កម្ពុជា​លាវ​នឹង​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ផ្ដោត​លើ​កិច្ច​សហការ​មួយ​ចំនួន

កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​កម្ពុជា​ជាមួយ​លាវ​លើក​ទី​១១ ចំនួន​២​ថ្ងៃ ទាក់ទង​ជាមួយ​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ពីរ​និង​រួម​មាន​បញ្ហា​ព្រំដែន​ផង នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​លាវ នៅ​ថ្ងៃ​ទី​៥​និង​៦​មករា​ខាង​មុខ។

លោក កុយ គួង អនុ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក ហោ ណាំហុង ឧប​នាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​មួយ​ក្រុម​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​ប្រទេស​លាវ​នេះ។

លោក កុយ គួង មាន​ប្រសាសន៍​ដូច្នេះ ៖ «កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​លើក​ទី​១១​នៅ​ទីក្រុង​វៀងច័ន្ទ ជា​កិច្ចប្រជុំ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​កម្ពុជា-​លាវ ហើយ​ផ្ដោត​ទៅ​លើ​វិស័យ​ទូទៅ។ សរុប​ទាំង​អស់​គឺ​រឿង​បញ្ហា​ព្រំដែន​ជា​បញ្ហា​មួយ​នៅ​ក្នុង​បញ្ហា​ទូទៅ​ហ្នឹង​ឯង គឺ​យើង​គ្រាន់តែ​ពង្រឹង​និង​ពង្រីក​ឲ្យ​កិច្ច​សហការ​ហ្នឹង​ឲ្យ​កាន់តែ​ទូលំ​ទូលាយ ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែម​ទៀត ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​មាន​បញ្ហា​កន្លង​មក និង​កំណត់​ទិសដៅ​ទៅ​ឆ្នាំ​ខាង​មុខ​នេះ​ទៀត»

មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​រវាង​កម្ពុជា​ជាមួយ​លាវ ភាគ​ច្រើន​ផ្តោត​ទៅ​លើ​ពាណិជ្ជកម្ម​ឆ្លង​ដែន ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀន​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​កិច្ច​សហការ​លើ​វិស័យ​វប្បធម៌​ជាដើម។

ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​លាវ មាន​ព្រំដែន​រួម​គ្នា​ប្រវែង​៥៤០​គីឡូម៉ែត្រ។

សន្និបាត​បូក​សរុប​ការងារ​ព្រំដែន​របស់​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​ព្រំដែន កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០០៩​កន្លង​មក បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០០០ មក​ដល់​ឆ្នាំ​២០០៥ កម្ពុជា​ជាមួយ​លាវ បាន​ត្រួត​ពិនិត្យ​ខ្សែ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បាន​៤៦៥​គីឡូម៉ែត្រ និង​សាង​សង់​បង្គោល​បាន​ចំនួន​ ១២១​បង្គោល​ក្នុង​ចំណោម​បង្គោល​ដែល​ត្រូវ​សាងសង់​ទាំង​អស់​ចំនួន​១៤៥​បង្គោល៕