គណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌និងសមធម៌ ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក ជាអ្នករៀបចំពិធីរំឭកខួបនៃទិវាប្រវត្តិសាស្ត្រខ្មែរនេះ ក្រោមប្រធានបទថា ថ្ងៃសេរីភាពរបស់ខ្មែរ។
កម្មវិធីផ្ដើមចាប់ពីម៉ោង ៥រសៀលដល់ម៉ោង ១១យប់ ម៉ោងនៅរដ្ឋ California នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០នេះ នៅឯភោជនីយដ្ឋានអង្គរ ក្នុងទីក្រុង Fresno នៅរដ្ឋ California សហរដ្ឋអាមេរិក។
លោក អ៊ិន សុនថា តំណាងឲ្យគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌និងសមធម៌ ប្រចាំទីក្រុង Fresno មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងតាមទូរស័ព្ទ អំពីចំនួនអ្នកចូលរួម និងអំពីកម្មវិធីរំឭកខួបនោះ ៖ «យើងចំណាយសំបុត្រទាំងអស់ប្រហែលជា ១០០នាក់ ហើយយ៉ាងតិចបំផុតក៏យើងបានជាង ៥០នាក់ឡើងលើដែរ។ កម្មវិធីយើងមាន គោរពទង់ជាតិ ចាក់ភ្លេងសាធារណរដ្ឋ បន្ទាប់ពីហ្នឹងទៅ យើងទាំងអស់គ្នាអ្នកតំណាងទាហាន តំណាងស៊ីវិល យើងអាចឡើង Speech (ថ្លែងសុន្ទរកថា) បានប្រហែលជា ៥នាទីម្នាក់ និយាយអំពីសិទ្ធិសេរីភាពដែលយើងទទួលបានកាលពីឆ្នាំ១៩៧០»។
លោក សួន សេរីរដ្ឋា ប្រធានគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌និងសមធម៌ មានប្រសាសន៍ឲ្យដឹងបន្ថែមអំពីបំណងសំខាន់នៃការរំឭកខួបថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ ៖ «គោលបំណងសំខាន់ទី១ គឺយើងរំឭកគំរូវីរភាពរបស់យុទ្ធជនខ្មែរសាធារណរដ្ឋ ដែលទី១ មាន យុទ្ធជនអ្នកប្រយុទ្ធខាងកងទ័ពកន្សែងស ទី២ មានយុទ្ធជនអ្នកប្រយុទ្ធខាងកងទ័ពណាយហ្វក ហើយទី៣ មានក្រុមខ្មែរអ្នកជាតិនិយមមួយចំនួន ដែលអតីតនៅក្នុងកងទ័ពសម្ដេច សីហនុ ពីមុនមក ដែលបានរួមគ្នាបង្កើតរបបសាធារណរដ្ឋ ហើយបានប្រយុទ្ធតទល់ជាមួយនឹងយួន យៀកកុង ដែលឈ្លានពានទឹកដីខ្មែរយើង។ ទី២ គឺយើងចង់បង្ហាញប្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយហ្នឹង ឲ្យលោកយល់អំពីប្រវត្តិសាស្ត្រ ការពិតជាក់ស្ដែង ដែលអ្នកដឹកនាំនយោបាយ ជាពិសេសក្រុមមេដឹកនាំដែលជាស្ដេចហ្នឹង គឺតែងតែយកការពិតមកបំភ្លៃថា ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ហ្នឹង ជាថ្ងៃរដ្ឋប្រហារ ប៉ុន្តែយើងចង់បង្ហាញការពិតថា ថ្ងៃនោះមិនមែនជាថ្ងៃរដ្ឋប្រហារទេ គឺជាថ្ងៃសេរីភាពរបស់ខ្មែរ ពីព្រោះ ១៨ មីនា ឆ្នាំ១៩៧០ហ្នឹងហើយ បានជាខ្មែរអាចរួបរួមគ្នា រួមជាកម្លាំងប្រយុទ្ធតទល់នឹងយួនឈ្លានពាន»។
លោក សួន សេរីរដ្ឋា បញ្ជាក់ថា លទ្ធផលនៃជំនួបរំឭកព្រឹត្តិការណ៍កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលក្រុមខ្មែរសាធារណរដ្ឋធ្វើនៅទីក្រុង Fresno នោះ នឹងត្រូវយកទៅពិភាក្សានៅពេលក្រោយទៀត ដើម្បីស្វែងរកកិច្ចសាមគ្គីគ្នាជាធ្លុងមួយជួយស្រោចស្រង់សង្គមខ្មែរ ដែលលោកចាត់ថា បច្ចុប្បន្នកំពុងមានសភាពដុនដាបដូចកាលពី ៤០ឆ្នាំមុននោះ៕
