សមត្ថកិច្ច​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៣​នាក់​​ក្នុង​រឿង​ជម្លោះ​ដី

ពលរដ្ឋ​៣​រូប​ត្រូវ​បាន​សមត្ថកិច្ច​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​១៧ វិច្ឆិកា បន្ទាប់​ពី​មាន​ការ​តតាំង​ជាមួយ​កង​កម្លាំង​ប៉េអឹម ទាហាន និង​នគរបាល​ខែត្រ​និង​ស្រុក អំពី​ការ​បណ្តេញ​ចេញ​ពី​ដី​របស់​ខ្លួន​នៅ​ចំណុច​បន្ទាយ​រវាង ឃុំ​ក្រយា ស្រុក​សន្ទុក។

លោក អំ សំអាត មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា​ថា ក្រៅ​ពី​ប្រជាពលរដ្ឋ​រង​របួស​ចំនួន​៩​នាក់ ដោយ​ការ​ប្រើ​អំពើ​ហិង្សា​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ដី​ចម្ការ​ដែល​ខ្លួន​កាន់​កាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជួន​ដាក់​ពន្ធនាគារ​ខែត្រ​កំពង់ធំ ក្រោម​បទ​ចោទ​ប្រកាន់​ថា បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​តាន់បៀន។

លោក អំ សំអាត បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «សំខាន់​បំផុត​ពួកគាត់​ឥឡូវ​ហ្នឹង​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច ដោយសារ​មាន​ព័ត៌មាន​ពី​ការ​ចាប់​ខ្លួន ហើយ​និង​ដោយសារ​មាន​មនុស្ស​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ អ៊ីចឹង​គឺ​មនុស្ស​មួយ​ចំនួន ដែល​ខាង​យើង​ទទួល​បាន កំពុង​តែ​គេច​ខ្លួន​ដើម្បី​រក​កន្លែង​សុវត្ថិភាព និង​មួយ​ចំនួន​ទៀត​កំពុង​តែ​មាន​ការ​បារម្ភ​អំពី​សុវត្ថិភាព។ ពួកគាត់​ទាំង​អស់​ហ្នឹង​បារម្ភ​បំផុត គឺ​ខ្លាច​នឹង​មាន​ការ​បណ្ដេញ​ចេញ​បន្ត​ទៀត ហើយ​អ្វី​ដែល​ខ្លាច​បំផុត គឺ​អំពើ​ហិង្សា​និង​ការ​ចាប់​ខ្លួន​ហ្នឹង​តែម្ដង»

លោក អំ សំអាត បាន​មាន​ប្រសាសន៍​បន្ត​ថា ដោយ​ការ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ដី​ជម្លោះ និង​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​និង​យោធិន​ពិការ ដោយ​វាយ​ដំ​នឹង​កាំភ្លើង និង​បាញ់​គំរាម​ផង​នោះ គឺ​ប្រជាពលរដ្ឋ​ជាង​១.០០០​គ្រួសារ​បាន​លើក​គ្នា​ត​ទល់​រហូត​ដល់​ដុត​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ដែល​កំពុង​ឈូស​ឆាយ​ដី​របស់​ពួកគេ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​កង​កម្លាំង​សមត្ថកិច្ច​ទាំង​នោះ​កំពុង​ឡោម​ព័ទ្ធ​មិន​ឲ្យ​ចេញ​ទៅ​ណា​ទេ ហើយ​តំណាង​របស់​គេ​កំពុង​តែ​រត់​គេច​ខ្លួន។

លោក អំ សំអាត បាន​លើក​ឡើង​ទៀត​ថា បើ​សិន​ជា​ភាគី​ក្រុមហ៊ុន ក៏​ដូច​ជា​អាជ្ញាធរ​ខែត្រ​មាន​ដំណោះ​ស្រាយ​សម​ស្រប​ណា​មួយ​នោះ គឺ​មិន​មាន​បញ្ហា​កើត​ឡើង​ទេ។

អភិបាល​ខែត្រ​កំពង់ធំ លោក ឈុន ឈាន់ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​រស់​នៅ​លើ​ដី​ដែល​រដ្ឋាភិបាល​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​តាន់បៀន ដាំ​កៅស៊ូ​លើ​ដី​នោះ​ចំនួន​ជាង​៨.០០០​ហិកតារ។

ទោះ​បី​ជា​យ៉ាង​ក៏ដោយ លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា សមាគម​យោធិន​ពិការ និង​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​រស់​នៅ​លើ​ដី​ទំនាស់​នោះ និង​មាន​លិខិត​ទទួល​ស្គាល់​ពី​ទី​ស្តីការ​គណៈរដ្ឋមន្រ្តី​មុន​ក្រុមហ៊ុន​តាន់បៀន ហើយ​ថា ពី​មុន​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ខែត្រ​ផង​ដែរ៕