ខ្មែរ​អ៊ិស្លាម​ស្វាគមន៍​ការឈាន​មក​ដល់​នៃ​ខែ​បួស

ថ្នាក់​ដឹកនាំ​ខ្មែរ​អ៊ិស្លាម​និង​សាសនិក​អ៊ិស្លាម​នៅ​កម្ពុជា​បាន​ស្វាគមន៍​ខែ​បួស​ដែល​ឈាន​មក​ដល់ ដោយ​ពួក​គេ​សង្ឃឹម​ថា នៅ​ក្នុង​ខែ​នេះ​ជា​ខែ​មួយ​ល្អ​ប្រពៃ​ជាង​ខែ​ដទៃ​ទៀត ទោះ​បី​ជា​ពួក​គេ​អត់​ទ្រាំ​តម​ចំណី​អាហារ​ពេល​ថ្ងៃ​ក៏​ដោយ។

0:00 / 0:00

ថ្នាក់​ដឹកនាំ​ខ្មែរ​អ៊ិស្លាម ក៏​ដូច​ជា​ប្រជាពលរដ្ឋ​សាសនិក​អ៊ិស្លាម​នៅ​ប្រទេស​កម្ពុជា បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ចំពោះ​ខែ​បួស ឬ​ហៅ​ជា​ភាសា​អារ៉ាប់​ថា Ramadan (រ៉ម៉ាហ្ទន) ដោយ​ពួក​គេ​ម្នាក់ៗ​ត្រៀម​លក្ខណៈ​គ្រប់​បែប​យ៉ាង​ក្នុង​ការបួស​និង​គោរព​សក្ការៈ​ទៅ​ចំពោះ​ព្រះ​អល់ឡោះ ដែល​ការគោរព​សក្ការៈ​និង​ធ្វើ​អំពើ​ល្អ​ក្នុង​ខែ​នេះ មាន​ផល​បុណ្យ​ច្រើន​ជាង​ខែ​ផ្សេងៗ។

ការអំណត់​បួស​នៅ​ក្នុង​ខែ​នេះ​គឺ​ជា​កាតព្វកិច្ច​របស់​សាសនិក​អ៊ិស្លាម​ទាំងអស់​នៅ​ទូទាំង​សាកលលោក ដែល​ពួក​គេបា​ន​ត្រៀម​លក្ខណៈ​និង​ស្វាគមន៍​នៅ​ក្នុង​ប្រទេស​នីមួយៗ​នៃ​អ្នក​កាន់​សាសនា​អ៊ិស្លាម។

យ៉ាង​ណា​មិញ​ជនជាតិ​ចាម​នៅ​កម្ពុជា​នៅ​តាម​បណ្តា​ភូមិ​របស់​ពួក​គេ​មាន​ភាព​អ៊ូអរ​ជាង​ខែ​ធម្មតា​ក្នុង​នោះ​មាន​អ្នក​ខ្លះ​ធ្វើ​នំ​នែក​និង​អ្នក​ខ្លះ​ទៀត​ទិញ​ចំណី​អាហារ​ពី​ផ្សារ​និង​សម្អាត​ផ្ទះ​សម្បែង​ជាដើម។

ស្រ្តី​វ័យ​ចំណាស់​ជាង​៤០​ឆ្នាំ នៅ​ភូមិ​ប៉ើស២ ស្រុក​ក្រូចឆ្មារ ខែត្រ​កំពង់ចាម ឈ្មោះ អៃសះ កំពុង​ធ្វើ​នំ​នៅ​ក្រោម​ផ្ទះ​ក្បឿង​របស់​គាត់ ដែល​មាន​កូន​ស្រី​ពីរ​នាក់​ទៀត​ជួយ​ផង​នោះ​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ថា អ្នក​ស្រី​សប្បាយ​ចិត្ត​ណាស់​ដែល​ខែ​បួស​នេះ​បាន​មក​ដល់ ហើយ​អ្នក​ស្រី​ធ្វើ​នំ​នេះ​សម្រាប់​ហូប​ខ្លួន​ឯង​ផង​និង​ផ្តល់​ឲ្យ​អ្នក​ក្រី​ក្រ​នៅ​ក្នុង​ភូមិ​ផង។

អ្នកស្រី អៃសះ បាន​បញ្ជាក់​ថា ៖ «គេ​ត្រៀម​អាហារ​ទុក​ហូប​យប់​ឲ្យ​បាន​គ្រប់គ្រាន់ ហូប​ចុក​ឲ្យ​ឆ្អែត​ឆ្អន់​ទៅ ហើយ​គេ​អ្នក​មាន​ផ្ដល់​ឲ្យ​អ្នក​ក្រ​អ៊ីចឹង​ដែរ»

គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​កម្ពុជា លោក​ឧកញ៉ា សុះ កំរី មាន​ប្រសាសន៍​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២០ សីហា គណៈកម្មាធិការ​របស់​លោក​ក៏​ដូច​ថ្នាក់​ដឹកនាំ​គ្រប់​ភូមិ​ខ្មែរ​អ៊ិស្លាម​នឹង​មើល​កូន​លោក​ខែ បើ​ឃើញ​គេ​ចាប់ផើ្តម​បួស​នៅ​ថ្ងៃ​សុក្រ ទី​២១ គឺ​ត្រូវ​នឹង​ថ្ងៃ​១​កើត ខែ​ភទ្របទ ប៉ុន្តែ​បើ​មើល​ខ្នើត​លោក​ខែ​មិន​ឃើញ​ទេ គេ​ចាប់​ផ្តើម​បួស​នៅ​ថ្ងៃ​សៅរ៍ ទី​២២ សីហា ត្រូវ​នឹង​ថ្ងៃ​២​កើត ខែ​ភទ្របទ។

ហាកឹម​មួយ​រូប​ឈ្មោះ សេន ព្រហ៊ីម នៅ​ខែត្រ​កំពង់ចាម មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខែ​បួស​រយៈ​ពេល​មួយ​ខែ ជា​ទម្លាប់​នៅ​ក្នុង​ភូមិ​របស់​លោក នៅ​ពេល​ស្រាយ​បួស​អ្នក​ភូមិ​បាន​យក​ចំណី​អាហារ​ទៅ​ស្រាយ​បួស​ជុំ​គ្នា​នៅ​វិហារ​អ៊ិស្លាម ហើយ​ឆ្នាំ​មុនៗ​ក៏​មាន​អង្គការ​មួយចំនួន​បាន​ផ្តល់​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ខែ​បួស​ផងដែរ។

លោក សេន ព្រហ៊ីម បាន​មាន​ប្រសាសន៍​ថា ៖ «ជិត​ដល់​ខែ​បួស​ត្រូវ​អរ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន ព្រោះ​ក្នុង​ខែ​បួស​នេះ គឺ​វា​តំណាង​ឲ្យ​១២​ខែ»។

យុវសិស្ស​ម្នាក់​នៅ​សង្កាត់​ច្រាំងចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ឈ្មោះ លី រ៉ស់ម៉ះ មាន​ប្រសាសន៍​ថា កញ្ញា​យល់​ថា​ខែ​បួស​នេះ ជា​ខែ​មួយ​ដែល​សាសនិក​អ៊ិស្លាម​ទាំងអស់​មាន​សិទ្ធិ​ស្មើៗ​គ្នា មិន​ថា​អ្នក​មាន​ឬ​អ្នក​ក្រ​នោះ​ទេ ៖ «អ្នក​មាន​គាត់​មាន​លទ្ធភាព​អាច​ហូប​អី​បាន បើ​សិន​ជា​មិន​មែន​ខែ​បួស ប៉ុន្តែ​បើ​សិន​ជា​ខែ​បួស គាត់​អាច​គិត​ថា​អ្នក​ក្រ​ដែល​មិន​មាន​អី​ហូប សូម្បី​តែ​បាយ​មួយ​គ្រាប់​ក៏​គាត់​គ្មាន​លទ្ធភាព​ហូប​បាន​ដែរ អ៊ីចឹង​គាត់​គិត​ថា ការលំបាក​ពិត​ជា​ធ្វើ​ឲ្យ​គាត់​យ៉ាប់យ៉ឺន​ក្នុង​ខ្លួន។ ទោះ​បី​អ្នក​មាន អ្នក​ក្រ ស័ក្ដិ​ធំ​ប៉ុណ្ណា​ក៏​ដោយ ប៉ុន្តែ​មនុស្ស​យើង​មាន​សិទ្ធិ​ស្មើ​គ្នា​ត្រង់​ភាព​បួស ដោយសារ​យើង​អំណត់​អត់​ធន់​ដូច​គ្នា»

និស្សិត​មក​ពី​ខែត្រ​ក្រចេះ​ដែល​ស្នាក់​នៅ​អន្តេវាសិកដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ឈ្មោះ ទួល័ស ហ្វាអ៊ីហ្សះ មាន​ប្រសាសន៍​ថា ជា​ធម្មតា​ចំពោះ​និស្សិត​មក​ពី​បណ្តា​ខែត្រ​មាន​ការលំបាក​ខ្លះៗ​នៅ​ក្នុង​ខែ​បួស​នេះ​ដោយសារ​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ម្តាយ ៖ «ព្រោះ​ថា នៅ​ផ្ទះ​មាន​ម៉ាក់​អី​គាត់​ដាំ​បាយ​ទុក​ឲ្យ ចាំ​តែ​ក្រោក​ទៅ​ញ៉ាំ​តែម្ដង ប៉ុន្តែ​សម្រាប់​ពួក​ខ្ញុំ​ជា​ស្រ្តី​អ៊ីចឹង​មិន​លំបាក​អី​ទេ»

