និស្សិត​ខ្មែរ​បង្ហាញ​ពី​ការ​ប្រែប្រួល​នៃ​ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ

និស្សិត​ខ្មែរ​មួយ​រូប​ដែល​កំពុង​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​អំពី​ការ​ប្រែប្រួល​នៃ​ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ កាល​ពី​ចន្លោះ​សម័យ​អាណានិគម​បារាំង មក​ដល់​សម័យ​សង្គម​រាស្ត្រ​និយម មុន​ឆ្នាំ​១៩៧០។

កញ្ញា កែវ ស៊ីទី និស្សិត​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ Berkeley នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក សិក្សា​ផ្នែក​ប្រវត្តិ​សាស្ត្រ​អាស៊ី​អាគ្នេយ៍ អះអាង​ថា ចរន្ត​អក្សរ​សាស្ត្រ​ខ្មែរ​កាល​ពី​សម័យ​អាណានិគម​បារាំង ដែល​មាន​រយៈពេល​ជិត ១​សតវត្ស មុន​ឆ្នាំ​១៩៥៣ គឺ​ក្នុង​ការ​សរសេរ​ជា​ផ្លូវការ​ភាគ​ច្រើន​គេ​ប្រើ​ភាសា​បារាំង។ លុះ​ដល់​សម័យ​សង្គម​រាស្ត្រ​និយម អក្សរ​ខ្មែរ​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ​វិញ។

កញ្ញា កែវ ស៊ីទី បាន​លើក​យក​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​នាង​ទៅ​បង្ហាញ​នៅ​វិទ្យាស្ថាន​រៃ​យំ នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១០ ក្នុង​បំណង​ចែក​រំលែក​ចំណេះ​ដឹង​ដល់​សិស្ស និង​និស្សិត​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជូន​ជ្រាប​ជា​ព័ត៌មាន៕