អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​រក​ដំណោះស្រាយ​ជុំវិញ​ជម្លោះ​ដី​នៅ​ស្រុក​ថ្ពង

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ កំពុង​មាន​វិធានការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ស្រុក​ថ្ពង ប៉ុន្តែ​នៅ​មិន​ទាន់​បាន​លទ្ធផល​ភ្លាមៗ​ទេ នៅ​ក្នុង​ជម្លោះ​ហិង្សា​មួយ​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ស៊ូហ្គើរ កំពង់ស្ពឺ របស់​លោក លី យ៉ុងផាត់ កាល​ពី​ពេល​ថ្មីៗ​នេះ។

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​គ្រួសារ​នៅ​ក្នុង​ភូមិ​ចំនួន​១២ ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ថ្ពង បាន​កោះ​ហៅ​ជា​បន្ទាន់​មក​ជួប​ជុំ​គ្នា​នៅ​សាលា​ស្រុក ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ស៊ូហ្គើរ កំពង់ស្ពឺ របស់​លោក លី យ៉ុងផាត់ ក្រោយ​ពី​មាន​ជម្លោះ​ហិង្សា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ មីនា​នេះ បាន​ញ៉ាំង​ឲ្យ​ប្រជាពលរដ្ឋ​ខឹង​សម្បា ដុត​ខ្នម​តូចៗ​ចំនួន​៦​ខ្នង​ជា​ជម្រក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​របស់​បុគ្គលិក​ក្រុមហ៊ុន។

គ្រឿងចក្រ​រាប់​សិប​គ្រឿង​ដែល​បាន​ចាប់​ផ្តើម​ឈូស​ឆាយ​ដីធ្លី​ដែល​ពលរដ្ឋ​អះអាង​ថា បះ​ពាល់​និង​បំពាន​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កំពុង​តែ​បញ្ឈប់​សកម្មភាព​នៅ​ថៃ្ង​សុក្រ ទី​១៩ មីនា​នេះ នៅ​គ្រា​ដែល​មាន​ការ​បើក​កិច្ចប្រជុំ​ធំ​មួយ​ស្វែង​រក​ដំណោះស្រាយ។

ប្រជាពលរដ្ឋ​នានា​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​ដីកា​ភ្លាមៗ​កាល​ពី​ថៃ្ង​ព្រហស្បតិ៍ ទី​១៨ មីនា ស្វែង​រក​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ១៦​នាក់​ដែល​គេ​សង្ស័យ​ថា មាន​ការ​ពាក់ព័ន្ធ​ក្នុង​ការ​ដុត​ខ្ទម​របស់​ក្រុមហ៊ុន។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ក្នុង​ចំណោម​គ្រួសារ​ជា​ច្រើន​ពាន់​គ្រួសារ​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅ​ថៃ្ង​សុក្រ ទី​១៩ មីនា​នេះ បាន​ថែ្លង​ថា ៖ «ឥឡូវ​នេះ​ប្រជាពលរដ្ឋ​មិន​ចង់​បាន​សំណង​អ្វី​ទេ ចង់​បាន​តែ​ដី​របស់​ប្រជាពលរដ្ឋ​កន្លែង​ណា​នៅ​កន្លែង​នេះ គ្មាន​ការ​ផ្លាស់​ប្ដូរ​ហើយ​សុំ​ឲ្យ​ក្រុមហ៊ុន​ដក​គ្រឿងចក្រ​ចេញ​ពី​ក្នុង​ឃុំ​អមលាំង​តែម្ដង»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​បាន​ថែ្លង​ថា អ្វី​ដែល​គ្រួសារ​ប្រជាពលរដ្ឋ​ចង់​បាន​នោះ គឺ​ដីធ្លី​កសិកម្ម​ដើម្បី​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត ៖ «ប្រជាពលរដ្ឋ​សំណូមពរ​ថា បើ​គ្មាន​ការ​ដោះស្រាយ​ឲ្យ​ចេញ​នៅ​ថ្ងៃ​នេះ​ទេ គាត់​សំណូមពរ​ទៅ​ឲ្យ​ខាង​ក្រុមហ៊ុន​ហ្នឹង​ផ្អាក​គ្រឿងចក្រ​ត្រឹម​ណេះ​សិន រង់ចាំ​ការ​ដោះស្រាយ ហើយ​ចំណុច​នេះ​ខាង​អាជ្ញាធរ​ក៏​បាន​បកស្រាយ​ដែរ គាត់​ថា ឲ្យ​រង់ចាំ​មួយ​អាទិត្យ​ទៀត»