និស្សិត​មួយ​រូប​ទៀត​ឈ្មោះ លី ណាវី មាន​ប្រសាសន៍​ថា ក្នុង​ខែ​បួស​ដែល​នៅ​ទី​រាជធានី​ភ្នំពេញ គឺ​មិន​មាន​ភាព​អ៊ូអរ​ដូច​នៅ​ភូមិ​ខ្មែរ​អ៊ិស្លាម​នៅ​តាម​បណ្តា​ខែត្រ​នោះ​ទេ ពីព្រោះ​ក្នុង​ខែ​បួស​រៀង​រាល់​ឆ្នាំ​ភាព​រាប់​អាន​គ្នា​និង​ការជួយ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​កើត​មាន​ថែម​ទៀត ពីព្រោះ​ម្នាក់ៗ​ចង់​បាន​បុណ្យ​កុសល​រៀងៗ​ខ្លួន ដោយសារ​ការធ្វើ​អំពើ​ល្អ​នៅ​ខែ​បួស​គឺ​មាន​ផល​បុណ្យ​ច្រើន​លើស​លុប​នោះ។

លោក លី ណាវី បាន​ឲ្យ​ដឹង​ថា ៖ «ក្នុង​ខែ​បួស​ខ្ញុំ​អត់​កាត់​បន្ថយ​ការសិក្សា​ផង ព្រោះ​អី​ខែ​បួស​រឹត​តែ​បន្ថែម​ការសិក្សា​ទៀត ព្រោះ​អី​អត់​គិត​ដល់​ម៉ោង​ថា មក​ផ្ទះ​ត្រូវ​ហូប​បាយ​អី​សិន​ចាំ​ទៅ។ បើ​យើង​អត់​បួស យើង​គ្រាន់តែ​សំពះ​យ៉ាំង ហើយ​យើង​បាន​ទៅ​រៀន​វិញ​ភ្លាមៗ»

តើ​ការអំណត់​បួស​មាន​អត្ថន័យ​ដូចម្តេច? មូល​ហេតុ​អ្វី​បាន​ជា​សាសនិក​អ៊ិស្លាម​នៅ​លើ​សាកលលោក​នាំ​គ្នា​បួស?

គ្រូ​បង្រៀន​ផ្នែក​សាសនា​អ៊ិស្លាម លោក មហាំម៉ាត់ អាប់ឌុលហ្គានី បាន​អត្ថាធិប្បាយ​អំពី​ការបួស​នោះ​ថា ការអំណត់​អត់​ទ្រាំ​ឬ​ការតម​ចំណី​អាហារ​អ្វីៗ​ទាំងអស់​នៅ​ពេល​ថ្ងៃ និង​ការហាម​ឃាត់​ខ្លួន​មិន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ដែល​សាសនា​អ៊ិស្លាម​បាន​ហាម​ឃាត់ មាន​ដូច​ជា​ការនិយាយ​ដើម​គេ ការជេរ​ប្រមាថ​អ្នក​ដទៃ ការលេង​ល្បែង​ស៊ីសង ការរួមរ័ក​និង​ប្រពន្ធ​របស់​ខ្លួន​នៅ​ពេល​ថ្ងៃ​និង​ផ្សេងៗ​ទៀត។

លោក មហាំម៉ាត់ អាប់ឌុលហ្គានី បាន​ឲ្យ​ដឹង​ថា ៖ «ជន​ណា​ដែល​បាន​បួស​នៅ​ខែ​រ៉ាម៉ាហ្ទន ប្រកប​ដោយ​មាន​ជំនឿ​និង​ស្វែង​រក​ផល​បុណ្យ​ពី​អាល់ឡោះ ជន​នោះ​ប្រាកដ​ជា​ត្រូវ​បាន​អាល់ឡោះ​អភ័យ​ទោស​នូវ​បាបកម្ម​ដែល​តាម​កន្លង​មក គឺ​ជា​កាតព្វកិច្ច​លើ​អ្នក​មូស្លិម​ទាំងឡាយ​ដែល​ដឹង​ក្ដី មាន​សភាព​រស់នៅ​ជា​អចិន្រ្តៃយ៍ ហើយ​ក្មេង​តូច​មិន​ទាន់​ដឹង​ក្ដី​មិន​ចាំបាច់​បួស​ទេ ប៉ុន្តែ​ត្រូវ​បង្ហាត់​ពួក​គេ​ឲ្យ​រៀន​បួស។ ជំងឺ​ឈឺ​ភ្លាមៗ​ត្រូវ​រង់ចាំ​រហូត​ដល់​ជា គេ​អាច​ស្រាយ​បួស​បាន​បើ​សិន​ជា​ពិបាក ហើយ​បួស​សង​វិញ​ក្រោយ​ពី​ជា»

