ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន បានសន្និដ្ឋានថា អ្នកជំងឺទាំងនោះអាចបណ្ដាលមកពីទទួលទានអាហារខ្វះអនាម័យ និងចម្អិនមិនបានឆ្អិនល្អ។
ប្រជាពលរដ្ឋរស់នៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កំពុងព្រួយបារម្ភពីជំងឺរាតត្បាតឆ្លងរាលដាលក្នុងមូលដ្ឋាន មិនអាចទប់ស្កាត់ និងមិនដឹងពីមូលហេតុច្បាស់លាស់។
ស្រីវ័យចំណាស់ឈ្មោះ យូន វី ពលរដ្ឋរស់នៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើទៅមន្ត្រីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ចុះដល់មូលដ្ឋានរកឲ្យឃើញពីមូលហេតុកើតជំងឺរាករូស និងក្អួតចង្អោរមិនអាចទប់ស្កាត់បាន។
លោកស្រីឲ្យដឹងថា កាលពីរាត្រីថ្ងៃទី១០ ខែមេសា មានអ្នកជំងឺមិនតិចជាង ៥០នាក់ទេ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ៖ «បងប្អូនខ្លះថា ហូបអាហារការបានរាក ប៉ុន្តែបងប្អូនខ្លះអត់ហូបការផងរាកដែរ»។
ក្ដីព្រួយបារម្ភនេះ មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានបានសន្និដ្ឋានថា អ្នកជំងឺរាក និងក្អួតចង្អោរ អាចបណ្តាលមកពីពួកគេទទួលទានអាហារ ខ្វះអនាម័យ និងចម្អិនមិនបានល្អ។
មេឃុំបល្ល័ង្ក លោក ហ៊ី ប៊ុនឋាន បានឲ្យដឹងនៅរសៀលថ្ងៃពុធ ទី១១ ខែមេសា ថា មូលដ្ឋាននេះមានប្រជាពលរដ្ឋជិត ៤០នាក់ បានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក នាខេត្តកំពង់ធំ។ លោកបន្តថា តាមការសន្និដ្ឋានជំហានដំបូងរបស់មន្ត្រីសុខាភិបាលទៅលើអាការៈអ្នកជំងឺទាំងនោះ អាចបណ្តាលមកពីពុលអាហារ ឬក៏ទទួលទានអាហារខ្វះអនាម័យ និងចម្អិនមិនបានល្អ មិនមែនជាជំងឺអាសន្នរោគនោះទេ។
លោកថា កាលពីថ្ងៃទី១០ ខែមេសា មានប្រជាពលរដ្ឋរស់នៅមូលដ្ឋានលោករៀបចំពិធីមង្គលការ ហើយអ្នកជំងឺភាគច្រើនបានចូលរួមទទួលទានម្ហូបអាហារនៅក្នុងពិធីការនោះ៖ «ខាងអាជ្ញាធរ និងខាងមន្ទីរពេទ្យ ហើយនិងមណ្ឌលសុខភាព គាត់បានចុះទៅអប់រំអំពីការធ្វើអនាម័យម្ហូបអាចប៉ះពាល់។ មិនមែនជំងឺអាសន្នរោគទេ តាមការសន្និដ្ឋានអាចមកពីម្ហូប និងចំណីអាហារដែលធ្វើមិនស្អាតនៅក្នុងពិធីមង្គលការហ្នឹង»។
ទោះយ៉ាងណាលោកមេឃុំបានស្នើទៅប្រជាពលរដ្ឋត្រូវរក្សាអនាម័យចំណីអាហារឲ្យបានត្រឹមត្រូវ ព្រោះរដូវនេះជារដូវក្ដៅ ងាយនឹងកើតជំងឺរាករូសដល់កូនចៅ។
ចំណែកលោក ម៉ី ឆែម អធិការប៉ូលិសស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលស្គាល់ថា មូលដ្ឋាននេះពិតជាមានពលរដ្ឋកើតជំងឺរាករូស និងក្អួតចង្អោរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យពិតមែន។ប៉ុន្តែលោកថា មិនមានអ្នកជំងឺណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
លោក ម៉ី ឆែម ឲ្យដឹងបន្ថែម៖ «ព្រោះកន្លែងហ្នឹងវាមិនអនាម័យ មានអាកាសធាតុក្ដៅ ហើយនៅភូមិហ្នឹងសុទ្ធតែថ្មទៀត នៅភូមិហ្នឹងនៅដាច់ស្រយាលពីគេឯង។ ម្ហូបមិនឆ្អិនចុងភៅចេះតែចម្អិនទៅធ្វើចុងភៅខ្លួនឯង»។
មន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យខេត្តកំពង់ធំ បានឲ្យដឹងថា មានអ្នកជំងឺជិត ៤០នាក់ បានបញ្ជូនមកជួយសង្គ្រោះកាលពីរាត្រីថ្ងៃទី១០ ខែមេសា ដោយមានអាការៈក្អួតចង្អោរ និងរាករូសធ្ងន់ធ្ងរ។
គ្រូពេទ្យប្រចាំមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក លោកស្រី ឃិន ស្រៀង បានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺទាំងនោះ មិនមានអ្នកជំងឺណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៖ «ម្សិលមិញហ្នឹងមានរាកហូរហែ និងមកដល់ពេលយប់មានអ្នកជំងឺច្រើនបញ្ជូនមកកាន់មន្ទីរពេទ្យ។ ខ្លះរាកខ្លះរកកល់ចង់ក្អួតរងាក់រងើក របស់ពុល»។
តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ អ្នកជំងឺទាំងនោះអាចបណ្ដាលមកពីពុលចំណីអាហារ ដែលចម្អិនមិនបានល្អ មិនមែនជំងឺជាប្រភេទជំងឺអាសន្នរោគនោះទេ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋស្រុកបារាយណ៍ បានបន្តព្រួយបារម្ភ និងភ័យខ្លាចពីជំងឺរាករូស និងក្អួតចង្អោរបន្តរីករាលដាលក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត ដែលទាមទារឲ្យមន្ត្រីជំនាញសុខាភិបាលមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
