ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ប្ដឹង​ឧកញ៉ា​ម្នាក់​ថា​រំលោភ​យក​បឹង​ធម្មជាតិ

ពលរដ្ឋ​ជាង ២០០​នាក់ រស់​នៅ​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ប្ដឹង​ចោទ​ឧកញ៉ា ឈួន គឹមសាន ថា បាន​ឃុបឃិត​​នឹង​អាជ្ញាធរ​ខេត្ត​នេះ ចាក់​ដី​​​​រំលោភ​​យក​បឹង​ធម្មជាតិ។

0:00 / 0:00

ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​បាន​ដាក់​ទៅ​​ខុទ្ទកាល័យ​នាយករដ្ឋមន្រ្តី និង​ស្ថាប័ន​ពាក់​ព័ន្ធ ៥​ផ្សេង​ទៀត។

ពាក្យ​បណ្តឹង​របស់​​ពលរដ្ឋ ចុះ​ថ្ងៃ ទី​៣១ ខែ​មករា ឆ្នាំ​២០១២ បាន​ដាក់​ទៅ​កាន់​ខុទ្ទកាល័យ​លោក​​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន និង​ស្ថាប័ន​សំខាន់ៗ​ចំនួន ៥​ទៀត គឺ​ព្រឹទ្ធ​សភា រដ្ឋ​សភា ក្រសួង​ទំនាក់​ទំនង​ព្រឹទ្ធ​សភា និង​អធិការកិច្ច​ ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

ពលរដ្ឋ​បាន​ទាមទារ​អោយ​កាយ​ដី​ចេញ​ពី​បឹង​ទួលគោក ឬ​បឹង​ឈូក ដែល​បាន​លុប​ដោយ​​លោក​ឧកញ៉ា ឈួន គឹមសាន ដែល​ឃុប​ឃិត​ជា​មួយ​មន្រ្តី​ខេត្ត បាន​ចាក់​ដី​លុប។

តំណាង​ប្រជាពលរដ្ឋ​បាន​អះអាង​​ប្រហាក់​ប្រហែល​នៅ​ថ្ងៃ​អង្គារ ទី​៧ ខែ​កុម្ភៈ​ ថា បឹង​ឈូក​ជា​អាង​ស្តុក​ទឹក​ដែល​អាច​បញ្ជៀស​មិន​អោយ​ទឹក​ជន់​លិច​​ក្រុង​ច្បារមន។

ពួក​គេ​បន្ត​ថា ពលរដ្ឋ​ចំនួន​ភូមិ​នៅ​ក្នុង​សង្កាត់​រកាធំ ប្រឈម​នឹង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ ​ដែល​កើត​មាន​ដោយសារ​ការ​លុប​បឹង​នេះ៖ «គាត់​ចាក់​អ៊ីចឹង​វា​លុប​ផ្លូវ​ទឹក​សម្រាប់​ហូរ​ចុះ​ពី​ស្ពាន ឥឡូវ​គាត់​លុប​ជាង ៥០​ភាគរយ​ទៅ​ហើយ អ៊ីចឹង​ប្រជាពលរដ្ឋ​ត្រូវ​រង​គ្រោះ​ប្រសិន​ណា​បើ​មាន​ទឹក​ជំនន់។ ​លិច​លើ​ម្តុំ​ភូមិ​បើ​សិន​ជា​ទឹក​ធំ បើ​លុប​អា​ហ្នឹង​លិច​ច្រាល​ទៅ​លើ។ និយាយ​រួម​លិច​ភូមិ​ប្រជាជន​ខាង​ជើង​ផ្សា​កំពង់ស្ពឺ និង​លិច​ស្រែ និយាយ​រួម​ផល​ដំណាំ​មួយ​ចំនួន​ធំ។ សំណូម​​​ពរ​ប្រសិន​បើ​មាន​លទ្ធភាព​​អោយ​រដ្ឋាភិបាល​កាយ​ដី ឈួន គឹមសាន ហ្នឹង​ចេញ​រឹត​តែ​អរ​ទៀត ព្រោះ​អី​លុប​បឹង​ប៉ះ​ពាល់​ដល់​ប្រជាជន​ច្រើន»