ប្រភព​បាន​ឲ្យ​បញ្ជាក់​ថា គ្រួសារ​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​នោះ បាន​កាន់​កាប់​ដីធ្លី​និង​ធ្វើ​កសិកម្ម​តាំង​ពី​ឆ្នាំ​១៩៧៩​មក ប៉ុន្តែ​គ្មាន​ប័ណ្ណ ឬ​ឯកសារ​កម្មសិទ្ធិ​ស្រប​ច្បាប់​ទេ។

អភិបាល​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ លោក ទួន សុង មិន​បាន​ពន្យល់​ជា​ពិស្តារ​ទេ​អំពី​កិច្ចប្រជុំ​និង​ដំណោះស្រាយ នៅ​ពេល​ដែល​វិទ្យុ​អាស៊ី​សេរី បាន​ទាក់ទង​សុំ​ការ​ពន្យល់។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​បាន​ទទួល​ការ​បំភ្លឺ​នៅ​ទ្បើយ​ទេ ពី​តំណាង​ក្រុមហ៊ុន​ស៊ូហ្គើរ កំពង់ស្ពឺ របស់​លោក លី យ៉ុងផាត់ អំពី​ការ​អភិវឌ្ឍ​ដែល​បង្ក​ឲ្យ​មាន​រឿង​ចម្រូងចម្រាស​នេះ។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់​ស្កាត់​ធនធាន ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​តាម​ដាន​ស្ថានការណ៍​នេះ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ៖ «ខ្ញុំ​យល់​ឃើញ​ថា បើ​សិន​ជា​ក្រុមហ៊ុន​វិនិយោគ គឺ​វិនិយោគ​បាន​អាស្រ័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ចូល​រួម ហើយ​បើ​សិន​ជា​វិនិយោគ​ហើយ​ប៉ះ​ពាល់​ទៅ​ដល់​ដី​ស្រែ ដល់​ដី​ចម្ការ​ទៅ​ដល់​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ខក​ចិត្ត ហើយ​និង​រាជ​រដ្ឋាភិបាល​មិន​គួរ​ធ្វើ​បែប​នេះ​ទេ។ បើ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​គួរ​តែ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​សមស្រប»

អភិបាល​ខេត្ត​កំពង់ស្ពឺ លោក កង ហ៊ាង បាន​មាន​ប្រសាសន៍​ថា ដីធ្លី​ចំនួន ៨,០០០​ហិកតារ ត្រូវ​បាន​ផ្ដល់​សម្បទាន​ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ូហ្គើរ កំពង់ស្ពឺ ក្នុង​ឆ្នាំ​២០១០​នេះ។

លោក កង ហ៊ាង មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​ដោះស្រាយ យើង​កំពុង​ធ្វើ​កំពុង​ដោះ​ហើយ អត់​មាន​ប៉ះពាល់​ដីធ្លី​របស់​គាត់​បន្តិច​បន្តួច​ឯ​ណា​ក្នុង​ការ​ធ្វើ​វិនិយោគ​ហ្នឹង»

ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​បាន​ទទូច​ឲ្យ​ក្រុមហ៊ុន​ផ្អាក​រាល់​ការ​ឈូស​ឆាយ​ដីធ្លី​រហូត​ដល់​មាន​ដំណោះ​ស្រាយ និង​សុំ​ឲ្យ​មាន​ការ​កំណត់​ព្រំ​ដី​ច្បាស់​លាស់​រវាង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ពាក់ព័ន្ធ​ឲ្យ​ចប់​សព្វ​គ្រប់​សិន។

ប្រជាពលរដ្ឋ​បាន​រំសាយ​ការ​ប្រជុំ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១៩ មីនា នៅ​គ្រា​ដែល​មិន​មាន​ការ​ចុះ​សម្រុង​គ្នា​រក​ដំណោះស្រាយ​បាន​នៅ​ឡើយ​រវាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ៕