អ្នក​កាសែត​ខ្មែរ​មួយ​រូប​ទទួល​ពាន​រង្វាន់​អន្តរជាតិ

អ្នក​កាសែត​ខ្មែរ​មួយ​រូប​ឈ្មោះ អាន ស៊ីថាវ អាយុ​២៥​ឆ្នាំ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ទស្សនាវដ្តី​សេដ្ឋកិច្ច​ថ្ងៃនេះ បាន​ទទួល​ពាន​រង្វាន់​អន្តរជាតិ​ឈ្មោះ Developing Asia Journalism Award ឆ្នាំ​២០០៩ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADBI) ដែល​ការ​ប្រកាស​លទ្ធផល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

លោក អាន ស៊ីថាវ បាន​ទទួល​ឈ្នះ​ជា​ជ័យលាភី​លេខ​១ ក្នុង​ចំណោម​អ្នក​កាសែត​ចំនួន​២០០​នាក់ មក​ពី​១៧​ប្រទេស ដែល​បាន​ដាក់​ពាក្យ​និង​អត្ថបទ​ចូល​រួម​ប្រកួត​ដណ្តើម​យក​ពាន​រង្វាន់​អន្តរជាតិ​នោះ។

លោក អាន ស៊ីថាវ មាន​បរិញ្ញាបត្រ​សេដ្ឋកិច្ច និង​បាន​ចូល​ធ្វើការ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ទស្សនាវដ្តី​សេដ្ឋកិច្ច​ថ្ងៃ​នេះ កាល​ពី​ឆ្នាំ​២០០៧។ ទស្សនាវដ្តី​សេដ្ឋកិច្ច​ថ្ងៃ​នេះ ជា​ទស្សនាវដ្តី​ដែល​សរសេរ​អត្ថបទ​ផ្តោត​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច ហើយ​ចេញ​ផ្សាយ​ជា​ពីរ​ភាសា គឺ​ខ្មែរ​និង​អង់គ្លេស និង​ចេញ​ផ្សាយ​ចំនួន​២​ដង​ក្នុង​មួយ​ខែ៕