ក្រុមយោធិនពិការបានថ្លែងឲ្យដឹងនៅថ្ងៃ៧ កុម្ភៈ ដោយចោទប្រកាន់អាជ្ញាធរសុ្រកសន្ទុកថា បានទៅបណ្តេញព្រះសង្ឃឲ្យរុះរើអីវ៉ាន់ចេញពីវត្តនិងជេរប្រមាថព្រះសង្ឃចង់ប្រើអំពើហិង្សាលើព្រះសង្ឃថែមទៀតកាលពីពេលថ្មីៗនេះ ដើម្បីយកដីធ្លីប្រគល់ឲ្យក្រុមហ៊ុនវៀតណាមឈ្មោះតាន់បៀន។
១៩-វិច្ឆិកា-០៩: ពលរដ្ឋដែលមានជម្លោះដីជួបជុំគ្នានៅតំបន់ដីទំនាស់ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ
យោធិនពិការមួយរូបសុំមិនបញ្ចេញឈ្មោះបាននិយាយថា អាជ្ញាធរបានទៅបង្ខំឲ្យព្រះសង្ឃចំនួន៩ព្រះអង្គឲ្យចេញពីវត្ត ព្រមទាំងដឹកព្រះពុទ្ធរូបចេញផងដែរនៅក្នុងការប៉ុនប៉ងកម្ទេចវត្តអារាមនោះចោល ដែលវត្តនោះសាងសង់ឡើងដោយការជួយឧត្ថម្ភពីសប្បុរសជនក្រៅស្រុកនិងក្នុងប្រទេសដើម្បីរក្សាការគោរពបូជាសាសនារបស់យោធិនពិការដែលរស់នៅទីនោះ ៖ «អាណោចអាធ័មណាស់មើលទៅ៩ព្រះអង្គនៅហ្នុង រួចឡើងប្រក់តង់ពីលើហាលក្ដៅ»។
ឮអភិបាលរងខែត្រកំពង់ធំ លោក អ៊ុត សំអន បានបដិសេធថា អាជ្ញាធរមិនបានបណ្តេញព្រះសង្ឃនោះទេ ៖ «ខាងគណៈកម្មការវត្តខ្លួនគាត់ទេ គឺគាត់បានជញ្ជូនព្រះអីយកទៅដាក់លើដី ធ្វើវត្ត...។ ខ្ញុំបានប្រាប់ទៅវិញ បើសិនជាគាត់ជួបការលំបាកការដឹកជញ្ជូនអីឲ្យប្រាប់មកយើងមក យើងជួយដឹក ដូច្នេះអត់មានរឿងហ្នឹងទេ»។
គេនៅមិនទាន់ទទួលបានប្រតិកម្មពីមន្ត្រីសង្ឃជាន់ខ្ពស់នៅប្រទេសកម្ពុជា ជុំវិញការបណ្តេញព្រះសង្ឃនិងការប៉ុនប៉ងកម្ទេចវត្តអារាមចោលពីសំណាក់អាជ្ញាធរនៅតំបន់នោះនៅឡើយទេ។
យ៉ាងនេះក្តីប្រពន្ធយោធិនពិការមួយរូបទៀតបានអះអាងថា យោធិនពិការមួយចំនួនបានវិលទៅរស់នៅលើដីបន្ទាយរងៀងវិញ ដោយសារតែនៅលើដីថ្មីភូមិថ្មសំលៀង ពួកគេប្រឈមនឹងបញ្ហាដាច់ស្បៀង ព្រោះគ្មានដីធ្វើចម្ការ។
ស្រ្តីរូបនេះបានបញ្ជាក់ថា អាជ្ញាធរបានទៅបណ្តេញព្រះសង្ឃចេញហើយគេគ្រោងនឹងឈូសឆាយវត្តចេញនៅពេលខាងមុខ ៖ «ឲ្យជួយជនពិការឲ្យបានដីក្នុងហ្នឹងនៅវិញ គ្នាសុទ្ធតែអ្នកក្រីក្រ កូនម្នាក់ៗ៥-៦-៧ រួចរកស្អីឲ្យកូនហូបមិនបាន។ សូមរដ្ឋាភិបាលជួយ កូនចៅអត់ណាស់»។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់ធំ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត បោសសម្អាតនិងមុខងារសាធារណៈ លោក អ៊ុន នឹង មានប្រសាសន៍ថា លោកមិនបានដឹងអំពីក្រុមហ៊ុនវៀតណាឈ្មោះតាន់បៀន ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅតំបន់នោះទេ។
