ក្រុមគ្រួសារ​ប្ដឹង​ជំទាស់​តុលាការ​ខេត្ត​កំពង់ស្ពឺ​ដែល​ពន្យារ​ពេល​ឃុំ​ខ្លួន​មនុស្ស​៥​នាក់

ក្រុម​គ្រួសារ​និង​អង្គការ​សិទ្ធិ​មនុស្ស បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ជំទាស់​ទៅ​នឹង​តុលាការ​ខេត្ត​កំពង់ស្ពឺ ដែល​ពន្យារ​ពេល​ឃុំ​ខ្លួន​មនុស្ស​៥​នាក់ ក្នុង​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន Golden Land ជាង​១​ខែ ដោយ​មិន​ព្រម​ជំនុំ​ជម្រះ​ក្តី។

0:00 / 0:00

ការប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ ពន្យារ​ពេល​បើក​សវនាការ​កាត់​ក្តី​ប្រជាជន​៥​នាក់ ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​វិនិយោគ​ដី Golden Land នៅ​ភូមិ​តានក​ថ្មី។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បី​តម្លាភាព​និង​សន្តិភាព អ្នកស្រី ម៉ម ស៊ីថា អះអាង​ថា ចៅក្រម​ស៊ើបអង្កេត មិន​បាន​ចុះ​ស៊ើប​ដល់​ទីតាំង​ជម្លោះ​ដី​ទេ និង​មិន​ស្គាល់​តំបន់​ដី​ជម្លោះ​ច្បាស់​លាស់ មិន​តែ​ប៉ុណ្ណោះ​បន្ត​ឃុំ​ខ្លួន​ប្រជាជន​ម្ចាស់​ដី​ជាង​១​ខែ​ក្នុង​ពន្ធនាគារ មិន​កាត់​ក្តី ហើយ​បង្ខំ​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ឲ្យ​ផ្តិត​មេដៃ​ព្រម​រុះរើ​ផ្ទះ​ចេញ​ពី​ដី ដែល​មិន​ទាន់​ដោះស្រាយ​ច្បាស់​លាស់​នោះ។ ទើប​អ្នក​ស្រី​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ឲ្យ​ជួយ​ពិនិត្យ​រឿង​ក្តី​នេះ។

អ្នកស្រី ម៉ម ស៊ីថា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការ​ចាត់ការ​មិន​ប្រក្រតី​របស់​ចៅក្រម អ៊ន សំណាង ក្នុង​សំណុំ​រឿង​ហ្នឹង។ ឃុំ​លើក​ទី​២ ទាល់​តែ​មាន​កំហុស​ធ្ងន់ធ្ងរ​បំពាន​ទៅ​នឹង​ក្ដី​សម្រេច​លើក​មុន គេ​អត់​បាន​ធ្វើ​អី​បំពាន​ផង»

ក្រុម​គ្រួសារ​ជន​ជាប់​ឃុំ​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន Golden Landឲ្យ​ដឹង​ថា ក្រោយ​ពី​ចាប់​ប្តី​ប្រពន្ធ​ពួក​គាត់ ៥​នាក់​ដាក់​គុក​ចាប់​ពី​ថ្ងៃ​១៧ ខែ​កញ្ញា​មក តុលាការ​ខេត្ត​កំពង់ស្ពឺ មិន​បាន​ជំនុំ​ជម្រះ​ក្តី​ឡើយ។ ហើយ​ក្រុម​អ្នក​យាម​ដី​ឲ្យ​ក្រុមហ៊ុន Golden Land បាន​មក​រុះ​ផ្ទះ​អ្នក​ស្រុក​អស់ ១​ខ្នង និង​ដើរ​ឈ្លប​រាល់​ថ្ងៃ ប្រដាប់​ដោយ​អាវុធ កាំបិត ពូថៅ មក​គំរាម​អ្នក​ស្រុក​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ដី ៖ «ម្សិលមិញ វា​បាន​ប្រើ​ទាហាន​និង​ប៉ូលិស ដើរ​គ្រប់​ផ្ទះ ប្រាប់​ប្រជាពលរដ្ឋ​ថា នៅ ៣​ខែ​ទៀត គេ​ឈូស​ឆាយ»