នៅ​ក្នុង​ពាក្យ​បណ្តឹង​ដដែល​បាន​បញ្ជាក់​ថា ការ​លុប​បឹង​នេះ​ស្ថិត​ក្នុង​គម្រោង​វិនិយោគ​របស់​លោក​ឧកញ៉ា ឈួន គឹមសាន និង​លោកស្រី លៀង ម៉ាច ភរិយា​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក យឹម សុខុម។ ក្នុង​ការ​កសាង​ចំណត​ឡាន​ថ្មី​ជំនួស​អោយ​ទី​តាំង​ចាស់​ដែល​នៅ​ជាប់​នឹង​ផ្សារ​កំពង់ស្ពឺ។ បើ​តាម​​ប្រជាពលរដ្ឋ ចំណត​ឡាន​ចាស់​ដែល​ជា​ដី​រដ្ឋ នឹង​ត្រូវ​អភិវឌ្ឍ​ជា​សំណង់​ផ្ទះ​ល្វែង។ ចំណែក​ភាគ​ខ្លះ​នៃ​ដី​ដែល​​បាន​ពី​ការ​លុប​បឹង​នឹង​បង្កើត​ជា​ចំណត​ឡាន​ថ្មី​ជំនួស​អោយ​ទី​តាំង​ចាស់​ដែល​នៅ​ជាប់​នឹង​ផ្សារ​កំពង់ស្ពឺ។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ឧកញ៉ា ឈួន គឹមសាន បាន​នៅ​ឡើយ​ទេ។

ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ស្ពឺ លោក យឹម សុខុម មាន​ប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​ចំណត​ឡាន​ថ្មី​នេះ​គឺ​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ៖ «អញ្ជើញ​ទៅ​ជួប​អភិបាល​រង​ខេត្ត​ទៅ​ដឹង​ហើយ ថា វា​ពាក់​ព័ន្ធ​នរណា​ខ្លះ ហើយ​ត្រូវ ឬ​ខុស ឬ​មួយ​ក៏យ៉ាង​ម៉េច។ បើ​តាម​ខ្ញុំ​ដឹង​​វា​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​តាំង​ពី​ប្រមុខ​រដ្ឋាភិបាល​មក​រហូត»

ពាក្យ​បណ្ដឹង​ពលរដ្ឋ​ក៏​បាន​ចោទ​ប្រកាន់​អភិបាល​ខេត្ត​កំពង់ស្ពឺ ថា ព្រងើយ​កន្តើយ​មិន​បាន​ចាត់​វិធាន​ការ​ទប់​ស្កាត់​បញ្ហា​នេះ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់ លោក កង ហ៊ាង អភិបាល​ខេត្ត​កំពង់ស្ពឺ បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​នេះ មាន​ការ​វិភាគ​ពី​ផល​ប៉ះ​ពាល់​ និង​ជំនួយ​បច្ចេកទេស​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម៖ «បញ្ហា​ចាក់​ដី​ហ្នឹង​ជា​រឿង​ធ្វើ​ទៅ​តាម​ច្បាប់​របស់​គេ​ទេ ដី​គេ​មាន​ប័ណ្ណ​កម្មសិទ្ធិ។ ការ​​​ចាក់​ដី​ហ្នឹង​បើ​កាល​ណា​​ប៉ះ​ពាល់​ផ្លូវ​ទឹក គេ​សុំ​យោបល់​ពី​ធន​ធាន​ទឹក។ គេ​អោយ​យោ​បល់​មក​ថា មិន​អី​ទេ​ការ​ចាក់​ប៉ុណ្ណឹងៗ ហើយ​គេ​ប្រាប់​រូបមន្ត​ក្នុង​ការ​ចាក់ ​ចាក់​ហើយ​អ្នក​ឯង​ត្រូវ​ធ្វើ​អា​កន្លែង​ច្រាំង​ចាក់​អី​យ៉ាង​ម៉េច គេ​ប្រាប់​ទាំង​អស់ ដើម្បី​ធានា​និយាមកា​ទឹក​នៅ​រដូវ​ទឹក​ជំនន់។ គោល​បំណង​អ្នក​តវ៉ា​ហ្នឹង​មិន​មែន​ជា​រឿង​ចាក់​ទេ គេ​មិន​ចង់​អោយ​មាន​វិនិយោគ​បេន​ឡាន​ថ្មី ដែល​រដ្ឋាភិបាល​បាន​អោយ​វិនិយោគ​ហើយ»

ពលរដ្ឋ​បាន​ប្តឹង​ពី​ការ​លុប​បឹង​ឈូក ក្នុង​ក្រុង​ច្បារមន​នេះ​​ទៅ​គណៈរដ្ឋមន្រ្តី​ម្តង​រួច​មក​ហើយ កាល​ពី​ចុង​ឆ្នាំ​២០១១ ប៉ុន្តែ​ពុំ​មាន​ដំណោះ​ស្រាយ។ បឹង​ឈូក​ជា​បឹង​ធម្មជាតិ​មាន​ទំហំ​ជាង ៤​ហិកតារ ស្ថិត​នៅ​ខាង​ជើង​ផ្លូវ​ជាតិ​លេខ​៤ ខាង​មុខ​ឆៀង​ខាង​កើត​ផ្សារ​កំពង់ស្ពឺ។ ពលរដ្ឋ​ចាត់​ទុក​ថា នេះ​ជា​គំរូ​អាក្រក់​មួយ​ទៀត​ចំពោះ​ការ​លុប​បឹង​ធម្មជាតិ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។