ដល់កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីតំបន់ព្រៃលិចទឹក។ ការកាប់ឆ្ការ គាស់រាន ការឈូសឆាយ ដុត ឬ ហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹកជាដើម។
អង្គការសង្គមស៊ីវិលនានាក្នុងខេត្តកំពង់ឆ្នាំង សំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រកដំណោះស្រាយបញ្ហាតាំងទីលំនៅរបស់ប្រជាពលរដ្ឋជិត ៤០គ្រួសារ នៅចំណុចសាលាថ្មី ភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
