លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងគ្រប់គ្រងទាហានខ្មែរការពារព្រំដែន នៅជុំវិញប្រាសាទព្រះវិហារ បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងទាហានខ្មែរ-ថៃនៅតំបន់ជុំវិញប្រាសាទព្រះវិហារ រហូតមកដល់ពេលនេះគឺមានសភាពធម្មតា ដោយទាហានខ្មែរនិងថៃបានចេញចូលមករកគ្នា និងលេងកីឡាជាមួយគ្នា ហើយពេលខ្លះបានដើរល្បាតរួមគ្នានៅតំបន់កណ្តាលផង ក៏ប៉ុន្តែទាហានខ្មែរនៅតែប្រុងប្រយ័ត្នជានិច្ចក្នុងការការពារព្រំដែន ហើយប្រសិនបើថៃប៉ុនប៉ងប្រើកងទ័ពរំលោភមកលើទឹកដីខ្មែរនៅពេលណាមួយនោះ ទាហានខ្មែរនឹងផ្ទុះអាវុធប្រឆាំងការចូលលុកលុយនោះ។
លោកឧត្តមសេនីយ៍ ស្រី ឌឹក បានអះអាងថា ៖ «អនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីដូចបានលើកច្រើនលើកច្រើនសាហើយថា ការពារ ១មីលីម៉ែត្រគឺមិនឲ្យដែរ ប៉ុន្តែ ១មីលីម៉ែត្រក៏យើងអត់ទៅដែរ។ ការផ្ទុះអាវុធបីលើកគឺដោយសារតែគាត់រពឹសហ្នឹងហើយ។ គាត់មើលស្រាលកម្ពុជា មើលស្រាលខ្មែរយើង ឥឡូវបើចង់ដឹងសាក មកតែម្ដង!»។
ការព្រមានរបស់មេបញ្ជាការយោធាខ្មែរនៅតាមព្រំដែននេះបានធ្វើឡើងបន្ទាប់ពីកាសែតថៃឈ្មោះ The Nation បានចេញផ្សាយអំពីសមាជិកសភានៃគណបក្សប្រឆាំង ភឿថៃ មួយរូប បានចោទប្រកាន់រដ្ឋាភិបាលថៃថា មានគម្រោងប្រើកម្លាំងយោធាប្រឆាំងកម្ពុជា ប្រសិនបើលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានធ្វើសកម្មភាពឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យរបស់ថៃណាមួយនោះ។
កាសែត The Nation ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ ធ្នូ ដោយដកស្រង់សម្ដីលោក ចាធូផន ព្រំផាន (Jatuporn Prompan) ជាសមាជិកសភានៃគណបក្សភឿថៃ ដែលនិយាយថា រដ្ឋមន្ត្រីការបរទេសថៃ លោក កាស៊ីត ភីរុមយ៉ា (Kasit Piromya) បានផ្ញើលិខិតជាសម្ងាត់មួយទៅលោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៦ ខែធ្នូកន្លងមក ដោយទទូចឲ្យប្រើសិទ្ធិកងទ័ពដែលអាចសមមូលនឹងកម្លាំងរបស់កម្ពុជាសម្រាប់ប្រឆាំងនឹងកម្ពុជានៅក្នុងករណីជម្លោះធ្ងន់ធ្ងរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើមន្ត្រីការបរទេសថៃបានធ្វើលិខិតបែបនោះមែន គឺជាការគំរាមកំហែងកម្ពុជា ក៏ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនជាស្រេចហើយ ដោយមិនខ្លាចការគំរាមកំហែងបែបនោះទេ។
លោក ផៃ ស៊ីផាន បានថ្លែងថា ៖ «អានេះជាការព្រមានសម្លុតមកព្រះរាជាណាចក្រកម្ពុជា។ ជំហរដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ លោកបាននិយាយថា លោកបានត្រៀមរួចស្រេចទៅហើយ ទោះជានៅក្នុងសភាពការណ៍យ៉ាងណាក៏ដោយ!»។
សមាជិកសភាថៃមកពីគណបក្សភឿថៃ លោក ចាធូផន ព្រំផាន បានហៅការដែលទទូចឲ្យរដ្ឋាភិបាលថៃរៀបចំកងទ័ពដែលសមមូលនឹងចំនួនកងទ័ពកម្ពុជានោះថា គឺជាការដែលរដ្ឋាភិបាលថៃរៀបចំសង្គ្រាមប្រឆាំងនឹងប្រទេសកម្ពុជា៕