លោក​បាន​បញ្ជាក់​ប្រាប់​អំពី​មូលហេតុ​នៃ​ការអំណត់​បួស​ដូច្នេះ ៖ «យើង​សំអាង​ទៅ​លើ​ប្រសាសន៍​របស់ រ៉សូលឡោះ ថា ជន​ណា​បាន​ខែ​រ៉ាម៉ាហ្ទន ប្រកប​ដោយ​ជំនឿ​ស្វែងរក​ផល​បុណ្យ​អាល់ឡោះ ជន​នោះ​ប្រាកដ​ជា​ត្រូវ​បាន​អល់ឡោះ​អភ័យទោស​ឲ្យ​និង​បាបកម្ម​ដែល​សាង​កន្លង​មក ហើយ​អល់ឡោះ​ចង់​ឲ្យ​អ្នក​ដែល​មាន​ហ្នឹង​ដឹង​ពី​ភាព​លំបាក​លំបិន​អ្នក​ក្រីក្រ តើ​អ្នក​ដែល​ក្រីក្រ​លំបាក​អត់​ឃ្លាន​យ៉ាង​ណា? កាល​ណា​យើង​បួស​ទៅ​យើង​អាច​ដឹង​ពី​ភាព​លំបាក​ចំពោះ​ជន​ក្រីក្រ»

នៅ​ក្នុង​ខែ​រ៉ម៉ាហ្ទន​នេះ​ឋាន​សួគ៌​ទាំងឡាយ​ត្រូវ​បាន​បើក​ចំហ​និង​ឋាន​នរក​ត្រូវ​បាន​បិទ​ជិត ថែម​ទាំង​ព្រាយ​បិសាច​ត្រូវ​បាន​ឃុំ​ឃាំង​ទាំងអស់។ រីឯ​អំពើ​ល្អ​ដែល​គេ​បាន​សាង​នៅ​ក្នុង​ខែ​នេះ​ត្រូវ​បាន​ព្រះ​អល់ឡោះ​ប្រទាន​ជូន​ទ្វេ​ដង បាប​កម្ម​ទាំងឡាយ​ក៏​ត្រូវ​បាន​លើកលែង​ដែរ។ លើស​ពី​នេះ​ទៀត​រាល់​ទង្វើ​ល្អ​ទាំងឡាយ​ដែល​សាសនិក​អ៊ិស្លាម​បាន​ធ្វើ គេ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ក្រោយ​ពី​គេ​ស្លាប់​និង​នៅ​ថ្ងៃ​បរលោក ចំពោះ​អ្នក​ដែល​បដិសេធ​ក្នុង​ការបួស​គឺ​ជា​ប្រការ​ដែល​ខុស​ឆ្គង​ជា​ទី​បំផុត។

សាសនិក​អ៊ិស្លាម​តាំង​ពី​ជំនាន់​មិត្តភក្តិ​របស់​អ្នក​នាំ​សារ​របស់​អល់ឡោះ និង​អ្នក​ដែល​បន្ទាប់​ពី​មិត្ត​ភក្តិ​របស់​មហាំម៉ាត់​នោះ ពួក​គេ​ទាំង​អស់​គ្នា​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​ខែ​រ៉ម៉ាហ្ទន​នឹង​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ខែ​នេះ​បាន​ចូល​មក​ដល់។

ពួក​គេ​ទាំង​នោះ​បាន​បួងសួង​ចំពោះ​អល់ឡោះ​សុំ​ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​បាន​ជួប​ខែ​ដ៏​ប្រពៃ​នេះ។ លើស​ពី​នេះ​ទៀត​ពួក​គេ​ក៏​បួងសួង​សុំ​ចំពោះ​អល់​ឡោះ​សូម​ឲ្យ​ទ្រង់​ទទួល​យក​នូវ​​អំពើ​ល្អ​របស់​ពួក​គេ​ផងដែរ។

ពួក​គេ​បាន​បួស​រៀងរាល់​ថ្ងៃ​ក្នុង​ខែ​នេះ​និង​ខំ​រក្សា​អំណត់​បួស​ដោយ​ចៀសវាង​ពី​ប្រការ​ដែល​នាំ​ឲ្យ​ខូច​ដល់​បួស ដូច​ជា​ការនិយាយ​ដើម​គេ ការចាក់​រុក​គេ ការភូត​កុហក ការកេង​ប្រវ័ញ្ច​និង​ផ្សេងៗ​ទៀត៕