ខ្មែរ​នៅ​បារាំង​គ្រោង​ធ្វើ​បាតុកម្ម​រំឭក​ពី​ការ​គាំទ្រ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស

សហគមន៍​ខ្មែរ​ជា​ច្រើន​នៅ​ប្រទេស​បារាំង គ្រោង​នឹង​រួម​គ្នា​រៀប​ចំ​បាតុកម្ម​អហិង្សា​រំឭក​គាំទ្រ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​កម្ពុជា។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា សហគមន៍​ខ្មែរ​ទាំង​នោះ​រួម​មាន គណៈកម្មាធិការ​ព្រំដែន​កម្ពុជា សម្ព័ន្ធ​ខ្មែរ​ការពារ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​បុរី​ជន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គណបក្ស សម រង្សី ប្រចាំ​ប្រទេស​បារាំង គណបក្ស​សិទ្ធិ​មនុស្ស ប្រចាំ​ប្រទេស​បារាំង និង​សមាជិក​ជា​ច្រើន​ទៀត​នៃ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង គ្រោង​នឹង​រួម​គ្នា​ធ្វើ​បាតុកម្ម​នោះ នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​តុលា ឆ្នាំ​២០១០ ចាប់​ពី​ម៉ោង ២​រសៀល នៅ​ឯ​ទីលាន​សិទ្ធិ​មនុស្ស ឌ្រូកាដេរ៉ូ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

សហគមន៍​ខ្មែរ​ទាំង​នេះ​ធ្វើ​បាតុកម្ម​ក្នុង​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វៀតណាម ថៃ និង​ប្រទេស​ហត្ថលេខី​ទាំង​អស់ ពិនិត្យ និង​សើរើ​ឡើង​វិញ​ចំពោះ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នេះ ដើម្បី​ឲ្យ​មាន​ការ​គោរព និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ជា​ទី​បំផុត។

បាតុកម្ម​របស់​ខ្មែរ​នៅ​ប្រទេស​បារាំង​នោះ នឹង​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​កម្ពុជា ឈាន​គម្រប់​ខួប ១៩​ឆ្នាំ៕