ស្រ្តី​ឈ្មោះ​រឿន ជា​ជន​ពិការ​នៅ​ភូមិ​តានក​ថ្មី បាន​ឲ្យ​ដឹង​ថា ៖ «ដល់​ថ្ងៃ​ទី​២០ ទាហាន​កន្លែង​ក្រុមហ៊ុន​គាត់​មក​រុះ​ខ្លួន​ឯង​តែ​ម្ដង គាត់​មក​រុះ​ផ្ទះ​ខ្ញុំ​ចោល និង​ដំណាំ​ខ្ញុំ​ពេញ​ផ្ទះ គាត់​ជាន់​ចោល​ខ្ទេច»

ចៅក្រម អ៊ន សំណាង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ឃុំ​ខ្លួន​មនុស្ស​៥​នាក់ ឈ្មោះ លោក ម៉ែន ជឿន លោក គង់ ភ័ស្ត លោក ម៉ែន ខ្នួច លោក ជា រ៉ុម និង​អ្នកស្រី ជេត ណាំ កាល​ពី​ថ្ងៃ​១៧ ខែ​កញ្ញា ឆ្នាំ​២០០៨​នោះ មក​ពី​ពួកគេ​ជា​មេខ្លោង បំផុស​ប្រជាជន​ជាង ២០០​គ្រួសារ តវ៉ា​រឿង​ដី​ធ្លី​និង​មក​ចូល​សង់​ផ្ទះ​ក្នុង​ដី​ជម្លោះ ជាមួយ​ក្រុមហ៊ុន Golden Land ។ ហើយ​បុរស​ឈ្មោះ ម៉ែន ជឿន និង គង់ ភ័ស្ត ធ្លាប់​ជាប់​ឃុំ​ម្តង កាល​ពី​ខែ​១១ ឆ្នាំ​២០០៧ និង​ក្រោយ​មក ត្រូវ​បាន​ដោះ​លែង។ ប៉ុន្តែ​មិន​គោរព​តាម​មាត្រា​២៣០ ទើប​ចាប់​មក​ឃុំ​វិញ ៖ «ចាំ​យើង​ដោះស្រាយ​ចរចា​ជាមួយ​គាត់ បើ​គាត់​ព្រមព្រៀង​រើ​សិន​ទៅ ហើយ​សឹម​យើង​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​ដដែល​វិញ​ទេ»

ក្រុមគ្រួសារ​បុរស​ទាំង​ពីរ​ឈ្មោះ ម៉ែន ជឿន និង គង់ ភ័ស្ត អះអាង​ថា បាន​ដាក់​ប្រាក់​ធានា​ម្នាក់ ២.៨០០​ដុល្លារ ទើប​តុលាការ​ដោះលែង​ឲ្យ​ប្តី​នៅ​ក្រៅឃុំ។ នៅ​ថ្ងៃ ១៧ កញ្ញា តុលាការ បាន​កោះហៅ​ទៅ​សាកសួរ បែរ​ជា​ចាប់​ឃុំ​ខ្លួន ដោយ​ចោទ​ថា ប្តី​គាត់​និង​អ្នក​ផ្សេង​ទៀត បាន​រំលោភ​មាត្រា​២៣០ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន រួច​បាន​ចាប់​ឃុំ​ខ្លួន​វិញ ដោយ​មិន​បាន​ផ្តល់​ប្រាក់​ធានា​នោះ មក​ឲ្យ​ពួកគាត់​វិញ​ឡើយ។ ឯ​ចៅក្រម អ៊ន សំណាង ធ្លាប់​បដិសេធ​ថា មិន​បាន​ទទួល​ប្រាក់​ពី​គ្រួសារ​ជន​ជាប់​ចោទ​ឡើយ៕