លោក អ៊ុន នឹង មានប្រសាសន៍ដូច្នេះ ៖ «គិតតែបណ្ដេញៗគ្នាឲ្យទៅនៅឯណា? បើថា នៅស្ងៀមៗបណ្ដេញហ្នឹងមិនសមទេ គេនៅយូរហើយយើងទៅធ្វើអ៊ីចឹងម៉េចនឹងសម ប៉ុន្តែក្រែងអ្នកទៅធ្វើហ្នឹងមានហេតុផលមិនល្អ»។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈដោយបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះយោធិនពិការក្នុងការចែកដីសង្គមកិច្ចជូនពួកគេ។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «ពិការ ពលីនិងមរណៈ បានចូលទៅក្នុងសង្គមជាតិវិញដើម្បីឲ្យពួកគេអាចរស់នៅបានក្នុងជីវភាពជាជនស៊ីវិលប្រកបដោយភាពសុខដុមរមនាជាមួយគ្រួសារនិងសហគមន៍។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលនឹងមានវិធានការជាប្រព័ន្ធគ្រប់ជ្រុងជ្រោយដោយលើកផែនការរៀបចំភូមិឋានសម្រាប់ការតាំងទីលំនៅនិងការប្រកបរបរអាជីវកម្មនៅតាមទីតាំងដែលត្រូវបានផ្ដល់ជាដីសម្បទានសង្គមកិច្ច»។
យោធិនពិការរស់នៅតំបន់បន្ទាយរងៀងអស់រយៈពេលជិត១០ឆ្នាំមក តាមរយៈសមាគមជនពិការនិងអភិវឌ្ឍន៍កសិកម្មជិត១ពាន់គ្រួសារ និងបានប្រកបរបរកសិកម្មលើដីនោះដោយក្នុង១គ្រួសារទំហំក្បាល១០០ម៉ែត្រគុណនឹង៥០០ម៉ែត្រ។
ប៉ុន្តែកាលពីដើមខែវិច្ឆិកា ឆ្នាំ២០០៩ អាជ្ញាធរខែត្របានបណ្តេញពួកគេចេញពីដីនោះដោយអះអាងថា ដីនៅបន្ទាយរងៀងជាដីរបស់រដ្ឋ រដ្ឋាភិបាលបានវិនិយោគចំនួន៩៩ឆ្នាំឲ្យក្រុមហ៊ុនវៀតណាមឈ្មោះតាន់បៀនដាំដើមកៅស៊ូ ហើយបានបង្កើតភូមិថ្មីនៅថ្មសំលៀង ឲ្យក្រុមយោធិនពិការក្បាល២០គុណនឹង៤០ម៉ែត្រជាថ្នូរនឹងដីនៅបន្ទាយរងៀងនោះ៕
ប្រជាសហគមន៍នៅរតនគិរីលើកស្លាកអំពាវនាវឲ្យតុលាការរកយុត្តិធម៌
អ្នកស្រុកជីក្រែងលើកគ្នាមកតុលាការនៅថ្ងៃកាត់ក្ដីតំណាងអ្នកភូមិ៩នាក់
ទំនាស់ដីនៅស្រុកឈូក ខេត្តកំពត មិនទាន់ត្រូវបានដោះស្រាយ
តុលាការខេត្តកំពង់ស្ពឺកោះហៅកសិករ៣នាក់ពីបទព្រហ្មទណ្ឌ
អាជ្ញាធរបណ្ដេញអ្នកភូមិចេញពីជើងភ្នំគូលែន
អាជ្ញាធរហាមមិនឲ្យកសិករ២៤គ្រួសារធ្វើស្រែនៅតំបន់ព្រៃលិចទឹក
តុលាការពន្យារពេលសវនាការកាត់ក្ដីមន្ត្រីពុករលួយ
អ្នកភូមិនៅឃុំប៊ូស្រាធ្វើពិធីបួងសួងឲ្យអារក្សអ្នកតាព្រៃភ្នំជួយក្នុងរឿងដីធ្លី
អ្នកភូមិនៅរតនគិរីអំពាវនាវឲ្យអាជ្ញាធរដោះស្រាយបញ្ហាចំពោះមុខ
ពលរដ្ឋនៅសង្កាត់ជ្រោយចង្វារតវ៉ានៅមុខសាលារាជធានីភ្នំពេញ