លោក ហាស់ សាន អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដែលបានទៅយកព័ត៌មានដល់ទីនោះ រាយការណ៍បន្ថែមអំពីបាតុកម្មរបស់ខ្មែរៗទាំងនោះ ដែលធ្វើឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៩ នេះ។
ហាស់ សាន ៖ មានខ្មែរជាង១០០នាក់មកពីទីជិតឆ្ងាយ មានពីសហរដ្ឋអាមេរិក រដ្ឋចចា រដ្ឋមីនីសូតា រដ្ឋកាលីហ្វ័រញ៉ា និងខ្មែរពីប្រទេសបារាំង មកពីខេត្តលីយ៉ុង មកពីក្រុងប៉ារីស នៅស្រុកស្វ៊ីសនេះមកពីទីក្រុងហ្សូរិក និងទីក្រុងហ្សឺណែវផ្ទាល់នេះក៏មានដែរ មានទាំងព្រះសង្ឃចៅអធិការវត្តក្រុងហ្សូរិក ប្រទេសស្វ៊ីសក៏ចូលរួមដែរ ចៅអធិការនិមន្តមកពីវត្តនៅក្រុងហ្សឺវរ៉ង់ ប្រទេសបារាំង និងចៅអធិការវត្តនៅខេត្តលីយ៉ុង ក៏មកចូលរួមដែរ។
ការមកចូលរួមនេះ គឺដើម្បីសម្ដែងមតិ ដែលខ្ញុំបានសាកសួរទាំងអស់ទៅថា សិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរបច្ចុប្បន្ននេះមិនទាន់ស្មើគ្នានៅឡើយទេ ដូច្នេះហើយបានជាមកសម្ដែងមតិ ជួនពេលនឹងមានការជួបប្រជុំគណៈកម្មការUPR ហ្នឹង បានអញ្ជើញរដ្ឋាភិបាលឲ្យមកបំភ្លឺបញ្ហាសិទ្ធិមនុស្សនៅក្នុងសម័យប្រជុំលើកទី៦រយៈពេលពីរថ្ងៃ គឺថ្ងៃអង្គារ ទី១ និងថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូនេះ។
មន្ត្រីអង្គការផ្នែកសិទ្ធិមនុស្សពីប្រទេសបារាំង ក៏បានអញ្ជើញទៅចូលរួមលើកទឹកចិត្តបាតុករទាំងនោះដែរ។
បាតុកម្មរបស់ពលរដ្ឋខ្មែរទាំងនោះ រួមមានទាំងការកាន់បដា និងរួមគ្នាសូត្រកំណាព្យបទស្នេហាជាតិ ធ្វើការតស៊ូមតិក្នុងគ្រាដែលអាកាសធាតុនៅទីនោះមានភាពត្រជាក់រងាខ្លាំង។
សូមស្តាប់សេចក្តីរាយការណ៍ពិស្ដារអំពីបាតុកម្មនេះបន្ថែមទៀត ៖ ស្ដាប់សំឡេង