អ្នករៀបចំកម្មវិធីនិងជាតំណាងសមាគមរ៉ស់ម៉ះ ឈ្មោះ លី មហាំម៉ាត់ មានប្រសាសន៍ថា សិក្ខាសាលានេះមានយុវជនជនជាតិចាមចូលរួមជិត៣០០នាក់ ដែលសិក្សាពីថ្នាក់ទី៥ ដល់ថ្នាក់ទី១២ មកពីបណ្តាភូមិនៅតាមដងទន្លេមេគង្គ។
លោក លី មហាំម៉ាត់ បានឲ្យដឹងថា ៖ «យើងបានរៀបចំការអប់រំរបស់យុវវ័យ ដែលយើងបានសិក្សានៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយយើងធ្វើការអប់រំយុវវ័យរបស់យើង ស្របទៅតាមសង្គមជាតិរបស់យើង»។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាប្រធានអង្គការសម្ព័ន្ធមូស្លឹមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍ជាតិ លោក អះម៉ាត់ យ៉ះយ៉ា មានប្រសាសន៍ថា ការធ្វើសិក្ខាសាលានេះគឺដើម្បីដាស់ស្មារតីយុវជន ក៏ដូចជាឪពុកម្តាយរបស់ពួកគេ ឲ្យយល់អំពីតម្លៃនៃចំណេះដឹងនិងភាពជាអ្នកដឹកនាំផងដែរ។
លោក អះម៉ាត់ យ៉ះយ៉ា បានមានប្រសាសន៍ថា ៖ «ទី១ គឺចំណេះវិជ្ជា ចំណេះដឹងទូទៅខាងសាលាសាធារណៈ ទី២ ឲ្យរៀនចេះដឹងខាងសាសនាផង។ ម៉្លោះហើយទាំងពីរវាទៅជាមួយគ្នា»។
យុវសិស្សមួយរូបឈ្មោះ រ៉ូ ហ្សាក់ រៀនថ្នាក់ទី៩ នៃវិទ្យាល័យក្រូចឆ្មារ មានប្រសាសន៍ថា យុវជននៅតាមជនបទគឺមានការយល់ដឹងតិចជាង យុវជនរស់នៅក្នុងទីក្រុង ហើយយុវជននៅតាមជនបទក៏ទទួលឥទ្ធិពលពីយុវជននៅទីក្រុងផងដែរ ដូចជាការបង្កើតក្រុមបងតូចបងធំ ឬការសេពគ្រឿងញៀន ជាដើម។ រ៉ូហ្សាក់ បន្ថែមថា សិក្ខាសាលានេះបានផ្តល់នូវចំណេះដឹងនិងភាពជឿជាក់លើខ្លួនឯងដែលធ្វើឲ្យរូបគេលែងអស់សង្ឃឹមដូចកាលពីមុន។
យុវសិស្ស រ៉ូ ហ្សាក់ បានឲ្យដឹងថា ៖ «ដោយសារតែពួកនៅជនបទហ្នឹង មើលឃើញគេនៅទីក្រុងហ៊ឺហា ឬមើលតាមភាពយន្តឃើញគេកាប់ចាក់អ៊ីចឹងទៅ គេចង់ធ្វើតាម»។
អ្នកស្រាវជ្រាវឯករាជលើជនជាតិចាម លោក អ៊ីសា អូស្មាន មានប្រសាសន៍ថា ៖ «មានយុវជន មានបញ្ហាច្រើន។ បើយើងប្រៀបធៀបកាលពីមុន ដូចជាបញ្ហាថ្នាំញៀន បញ្ហាអំពើហិង្សាក៏ដោយ គឺកើតឡើងតិច ប៉ុន្តែនៅពេលដែលសង្គមអ្នកដែលទទួលចំណេះដឹងកាន់តែច្រើន ប៉ុន្តែអ្នកដែលប្រព្រឹត្តអំពើខិលខូចនោះក៏មានកាន់តែច្រើននៅក្នុងស្រទាប់យុវជនហ្នឹង»។
លោក អះម៉ាត់ យ៉ះយ៉ា បានឲ្យដឹងទៀតថា យុវជនជនជាតិចាមនាពេលបច្ចុប្បន្នទទួលបានការអប់រំថ្នាក់មធ្យមនិងថ្នាក់ឧត្តមសិក្សានៅមានកម្រិតនៅឡើយ ពីព្រោះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ក្នុងឆ្នាំ២០០៩នេះ គឺមានយុវសិស្សសរុបជា៨ម៉ឺននាក់ ប៉ុន្តែសម្រាប់យុវសិស្សនៃជនជាតិចាមមានតែប្រមាណ២០០នាក់ប៉ុណ្ណោះ។
លោក អ៊ីសា អូស្មាន បានបញ្ជាក់ថា ការដែលយុវសិស្សចាមមានតិចនេះ គឺពួកគេបានឈប់រៀននៅថ្នាក់អនុវិទ្យាល័យ ឬថ្នាក់វិទ្យាល័យ មានចំនួនច្រើន ដោយសារឪពុកម្តាយពួកគេគ្មានលទ្ធភាពឲ្យបន្តការសិក្សានិងសង្គមអូសទាញជាដើម៕
