តំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះ ហែម នី បានឲ្យដឹងថា អ្នកភូមិទាំងអស់បានឡើងមកតវ៉ានៅស្នាក់ការក្រុមហ៊ុន ដើម្បីឲ្យក្រុមហ៊ុនបង្ហាញលិខិតអនុញ្ញាតនៃការឈូសឆាយដីស្រែរបស់ពួកគាត់ ហើយថា ចង់ឲ្យអាជ្ញាធរដោះស្រាយអំពីបញ្ហានេះ ដោយក្រុមហ៊ុនកន្លងមកបានសន្យាថា ទុកដីក្បាលស្រែចម្ងាយ៥០ម៉ែត្រពីស្រែនិងទុកផ្លូវឲ្យប្រជាពលរដ្ឋ ប៉ុន្តែផ្ទុយទៅវិញគ្រឿងចក្ររបស់ក្រុមហ៊ុនបានឈូសឆាយចូលដីស្រែថែមទៀត។
អ្នកស្រី ហែម នី បានឲ្យដឹងដូច្នេះ ៖ «ថ្ងៃហ្នឹងចង់តវ៉ាថា សួរមេឃុំសួរអីឲ្យច្បាស់ ព្រោះបើថា ទុកក្បាលស្រែឲ្យ៥០ម៉ែត្រ ហេតុអីមិនទុកឲ្យ? ហើយទី១សុំផ្លូវចូល ទី២សុំមើលមានច្បាប់ឈូសឆាយឬអត់?»។
ប្រជាពលរដ្ឋជាច្រើនទៀតបានលើកឡើងថា ដីស្រែនៅឃុំអមលាំង ប្រជាពលរដ្ឋបានធ្វើតាំងពីឆ្នាំ១៩៧៩មក ហើយបើសិនជាក្រុមហ៊ុនរំលោភយកដីស្រែនោះនិងបន្តការឈូសឆាយដី ពួកគាត់នៅតែរារាំងគ្រឿងចក្រ ៖ «ទៅឃាត់ដែរ ប៉ុន្តែពួកគេនៅតែឈូស។ ចាប់ផ្ដើមឈូសឆាយ ចូលរាប់រយហិកតាហើយ មកប៉ុន្មានថ្ងៃហើយគ្រឿងចក្រហ្នឹង»។
មេឃុំអមលាំង អ្នកស្រី ហាប់ ដាំ មិនបានធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ។ រីឯតំណាងក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ គឺលោកស្រី ឈាង គឹមស៊ុន ដែលបានចេញមុខដោះស្រាយជាមួយប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី១៦ មីនា ក៏មិនបានបំភ្លឺអំពីបញ្ហាជម្លោះនេះដែរ ដោយលោកស្រីហុចទូរស័ព្ទឲ្យជួបក្រុមប្រឹក្សាឃុំបន្ត ប៉ុន្តែក្រុមប្រឹក្សាឃុំរូបនោះថាជាប់ប្រជុំ។
មន្រ្តីស៊ើបអង្កេតអង្គការលីកាដូ លោក សែន ចៅសុខ បានមានប្រសាសន៍ថា ការដោះស្រាយរបស់តំណាងក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ និងប្រជាពលរដ្ឋនោះ មិនមានលទ្ធផលអ្វីទេ ដោយភាគីក្រុមហ៊ុននៅតែប្រកាន់ជំហរថា គេធ្វើការឈូសឆាយដីឲ្យហើយសិនចាំដោះស្រាយសំណងជាក្រោយ។
លោក សែន ចៅសុខ មានប្រសាសន៍ដូច្នេះ ៖ «ការដែលធ្វើហ្នឹងគឺផ្ទុយទៅនឹងគោលការណ៍អភិវឌ្ឍ។ ក្រឡេកមើលទៅតាមឯកសារច្បាប់ដែលខ្ញុំទទួលបានពីសាលាខេត្ត តែខ្ញុំមិនដឹងថា គាត់ឲ្យខ្ញុំអស់ ឬមិនអស់ទេ យើងឃើញមាន ស.ជ.ណ មួយ និងលិខិតស្នើសុំពីក្រុមហ៊ុនដាក់ទៅនាយករដ្ឋមន្រ្តីមួយ។ អត់ទាន់មានលិខិតឆ្លើយតបពីក្រសួងកសិកម្មនៅឡើយទេ មានន័យថា ក្រុមហ៊ុនអត់ទាន់បានទទួលកិច្ចសន្យាវិនិយោគនៅឡើយ គឺស្ថិតនៅក្នុងដំណើរការវាយតម្លៃការប៉ះពាល»។
កាលពីពេលថ្មីៗនេះ មន្រ្តីកសិកម្មខែត្រកំពង់ស្ពឺ បានឲ្យដឹងថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅតំបន់នោះចំនួន៣ពាន់ហិកតា ទៅឲ្យក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើរ និងក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ ដែលគេស្គាល់ថា ជាក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ សម្រាប់អភិវឌ្ឍន៍ដំណាំអំពៅ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីលោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា ដែលអ្នកភូមិអះអាងថា ជាប្រធានក្រុមហ៊ុនទាំងពីរនេះបាននៅឡើយទេនៅថ្ងៃទី១៦ មីនា។
យ៉ាងនេះក្តី លោក ចៅ សែនសុខ បានបញ្ជាក់ថា បើក្រុមហ៊ុនមិនព្រមបញ្ឈប់ការឈូសឆាយលើដីទំនាស់នេះទេ នោះគឺជាការរំលោភសិទ្ធិប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕
