ឥស្សរជន​ខ្មែរ​អាមេរិកាំង​អំពាវនាវ​ឲ្យ​កម្ពុជា​ជំរុញ​ការកាត់ទោស​មេ​ខ្មែរក្រហម​ឲ្យ​បាន​ឆាប់

លោក ស៊ីចាន់ ស៊ីវ ឥស្សរជន​ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ជា​អតីត​ជំនួយការ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ជំនាន់​លោក ចច្ច ប៊ូស្ហ បាន​មាន​ប្រសាសន៍​អំពាវនាវ​ឲ្យ​កម្ពុជា​ជំរុញ​ការកាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ឲ្យ​បាន​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន។

0:00 / 0:00

ប្រសាសន៍​អំពាវនាវ​របស់​លោក​ឯកអគ្គរដ្ឋទូត ស៊ីចាន់ ស៊ីវ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​កិច្ច​ជួប​ប្រជុំ​មួយ​ឯ​ទីស្នាក់ការ​អង្គការ​ក្រៅ​រដ្ឋាភិបាល ឈ្មោះ Heritage Foundation ដែល​មាន​មនុស្ស​ជា​ក្រុម​សិក្សា​ស្រាវជ្រាវ​ប្រមាណ​៥០​នាក់​បាន​ចូលរួម។

កិច្ច​ប្រជុំ​ជាមួយ​នឹង​អ្នក​សិក្សា​ស្រាវជ្រាវ​ឯ​រដ្ឋធានី​វ៉ាស៊ីនតុនឌីស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ គឺ​នៅ​ស្រប​ពេល​ដែល​លោក​បាន​បង្ហាញ​សៀវភៅ​មួយ​ដែល​លោក​បាន​និពន្ធ​ផ្ទាល់​រំឭក​អំពី​ជីវិត​របស់​លោក​ដែល​ព្យាយាម​គេច​ខ្លួន​ចេញ​ពី​របប​ខ្មែរក្រហម​ភៀស​មក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

សៀវភៅ​ដែល​លោក​បាន​និពន្ធ​នោះ​មាន​ឈ្មោះ​ថា ឆ្អឹងមាស Golden Bone ដែល​លោក​ពណ៌នា​ថា គឺ​ជា​ប្រសាសន៍​របស់​អ្នក​ភូមិ អ្នក​ស្រុក ដែល​បាន​ហៅ​ចំពោះ​រូប​លោក បន្ទាប់ពី​លោក​អាច​គេច​រួច​ជីវិត​ពី​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម ហើយ​បាន​មក​ធ្វើការ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថែម​ទៀត។

លោក ស៊ីចាន់ ស៊ីវ បាន​មាន​ប្រសាសន៍​ថា ប៉ុល ពត មេ​ដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​បាន​ស្លាប់​កាលពី​ខែ​មេសា ឆ្នាំ​១៩៩៨​ទៅ​ហើយ ហើយ​ការស្លាប់​នោះ​បាន​ធ្វើ​ឲ្យ​មេ​ខ្មែរក្រហម​រូប​នោះ​បាន​រួច​ពី​ការកាត់ទោស។

លោក​អំពាវនាវ​ឲ្យ​មាន​កិច្ច​ជំរុញ​ការកាត់ទោស​អតីត​មេ​ខ្មែរក្រហម​៥​នាក់​ទៀត​ដែល​កំពុងតែ​ជាប់​ឃុំ​ឃាំង ៖ "គេ​គួរតែ​ជំរុញ​ការកាត់ទោស​ឲ្យ​បាន​ឆាប់​បន្តិច ពីព្រោះ​ថា បើ​ទោះ​ជា​ប្រជាជន​កម្ពុជា​ជា​មនុស្ស​ដែល​ឆាប់​ងាយ​អត់​ឱន​ទោស​ក៏​ដោយ ប៉ុន្តែ​ក៏​មិន​អាច​បំភ្លេច​ចំពោះ​អតីតកាល​ដែល​ខ្មែរ​ក្រហម​បាន​ធ្វើ​ចំពោះ​ពួក​គេ​នោះ​ទេ"។

លោក ស៊ីចាន់ ស៊ីវ បាន​ថ្លែង​ថា លោក​បាន​ជាប់​នៅ​ជាមួយ​នឹង​ខ្មែរក្រហម​ប្រមាណ​មួយ​ឆ្នាំ​ដែរ ហើយ​លោក​បាន​រត់​ភៀស​ខ្លួន​កាលពី​ខែ​កុម្ភៈ ឆ្នាំ​១៩៧៦ ដោយ​បាន​ធ្វើ​ដំណើរ​៣​ថ្ងៃ​ទើប​បាន​ភៀស​ខ្លួន​មក​ដល់​ប្រទេស​ថៃ។ នៅ​ខែ​មិថុនា ឆ្នាំ​ដដែល លោក​ក៏​បាន​មក​ដល់​សហរដ្ឋ​អាមរិក។

ពី​កម្ពុជា​ឯណោះ​វិញ មន្រ្តី​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក រាជ សម្បត្តិ បាន​ថ្លែង​ថា គេ​កំពុង​តែ​ជំរុញ​កិច្ចការ​កាត់ទោស​នោះ​យ៉ាង​ក្រៃលែង។

លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ថា ៖ «ការកាត់ទោស​ដំបូង​ហ្នឹង គឺ​តុលាការ​គ្រោង​ធ្វើ​ទៅ​លើ​លោក កាំង ហ្កិចអ៊ាវ ហៅ ឌុច ដែល​គាត់​ជា​អតីត​ប្រធាន​មន្ទីរ​ឃុំឃាំង ស២១ ឬ​ក៏​ហៅ​ថា គុក​ទួលស្លែង ហើយ​ការធ្វើ​នេះ​គឺ​គ្រោង​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០០៩​ហ្នឹង គឺ​នៅ​ក្នុង​ខែ​មករា»

លោក រាជ សម្បត្តិ បាន​ឲ្យ​ដឹង​ទៀត​ថា ថ្ងៃ​កាត់​ទោស​នៅ​មិន​ទាន់​បាន​កំណត់​ពិត​ប្រាកដ​ទេ ប៉ុន្តែ​លោក​ថា​ក្រុម​មន្រ្តី​ដែល​រៀបចំ​នឹង​ធ្វើ​កិច្ចប្រជុំ​គ្នា​មួយ​នៅ​ពេល​ខាង​មុខ​នេះ​ដើម្បី​សម្រេច​ថ្ងៃ​កាត់ទោស​របស់​ឌុច នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០០៩​នោះ៕